សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងគណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី៣០(APPF-30) នៅព្រះរាជាណាចក្រថៃឡង់ដ៍

ភ្នំពេញ៖ តបតាម ការ អញ្ជើញរបស់ ឯកឧត្តម ឈួន លីកផៃ (Chuan Leekpai) ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រថៃឡង់ដ៍ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នឹងដឹកនាំ គណៈប្រតិភូ ជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី៣០(APPF-30) ដែលសភាថៃឡង់ដ៍ ធ្វើជាម្ចាស់ផ្ទះ នាទីក្រុងបាងកក ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន នឹងចូលរួមថ្លែងបទអន្តរាគមន៍នៅកិច្ចប្រជុំជាផ្លូវការ ក្រោមមូលបទ «សភា និងការស្តារឡើងវិញប្រកបដោយចីរភាពក្រោយជំងឺកូវីដ-១៩ ដើម្បលើកកំពស់លទ្ធិប្រជាធិបតេយ្យ សន្តិភាព និងសន្តិសុខ»។ នៅក្នុងកំលុងពេលចូលរួមកិច្ចប្រជុំប្រចាំឆ្នាំនេះ សម្តេចប្រធានរដ្ឋសភា គ្រោងជួបពិភាក្សាការងារទ្វេភាគីជាមួយសមភាគី ប្រធានរដ្ឋសភាថៃ និងទទួលជួបសវនាការជាមួយថ្នាក់ដឹកនាំសភាប្រទេសជាមិត្តមួយចំនួន ទៀត ក្នុងការពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ វិស័យការទូតសភាកម្ពុជា នៅលើឆាកអន្តរជាតិទំាងក្របខ័ណ្ឌពហុភាគី និងទ្វេភាគី។ ចំណែកសមាជិកគណៈប្រតិភូដទៃទៀតនឹងចូលរួមកិច្ចប្រជុំ ជាច្រើនរបស់ APPF ស្របតាមកម្មវិធីដែលបានរៀបចំ។

វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលមានឈ្មោះជាភាសាអង់គ្លេស “The Asia-Pacific Parliamentary Forum” ដែលបានផ្តួចផ្តើមបង្កើតឡើងដោយ អតីតនាយករដ្ឋមន្រ្តីជប៉ុន ឯកឧត្តម Yasuhiro Nakasone ក្នុងឆ្នាំ១៩៩៣ ដើម្បីជំរុញយន្តការសភាក្នុងការកសាងសុខសន្តិភាព ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ និងពិភពលោកដោយចីរភាព។ សភានៃព្រះរាជាណាចក្រកម្ពុជាបានចូលជាសមាជិកពេញសិទ្ធិនៃវេទិកាសភានេះ កាលពីឆ្នាំ១៩៩៥។ បច្ចុប្បន្ន APPFមានសមាជិកពេញសិទ្ធិចំនួន ២៨ប្រទេស ៕ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner