របាយការណ៍ស្រាវជ្រាវ៖ អង្គការសុខភាពពិភពលោកព្រមានថាមនុស្ស ៥០០ លាននាក់ប្រឈមនឹងការកើតជំងឺរ៉ាំរ៉ៃ
អន្តរជាតិ៖អង្គការសុខភាពពិភពលោក ( WHO) បានព្រមានកាលពីថ្ងៃពុធទី១៩ខែតុលាថា ចន្លោះពីឆ្នាំ២០២០ ដល់ឆ្នាំ២០៣០ប្រសិនបើរដ្ឋាភិបាលនៅទូទាំងពិភពលោកមិនចាត់វិធានការជាបន្ទាន់ដើម្បីលើកកម្ពស់អត្ថប្រយោជន៍នៃការធ្វើលំហាត់ប្រាណ នោះមនុស្សជិត ៥០០ លាននាក់នឹងប្រឈមនឹងការកើតជំងឺបេះដូង ជំងឺធាត់ ជំងឺទឹកនោមផ្អែម ឬជំងឺមិនឆ្លងផ្សេងៗទៀត ដែលបណ្តាលមកពីការមិនបានហាត់ប្រាណទៀងទាត់។
អង្គការសុខភាពពិភពលោកបានបង្ហាញថា ភាពអសកម្មនៃរាងកាយ ដោយមនុស្សភាគច្រើនចូលចិត្តនៅតែលើសាឡុង បានធ្វើឱ្យប្រទេសទាំងអស់បានចំណាយ ២៧ ប៊ីលានដុល្លារជារៀងរាល់ឆ្នាំក្នុងការចំណាយលើការថែទាំសុខភាពបន្ថែម។
របាយការណ៍ស្ថានភាពសកលស្តីពីសកម្មភាពរាងកាយឆ្នាំ២០២២ បានពិនិត្យទៅលើវិសាលភាពអនុសាសន៍ដែលរដ្ឋាភិបាលកំពុងអនុវត្ត ដើម្បីបង្កើនសកម្មភាពនៃរាងកាយពលរដ្ឋគ្រប់វ័យនៅក្នុង ១៩៤ ប្រទេស បានបង្ហាញថា វឌ្ឍនភាពមានភាពយឺតយ៉ាវ ហើយប្រទេសនានាត្រូវពន្លឿនការអភិវឌ្ឍន៍ និងការអនុវត្តគោលនយោបាយដើម្បីជួយការពារមនុស្សគ្រប់គ្នាពីជំងឺ និងកាត់បន្ថយបន្ទុកលើសេវាសុខភាពនៅក្នុងប្រទេសនីមួយៗ។
យោងទៅលើស្ថិតិខាងលើបានបង្ហាញពីវិសាលភាពនៃបញ្ហាប្រឈមដែលប្រទេសនានាទូទាំងពិភពលោកកំពុងជួបប្រទះ បង្ហាញថាតិចជាង ៥០ ភាគរយនៃបណ្តាប្រទេសទាំងអស់ មានគោលនយោបាយសកម្មភាពរាងកាយថ្នាក់ជាតិ ដែលក្នុងនោះតិចជាង ៤០ ភាគរយកំពុងដំណើរការ។ ចំនួន ៣០ ភាគរយនៃបណ្ដាប្រទេសទាំងអស់ មានការណែនាំអំពីការធ្វើលំហាត់ប្រាណរាងកាយកម្រិតថ្នាក់ជាតិសម្រាប់មនុស្សគ្រប់វ័យ។ ប្រព័ន្ធសម្រាប់តាមដានការធ្វើសកម្មភាពរាងកាយមនុស្សពេញវ័យរបស់ប្រទេសស្ទើរតែទាំងអស់ មានត្រឹមតែប្រទេសចំនួន ៧៥ ភាគរយប៉ុណ្ណោះដែលតាមដានសកម្មភាពរាងកាយរបស់ក្មេងជំទង់ ហើយតិចជាង ៣០ ភាគរយតាមដានសកម្មភាពរាងកាយចំពោះកុមារដែលមានអាយុក្រោម ៥ ឆ្នាំ។ នៅក្រោមក្របខណ្ឌគោលនយោបាយហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ មានតែប្រទេសជាង ៤០ ភាគរយប៉ុណ្ណោះ ដែលមានការសាងសង់ផ្លូវដែលមានគន្លងដើរ និងជិះកង់ប្រកបដោយសុវត្ថិភាព។
លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោកបានលើកឡើងថា «យើងត្រូវការប្រទេសជាច្រើនទៀតក្នុងការពង្រីកការអនុវត្តគោលនយោបាយដើម្បីគាំទ្រមនុស្សឱ្យកាន់តែមានភាពសកម្ម តាមរយៈការដើរ ជិះកង់ កីឡា និងសកម្មភាពរាងកាយផ្សេងទៀត»។
លោកអគ្គនាយកអង្គការសុខភាពពិភពលោករូបនេះបានបន្ថែមថា៖ «អត្ថប្រយោជន៍គឺធំធេងណាស់ មិនត្រឹមតែសម្រាប់សុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់បុគ្គលម្នាក់ៗប៉ុណ្ណោះទេ ប៉ុន្តែវាបានជះផលវិជ្ជមានដល់សង្គម បរិស្ថាន និងសេដ្ឋកិច្ច ជាដើម។ យើងសង្ឃឹមថាប្រទេស និងដៃគូនានានឹងប្រើប្រាស់របាយការណ៍នេះ ដើម្បីកសាងសង្គមឱ្យកាន់តែមានភាពសកម្ម មានសុខភាពល្អ និងស្មើភាពគ្នាជាងមុនសម្រាប់ទាំងអស់គ្នា»។
របាយការណ៍របស់អង្គការសុខភាពពិភពលោក បានបង្ហាញថា ការចំណាយលើការព្យាបាលករណីថ្មីៗនៃជំងឺមិនឆ្លងដែលអាចការពារបាន នឹងឈានដល់ជិត ៣០០ ប៊ីលានដុល្លារគិតត្រឹមឆ្នាំ២០៣០ ។ ខណៈដែលគោលនយោបាយជាតិដើម្បីដោះស្រាយនឹងជំងឺមិនឆ្លងដែលអាចការពារបាន និងភាពអសកម្មរាងកាយបានកើនឡើងក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ បច្ចុប្បន្ននេះ ២៨ ភាគរយនៃគោលនយោបាយទាំងនោះ មិនត្រូវបានផ្តល់មូលនិធិ ឬមិនត្រូវបានអនុវត្តតែម្ដង។ រីឯ ជំងឺរាតត្បាត កូវីដ១៩ មិនត្រឹមតែបានបញ្ឈប់គំនិតផ្តួចផ្តើមទាំងនេះប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងប៉ះពាល់ដល់ការអនុវត្តគោលនយោបាយផ្សេងទៀត ហើយវាបានធ្វើឱ្យពិបាកក្នុងការធ្វើឱ្យប្រសើរឡើងនូវស្ថានភាពចង្វាក់បេះដូងរបស់ពលរដ្ឋនៅក្នុងសហគមន៍ជាច្រើន។
ដើម្បីអាចជួយប្រទេសនានាក្នុងការបង្កើនសកម្មភាពរាងកាយដល់មនុស្សគ្រប់គ្នា អង្គការសុខភាពពិភពលោក បានដាក់ចេញនូវផែនការសកម្មភាពសកលស្តីពីសកម្មភាពរាងកាយ ២០១៨-២០៣០ ក្នុងនោះអង្គការសុខភាពពិភពលោកបានដាក់ចេញនូវអនុសាសន៍សំខាន់ៗចំនួន ២០។
អនុសាសន៍ទាំងអស់នោះរួមមាន កសាងផ្លូវដែលមានសុវត្ថិភាពជាងមុនដើម្បីលើកទឹកចិត្តឱ្យមានការជិះកង់ និងការដើរកាន់តែច្រើន និងការផ្តល់នូវកម្មវិធី និងឱកាសសម្រាប់សកម្មភាពរាងកាយនៅតាមទីកន្លែងផ្សេងៗ ដូចជាកន្លែងថែទាំកុមារ សាលារៀន មណ្ឌលសុខភាព និងកន្លែងធ្វើការជាដើម។
អ្នកស្រី Fiona Bull ប្រធានផ្នែកសកម្មភាពរាងកាយរបស់អង្គការសុខភាពពិភពលោកបាននិយាយថា «យើងកំពុងបាត់បង់សូចនាករវាស់ស្ទង់សកម្មភាពចូលទៅកាន់ឧទ្យាន ផ្លូវជិះកង់ ផ្លូវថ្មើរជើង ទោះបីជាទិន្នន័យមាននៅក្នុងប្រទេសមួយចំនួនក៏ដោយ»។
អ្នកស្រីបានបន្តថា៖ «ហេតុដូច្នេះហើយ យើងមិនអាចធ្វើការរាយការណ៍ ឬតាមដានការផ្តល់ហេដ្ឋារចនាសម្ព័ន្ធជាសកល ដែលនឹងជួយសម្រួលដល់ការកើនឡើងនៃសកម្មភាពរាងកាយនោះទេ»។
របាយការណ៍ខាងលើដដែល បានធ្វើការអំពាវនាវឱ្យប្រទេសនានាផ្តល់អាទិភាពដល់ការជំរុញកាយសម្បទា ដែលជាគន្លឹះក្នុងការធ្វើឱ្យសុខភាពប្រសើរឡើង និងការដោះស្រាយបញ្ហាជំងឺមិនឆ្លងដែលអាចការពារបាន ក៏ដូចជាការបញ្ចូលសកម្មភាពរាងកាយទៅក្នុងគោលនយោបាយពាក់ព័ន្ធទាំងអស់ ជាពិសេសការបង្កើតឧបករណ៍ ការណែនាំ និងការបណ្តុះបណ្តាលផ្សេងៗទៀត។
លោកវេជ្ជបណ្ឌិត Ruediger Krech ប្រធាននាយកដ្ឋានលើកកម្ពស់សុខភាព បាននិយាយថា «វាល្អសម្រាប់សុខភាពសាធារណៈ និងធ្វើឱ្យសេដ្ឋកិច្ចកាន់ល្អ និងលើកកម្ពស់សកម្មភាពរាងកាយបន្ថែមទៀតសម្រាប់មនុស្សគ្រប់គ្នា»។
លោកបានថ្លែងបញ្ជាក់បន្ថែមថា «យើងត្រូវជួយសម្រួលដល់កម្មវិធីជាច្រើន សម្រាប់ការធ្វើលំហាត់ប្រាណទាំងអស់គ្នា និងធានាថាមនុស្សគ្រប់គ្នាមានភាពងាយស្រួលក្នុងការចូលទៅកាន់កម្មវិធីទាំងអស់នោះ។ របាយការណ៍នេះពិតជាបានបញ្ជាក់យ៉ាងច្បាស់ទៅកាន់ប្រទេសទាំងអស់ ឱ្យចាត់វិធានការកាន់តែខ្លាំងបន្ថែមទៀត និងពន្លឿនការអនុវត្តរបស់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីសម្រេចបាននូវគោលដៅជាសាកលនៃការកាត់បន្ថយអត្រាអសកម្មរាងកាយចំនួន ១៥ភាគរយ នៅឆ្នាំ ២០៣០»៕
ដោយ៖ធា សុខណា