តើការប្រកាសច្បាប់អាជ្ញាសឹកនៅតំបន់ដែលរុស្ស៊ីទើបលេបយកពីអ៊ុយក្រែនសំខាន់យ៉ាងដូចម្ដេចសម្រាប់រុស្ស៊ី?
រុស្ស៊ី៖កាលពីថ្ងៃពុធទី ១៩ ខែតុលានេះប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រឹត្យមួយដោយប្រកាសពីច្បាប់អាជ្ញាសឹកនៅក្នុងតំបន់ចំនួនបួនរបស់អ៊ុយក្រែនដែលរុស្ស៊ីកាត់យកដោយបំពានច្បាប់អន្តរជាតិកាលពីចុងខែមុន។
លោក ពូទីន មិនបានបញ្ជាក់ភ្លាមៗទេ អំពីជំហានដែលនឹងត្រូវធ្វើឡើងក្រោមច្បាប់អាជ្ញាសឹកនេះ ប៉ុន្តែបានអះអាងថា វិធានការនេះមានគោលបំណងបង្កើនស្ថិរភាពសេដ្ឋកិច្ច ឧស្សាហកម្ម និងផលិតកម្ម ដើម្បីគាំទ្រដល់ «ប្រតិបត្តិការយោធាពិសេស» របស់រុស្ស៊ីនៅអ៊ុយក្រែន។
មេដឹកនាំរុស្ស៊ីដដែលបានថ្លែងនៅលើកញ្ចក់ទូរទស្សន៍ ទៅកាន់សមាជិកនៃក្រុមប្រឹក្សាសន្តិសុខរបស់លោកយ៉ាងដូច្នេះថា៖ «យើងកំពុងធ្វើការដោះស្រាយកិច្ចការដ៏ស្មុគស្មាញ និងទ្រង់ទ្រាយធំ ដើម្បីធានាបាននូវអនាគតដ៏គួរឱ្យទុកចិត្តសម្រាប់ប្រទេសរុស្ស៊ី ដែលជាអនាគតរបស់ប្រជាជនរបស់យើង»។ លោក ពូទីន បានបន្តថា៖ «កងកម្លាំងដែលនៅជួរមុខ ឬកំពុងទទួលការហ្វឹកហ្វឺននៅមជ្ឈមណ្ឌលហ្វឹកហ្វឺនទ័ព គួរតែមានអារម្មណ៍ថា ពួកគេមានការគាំទ្រពីយើង ហើយដឹងថា ពួកគេមានប្រទេសដ៏ធំអស្ចារ្យ និងប្រជាជនដែលរួបរួមរបស់យើង ឈរនៅចាំគាំទ្រនៅពីក្រោយខ្នង»។
បើទោះបីជាយ៉ាងនេះក្ដី អ៊ុយក្រែនបានច្រានចោលជំហានបែបនេះរបស់រុស្ស៊ី ដោយអះអាងថា ប្រតិបត្តិការវាយបក ប្រឆាំងនឹងកងទ័ពឈ្លានពានរបស់រុស្ស៊ីនៅតំបន់ទាំងបួន រួមទាំង ឃឺរសុន ហ្សាប៉ូរីចា ដុនណិតស្ក៍ និងលូហានស្ក៍ នឹងនៅតែបន្ត។
ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន លោក មីកខែល ប៉ូដូឡាក់ (Mykhailo Podolyak) បានសរសេរជំទាស់នៅបណ្ដាញសង្គមធ្វីតធ័រយ៉ាងដូច្នេះថា៖ «ការអនុវត្តច្បាប់អាជ្ញាសឹកនៅលើទឹកដីអ៊ុយក្រែនដែលរុស្ស៊ីកាន់កាប់ គ្រាន់តែជាការក្លែងបន្លំដើម្បីឱ្យមើលទៅដូចស្របច្បាប់ ក្នុងគោលបំណងលួចទ្រព្យសម្បត្តិរបស់អ៊ុយក្រែនប៉ុណ្ណោះ។ វាមិនផ្លាស់ប្តូរអ្វីទាំងអស់សម្រាប់អ៊ុយក្រែន ហើយយើងនឹងបន្តការរំដោះទឹកដីរបស់យើង ពីការកាន់កាប់របស់រុស្ស៊ីមកវិញ»។
យ៉ាងណាមិញ ការប្រកាសច្បាប់អាជ្ញាសឹករបស់លោក ពូទីន នៅពេលនេះ គឺជារឿងគួរឱ្យកត់សម្គាល់មួយ ដែលមិនធ្លាប់មានសម្រាប់ក្រុងម៉ូស្គូ រាប់ចាប់តាំងពីសង្រ្គាមលោកលើកទី២។ ជុំវិញបញ្ហានេះ ក្រុមអ្នកវិភាគ បានមើលឃើញពីសារៈសំខាន់ផ្សេងៗគ្នាសម្រាប់ក្រុងម៉ូស្គូ ក៏ដូចជាយោធារបស់រុស្ស៊ី ដែលរងការវាយប្រហារយ៉ាងដំណំពីកងកម្លាំងអ៊ុយក្រែនក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។
ក្រោមច្បាប់អាជ្ញាសឹករបស់ពូទីន ដែលចូលជាធរមាននៅថ្ងៃព្រហស្បតិ៍នេះ រុស្ស៊ីអាចបង្កើតកងកម្លាំងការពារស៊ីវិល ការដាក់បម្រាមគោចរ ការរឹតត្បិតលើការធ្វើដំណើរ និងការជួបជុំជាសាធារណៈ ការត្រួតពិនិត្យឱ្យកាន់តែតឹងរ៉ឹង និងផ្ដល់អំណាចលើការអនុវត្តច្បាប់ឱ្យកាន់តែទូលំទូលាយនៅក្នុងតំបន់ ដែលរុស្ស៊ីកាត់យកទាំង៤។ វាក៏រួមបញ្ជូលផងដែរនូវការដាក់បញ្ជាឱ្យជម្លៀសប្រជាជនចេញ តាមដានទំនាក់ទំនងប្រជាជន និងបញ្ជាឱ្យពួកគេកសាងទីក្រុងដែលបំផ្លិចបំផ្លាញដោយសង្រ្គាមឡើងវិញ។
អ្នកយកព័ត៌មានរបស់បណ្ដាញព័ត៌មាន Al Jazeera លោក Mohammed Vall ដែលរាយការណ៍ពីទីក្រុងម៉ូស្គូបានបកស្រាយថា៖ «[ក្រោមច្បាប់អាជ្ញាសឹក] ការប្រមូលផ្តុំ និងសកម្មភាពគណបក្សនយោបាយ នឹងត្រូវបានហាមឃាត់ ហើយរោងចក្រស៊ីវិល ឬពាក់កណ្តាលស៊ីវិល នឹងស្នើសុំឱ្យផ្លាស់ប្ដូរផលិតកម្មរបស់ខ្លួនដើម្បីជួយដល់យោធា»។
បន្ថែមពីលើនេះ អ្នកវិភាគនយោបាយរុស្ស៊ី លោកស្រី Tatiana Stanovaya បានថ្លែងប្រាប់កាសែតញូវយ៉កថែមស៍ថា៖ «លោក ពូទីន ត្រូវតែរៀបចំប្រទេសសម្រាប់ពេលវេលាដ៏លំបាកជាច្រើន ហើយលោកត្រូវការប្រមូលធនធាន»។ លោកស្រីគូសបញ្ជាក់ថា នៅក្នុងបណ្ដាតំបន់អ៊ុយក្រែន ដែលរុស្ស៊ីកាន់កាប់ បទបញ្ជាច្បាប់អាជ្ញាសឹកនឹងអនុញ្ញាតឱ្យអាជ្ញាធរដាក់បម្រាមគោចរ រឹបអូសទ្រព្យសម្បត្តិ បង្ខំឱ្យប្រជាជនជម្លៀស ដាក់គុកជនអន្តោប្រវេសន៍ដែលគ្មានឯកសារ បង្កើតប៉ុស្តិ៍ត្រួតពិនិត្យ និងឃុំខ្លួនមនុស្សរហូតដល់ ៣០ ថ្ងៃ»។
ប៉ុន្តែច្បាប់អាជ្ញាសឹកនេះ ខុសគ្នាសម្រាប់នៅក្នុងរដ្ឋសហព័ន្ធរបស់រុស្ស៊ី ជាពិសេសតំបន់ដែលនៅជិត ឬជាប់ព្រំដែនអ៊ុយក្រែន ដូចជាតំបន់ Krasnodar, Belgorod, Bryansk, Voronezh, Kursk និង Rostov ក៏ដូចជាតំបន់គ្រីមា ដែលរុស្ស៊ីកាត់យកក្នុងឆ្នាំ ២០១៤។ នៅតំបន់ទាំងនេះ «ការឆ្លើយតបកម្រិតមធ្យម» នឹងត្រូវដាក់ចេញដែលក្នុងនោះរួមបញ្ជូលទាំងវិធានការផ្សេងៗដែលអនុញ្ញាតឱ្យមានការផ្អាកសកម្មភាពរបស់គណបក្សនយោបាយ អង្គការសាធារណៈ និងក្រុមសាសនា ក៏ដូចជាសកម្មភាពណាមួយ ដែលរដ្ឋាភិបាលចាត់ទុកថាធ្វើឱ្យខូចដល់ការការពារ និងសន្តិសុខរបស់សហព័ន្ធរុស្ស៊ី រួមទាំងការរៀបចំការរឹតបន្តឹងលើការចូល-ចេញ តំបន់របស់ខ្លួន។
អតីតអ្នកនិពន្ធសុន្ទរកថាសម្រាប់វិមានក្រឹមឡាំង ដែលសព្វថ្ងៃរស់នៅក្នុងប្រទេសអ៊ីស្រាអែល លោក Abbas Gallyamov បានអះអាងប្រាប់កាសែតញូវយ៉កថែមស៍ថា៖ «ជាទូទៅ អ្វីៗទាំងអស់នេះ មើលទៅមិនដូចការប្រយុទ្ធជាមួយសត្រូវខាងក្រៅប៉ុន្មាននោះទេ ប៉ុន្តែគឺដូចជាការប៉ុនប៉ងដើម្បីទប់ស្កាត់បដិវត្តន៍ក្នុងប្រទេសច្រើនជាង»។
សូមបញ្ជាក់ថា នៅពេលប្រកាសច្បាប់អាជ្ញាសឹក លើតំបន់អ៊ុយក្រែនទាំង៤ ដែលមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ីពេញលេញនោះ លោក ពូទីន បានថ្លែងថា៖ «ក្នុងស្ថានភាពបច្ចុប្បន្ននេះ ខ្ញុំចាត់ទុកថា វាចាំបាច់ត្រូវផ្តល់អំណាចបន្ថែមដល់មេដឹកនាំនៃតំបន់ទាំងអស់របស់រុស្ស៊ី»។
ទោះបីជាយ៉ាងនេះក្ដី លោក ពូទីន មិនបានផ្តល់ព័ត៌មានលម្អិតអំពីអំណាចបន្ថែមណាមួយ ដែលអភិបាលនៅតាមតំបន់របស់រុស្ស៊ីអាចអនុវត្តបានក្រោមក្រឹត្យថ្មីនោះទេ។ បន្ថែមពីលើសនេះ លោកក៏បានប្រកាសផងដែរ អំពីការបង្កើតគណៈកម្មាធិការសម្របសម្រួលមួយ ដើម្បីបង្កើនទំនាក់ទំនងរវាងភ្នាក់ងាររដ្ឋាភិបាលទូទាំងប្រទេស ក្នុងការដោះស្រាយលើបញ្ហាផ្សេងៗទាក់ទងនឹង «ប្រតិបត្តិការយោធាពិសេស» នៅអ៊ុយក្រែន។
ជុំវិញបញ្ហានេះ អ្នកវិភាគខ្លះបានបញ្ចេញការមើលឃើញរបស់ខ្លួន ដោយសង្កត់ធ្ងន់បែបប្រាកដប្រជាថា ប្រព័ន្ធសន្តិសុខ ដែលលោក ពូទីន ដាក់ចេញតាមច្បាប់អាជ្ញាសឹកនៅអ៊ុយក្រែន ក៏អាចដាក់ចេញនៅទូទាំងប្រទេសផងដែរ ដើម្បីគ្រប់គ្រងការប៉ះបោរប្រឆាំងរដ្ឋាភិបាល និងជំរុញកិច្ចប្រឹងប្រែងកេណ្ឌទ័ពយកទៅច្បាំងនៅអ៊ុយក្រែន ពោលគឺដើម្បីធ្វើឱ្យអ្វីៗស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន។
