សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញប្តូរព័ត៌មានថ្ងៃខែឆ្នាំកំណើត ក្នុងបញ្ជីបោះឆ្នោត ដោយប្តូរពីថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៥១ ទៅថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២វិញ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញប្តូរព័ត៌មានថ្ងៃខែឆ្នាំកំណើតក្នុងបញ្ជីឈ្មោះបោះឆ្នោត ដោយប្តូរពីថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៥១ ទៅថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២វិញ ។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន បានយកថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៥១ ប្រើប្រាស់ជាថ្ងៃខែឆ្នាំកំណើតក្នុងឯកសារផ្សេងៗចាប់ តាំងពីក្រោយថ្ងៃរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ថ្ងៃទី៤ ខែមេសា ជាថ្ងៃដែលសម្តេចចូលព្រៃតស៊ូវាយផ្តួលរបប សាធារណរដ្ឋខ្មែរ តាមការអំពាវនាវរបស់សម្តេច នរោត្តម សីហនុ។ រីឯឆ្នាំកំណើត ឆ្នាំ១៩៥១ គឺជាឆ្នាំដែលអ្នកវាយអង្គុលីលេខ វាយ ខុស។

ទើបតែឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានស្នើទៅ តុលាការ ដើម្បីផ្លាស់ប្តូរថ្ងៃខែឆ្នាំកំណត់ មកថ្ងៃខែឆ្នាំកំណើតពិតវិញ គឺថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២។ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ លោក តាំង ស៊ុនឡាយ ប្រធានសាលាដំបូង និងជាចៅក្រមសាលា ដំបូងរាជធានី សម្រេចឱ្យប្រើប្រាស់ថ្ងៃខែឆ្នាំកំណើតពិត និងបង្គាប់ ឱ្យមន្ត្រីអត្រានុកូលដ្ឋានមានសមត្ថកិច្ច ព្រមទាំងអាជ្ញាធរ និងស្ថាប័ន មានសមត្ថកិច្ចពាក់ព័ន្ធកែតម្រូវគល់បញ្ជីសំបុត្របញ្ជាក់កំណើតលេខ២៤១ ចុះថ្ងៃទី០៣ ខែសីហា ឆ្នាំ២០០៦ ក្នុងសៀវភៅបញ្ជាក់ កំណើតលេខ០៣/២០០៦ ចេញដោយមន្ត្រីអត្រានុកូលដ្ឋាន សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រមទាំងឯកសារ បញ្ជាក់អត្តសញ្ញាណពាក់ព័ន្ធផ្សេងទៀតរបស់សម្តេចតេជោ ហ៊ុន សែន។

សូមរំលឹកថា សម្តេចតេជោ ហ៊ុន សែន បានប្រសូតនៅម៉ោង ១២យប់ ថ្ងៃអង្គារ ១៥កើត ខែស្រាពណ៍ ឆ្នាំរោង ចត្វាស័ក ព.ស ២៤៩៦ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៥២។

ការប្តូរព័ត៌មានផ្សេងៗនៅលើបញ្ជីឈ្មោះបោះឆ្នោតឱ្យត្រូវទៅតាមអត្តសញ្ញាណបណ្ណ គឺមានសារៈសំខាន់ណាស់ ដើម្បីទទួលបាន សិទ្ធិបោះឆ្នោត។ ការប្តូរព័ត៌មាននេះ អាចធ្វើទៅបាននៅពេលដែល គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះបញ្ជីឈ្មោះបោះឆ្នោត ដែលធ្វើឡើងជារៀងរាល់ឆ្នាំ។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចាប់ផ្ដើមដំណើរការពិនិត្យ និងចុះឈ្មោះបោះឆ្នោតថ្មី រយៈពេល៥០ថ្ងៃ ចាប់ពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២។ មានគណបក្សនយោបាយ៣ បានដាក់ភ្នាក់ងារតាមដានព្រឹត្តិការណ៍នេះជាង៤ពាន់នាក់។ គិតត្រឹមឆ្នាំ២០២២ ប្រជាពលរដ្ឋខ្មែរមានឈ្មោះ ក្នុងបញ្ជីឈ្មោះបោះឆ្នោតមានចំនួន ៩,២០៥,៦៨១នាក់។

សម្ដេចតេជោ ហ៊ុន សែន បានអំពានាវឱ្យបណ្ដាគណបក្សនយោបាយដែលមានបំណងចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧នៃរដ្ឋសភា ចូលរួមអំពាវនាវឱ្យអ្នកគាំទ្ររបស់ខ្លួនទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដើម្បីមានសិទ្ធិបោះឆ្នោតតាមផ្លូវច្បាប់៕ ដោយ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner