សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ទទួលជួបសវនាការជាមួយ ឯកឧត្តមប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានទទួលជួបសម្តែងការគួរសមជាមួយ ឯកឧត្តមបណ្ឌិត ចូហ្សេ រ៉ាម៉ូស ហ៊រតា (José Ramos Horta) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ នៅវិមានរដ្ឋសភា នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះ ខណៈ ឯកឧត្តម ប្រធានាធិបតី បំពេញទស្សនកិច្ចជាផ្លូវការនិងមិត្តភាពនៅកម្ពុជា។
ឯកឧត្តមបណ្ឌិត ចូហ្សេ រ៉ាម៉ូស ហ៊រតា បានសម្តែងការអបអរសាទរ និងក្តីសប្បាយរីករាយដោយឃើញកម្ពុជាមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ ឯកឧត្តមប្រធានាធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់កម្ពុជា ដែលបានគំាទ្រយ៉ាងខ្លំាងក្លាដល់ប្រទេសទីម័រឡេស្តេ ក្នុងការបានចូលជាសមាជិកអាស៊ាន នៅក្នុងឆ្នាំ២០២២នេះ។
ប្រទេសទីម័រឡេស្តេ នឹងខិតខំជំរុញទំនាក់ទំនងជាមួយកម្ពុជាលើគ្រប់វិស័យឱ្យរឹងមាំថែមទៀត នៅក្នុងពេលឆាប់ៗខាងមុខនេះ ទីម័រឡេស្តេនិងកម្ពុជា នឹងមានជើងហោះហើរត្រង់ជាមួយគ្នា។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានចាត់ទុកដំណើរទស្សនកិច្ចរបស់ឯកឧត្តមប្រធានាធិបតី នៅកម្ពុជា នឹងរួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការកម្ពុជា-ទីម័រឡេស្តេ ឱ្យបានកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត។
សម្តេចបានបញ្ជាក់ថា កម្ពុជាបានគំាទ្រពេញទំហឹងចំពោះប្រទេសទីម័រឡេស្តេ ចូលជាសមាជិកអាស៊ានទី១១ និងចូលជាសមាជិក អន្តរសភាអាស៊ាន សម្រាប់សភាប្រទេសទីម័រឡេស្តេ ផងដែរ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងថា ការបន្តថែរក្សាទំនាក់ទំនងមិត្តភាព និងកិច្ចសហ ប្រតិបត្តិការជាទ្វេភាគី និងក្នុងក្របខ័ណ្ឌសហគម អាស៊ាន ពិតជាមានសារសំខាន់ នៅក្នុងកាលៈទេសៈបច្ចុប្បន្ន និងទៅអនាគត ដែលសភាពការណ៍សកលលោក មានការប្រែប្រួល ការវិវឌ្ឍឥតឈប់ឈរ ៕ ហេង សម្បត្តិ