ប៉ុន្តែអ្នកវិភាគមួយចំនួន បានគូសបញ្ជាក់បន្ថែមថា បញ្ជាចុងក្រោយរបស់លោក ពូទីន មានគោលបំណងការពារទឹកដីដែលរុស្ស៊ីកាត់យក តិចជាងការត្រួសត្រាយផ្លូវសម្រាប់សមរភូមិប្រយុទ្ធ ដែលកាន់តែពិបាកទៅសម្រាប់យោធារុស្ស៊ី ក្នុងនោះរួមទាំងការផ្គត់ផ្គង់ធនធានផ្សេងៗ។
អ្នកស្រាវជ្រាវគោលនយោបាយជាន់ខ្ពស់នៅក្រុមហ៊ុន RAND Corporation លោកស្រី Dara Massicot បានអះអាងថា៖ «ខ្ញុំសង្ស័យថា វិធានការសេដ្ឋកិច្ចពិសេសបន្ថែមទៀត នឹងក្លាយជារឿងបន្ទាប់ដែលនឹងត្រូវប្រកាស ព្រោះរដ្ឋរុស្ស៊ី ត្រូវការធនធានបន្ថែមទៀតដើម្បីជួយដល់យោធា»។
សម្រាប់តំបន់រុស្ស៊ីដែលនៅជិត ឬជាប់ព្រំដែនអ៊ុយក្រែន បើទោះបីជាការរឹតបន្តឹងច្បាប់អាជ្ញាសឹកមិនខ្លាំងដូចនៅក្នុងតំបន់ទាំង៤នៃប្រទេសអ៊ុយក្រែនក្ដី ប៉ុន្តែផលិតកម្ម ឬឧស្សាហកម្មនៃតំបន់ទាំងនោះ នឹងត្រូវកំណត់ ឬតម្រង់ទិសដើម្បីយកទៅផ្គត់ផ្គង់យោធា។ ប៉ុន្តែនាយកកម្មវិធីអឺរ៉ុបនៅមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ លោក Max Bergmann ថ្លែងប្រាប់កាសែតវ៉ាស៊ីនតោនប៉ុស្តិ៍ថា យុទ្ធសាស្រ្តបែបនេះ ត្រូវធ្វើឡើងដោយសារតែ លោក ពូទីន មិនអាចប្រកាសច្បាប់អាជ្ញាសឹកនៅក្នុងប្រទេសស្រុក ដូចជានៅអ៊ុយក្រែនបានទេ ព្រោះវានឹងធ្វើឱ្យប្រជាជនរុស្ស៊ី មានភាពចលាចល។ ដូច្នេះ អ្វីដែលត្រូវធ្វើនោះគឺ ការបញ្ចេញយុទ្ធសាស្រ្តអាជ្ញាសឹកបន្តិចម្ដងៗក្នុងប្រទេស។
គួររំឭកផងដែរថា ការប្រកាសច្បាប់អាជ្ញាសឹង ដោយរឹតត្បឹតការធ្វើដំណើររបស់ប្រជាជនទូទាំងប្រទេស រួមទាំងការបិទព្រំដែន គឺជាលទ្ធភាពមួយ ដែលបង្កឱ្យមានការព្រួយបារម្ភសម្រាប់ប្រជាជនរុស្ស៊ី ចាប់តាំងពីលោក ពូទីន បញ្ជាទ័ពឱ្យចូលឈ្លានពានអ៊ុយក្រែន។ ទោះបីជាយ៉ាងនេះក្ដី អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌ្មីទ្រី ប៉េស្កូវ បានអះអាងប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋថា បទបញ្ជារបស់លោក ពូទីន កាលពីថ្ងៃពុធ មិនរាប់បញ្ចូលទាំងការបិទព្រំដែនរបស់រុស្ស៊ីនោះទេ។
យ៉ាងណាមិញ អ្វីដែលជាការគួរឱ្យកត់សម្គាល់នោះគឺថា ការប្រកាសច្បាប់អាជ្ញាសឹកនៅអ៊ុយក្រែន ធ្វើឡើងបន្ទាប់ពី បណ្ដាមេដឹកនាំនៅតំបន់ឃឺរសុន ដែលរុស្ស៊ីលើកបន្តុប បានចាប់ផ្តើមបង្កើនការជម្លៀសប្រជាជនរហូតដល់ ៦០ ០០០ នាក់ ដោយរំពឹងថានឹងបញ្ចប់ឱ្យបានក្នុងរយៈពេលប្រាំមួយថ្ងៃ ទន្ទឹមគ្នានឹងការអះអាងពីភាពមានប្រៀបជាង របស់កងកម្លាំងអ៊ុយក្រែន។
មេបញ្ជាការកងទ័ពរុស្ស៊ី ដែលរ៉ាប់រងគ្រប់ប្រតិបត្តិការយោធានៅអ៊ុយក្រែន លោក Sergei Surovikin បានទទួលស្គាល់នៅថ្ងៃពុធថា ស្ថានភាពប្រយុទ្ធគ្នានៅទីក្រុងឃឺរសុន គឺពិបាកខ្លាំងសម្រាប់កងទ័ពរុស្ស៊ី ដែលទាមទារឱ្យមានការជម្លៀសប្រជាជនចេញ។ ចំណែកមន្រ្តីក្នុងតំបន់ ដែលរុស្ស៊ីលើកបន្តុបមួយរូបទៀត គឺលោក Kirill Stremousov បានព្រមានថា ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ អ៊ុយក្រែននឹងបើកការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងឃឺរសុន ដែលទាមទារឱ្យមានការជម្លៀសប្រជាជនចេញឱ្យបានឆាប់តាមតែអាចធ្វើទៅបាន។
ប៉ុន្តែអ៊ុយក្រែន ដែលអំពាវនាវកុំឱ្យពលរដ្ឋធ្វើតាមកងទ័ពរុស្ស៊ី បានអះអាងថា ក្រោមការដឹកនាំនៃការជម្លៀសជនស៊ីវិលពីគ្រោះថ្នាក់ រដ្ឋាភិបាលរុស្ស៊ីបានបន្តអនុវត្តការនិរទេសខ្លួនដោយបង្ខំទៅលើមនុស្សចាស់ និងក្មេងអ៊ុយក្រែន ពីទឹកដីដែលខ្លួនកាន់កាប់ទៅកាន់ប្រទេសរុស្ស៊ី ខណៈក្រុមសិទ្ធិមនុស្សបានចោទប្រកាន់រុស្ស៊ីថាកំពុងនិរទេសក្មេងៗអ៊ុយក្រែនដោយបង្ខិតបង្ខំ។ លេខាធិការសន្តិសុខជាតិអ៊ុយក្រែន លោក Oleksiy Danilov បានសរសេរនៅលើធ្វីតធឺរថា៖ «ច្បាប់អាជ្ញាសឹករបស់លោក ពូទីន នៅក្នុងតំបន់ដែលរុស្ស៊ីកាត់យក គឺជាការរៀបចំសម្រាប់ធ្វើការជម្លៀសប្រជាជនអ៊ុយក្រែនទ្រង់ទ្រាយធំ ទៅកាន់តំបន់វេទនារបស់រុស្ស៊ី ដើម្បីផ្លាស់ប្ដូរសមាសភាពជនជាតិដើមលើទឹកដីខ្លួនកាន់កាប់»។ ប៉ុន្តែការអះអាងបែបនេះ ត្រូវបានអ៊ុយក្រែននិងលោកខាងលិចចោទប្រកាន់រុស្ស៊ីរួចមកហើយ បន្ទាប់ពីមានរបាយការណ៍ថារុស្ស៊ី បាននិរទេសទាំងបង្ខំជនជាតិអ៊ុយក្រែនរាប់លាននាក់ រួមទាំងកុមារឱ្យទៅប្រទេសរុស្ស៊ី បើទោះបីជារុស្ស៊ីច្រានចោលការចោទប្រកាន់បែបនេះក្ដី៕
ដោយ៖ហួន ឌីណា
ប្រភព៖ Putin declares martial law in annexed regions of Ukraine www.aljazeera.com
What is martial law, and why did Putin impose it in Ukrainian areas? www.washingtonpost.com
Putin Declares Martial Law in 4 Illegally Annexed Ukrainian Regions www.nytimes.com