ផ្លូវជនបទនៅតាមបណ្តាស្រុកឃុំក្នុងខេត្តបាត់ដំបង ទាំងផ្លូវក្រាលល្បាយកំទេចថ្ម និង ផ្លូវក្រាលកៅស៊ូ DBST ជាច្រើនខ្សែប្រមាណ ២៦គីឡូម៉ែត្រត្រូវរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ពីជំនន់ទឹកភ្លៀង ក្នុងឆ្នាំ២០២២នេះ
ខេត្តបាត់ដំបង ៖ លោក វ៉ាន់ ថុល ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង បានថ្លែងឲ្យដឹងថា យ៉ាងហោចណាស់សំណង់សិល្បការដែលត្រូវរងខូចខាតដោយជំនន់ទឹកភ្លៀងក្នុងឆ្នាំ២០២២នេះ ទាំងផ្លូវល្បាយថ្ម និងផ្លូវក្រាលកៅស៊ូ DBST តាមបណ្តាឃុំ-សង្កាត់ ក្នុងស្រុកមួយចំនួនត្រូវរងការខូចខាតទាំងលិចទឹក ទាំងហូរច្រោះជើងទេរ ខូចតួផ្លូវ និងដាច់តួផ្លូវ ប្រមាណជា ៦០គីឡូម៉ែត្រ។ ការបញ្ជាក់ឲ្យដឹងបែបនេះ របស់លោកប្រធានមន្ទីរ ខណៈដែលមន្រ្តីជាន់ខ្ពស់របស់ក្រសួងអភិវឌ្ឍន៍ជនបទ បានចុះត្រួតពិនិត្យពីស្ថានភាពផ្លូវខូចខាត ដោយជំនន់ទឹកភ្លៀងក្នុងខេត្តបាត់ដំបង កាលពីថ្ងៃទី១៧ និងទី១៨ ខែតុលា ឆ្នាំ២០២២ ។
លោក វ៉ាន់ ថុល បានថ្លែងឱ្យដឹងបន្ថែមថា ផ្លូវក្នុងខេត្តបាតដំបង ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងមានចំនួន២៣ខ្សែ ស្មើនឹង ២៨៥គីឡូម៉ែត្រ។ ក្នុងនោះលិចទឹកប្រវែងជិត៦០គីឡូម៉ែត្រ និងខូចខាតធ្ងន់ធ្ងរប្រមាណ២៦គីឡូម៉ែត្រ។
ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ នៃ ក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ពីគោលបំណដែលក្រុមការងារក្រសួងអភិវឌ្ឍន៍ជនបទចុះមកកាន់ខេត្តបាត់ដំបង គឺដើម្បីចុះត្រួតពិនិត្យធ្វើការវាយតម្លៃ ដើម្បីស្ដារឡើងវិញនូវខ្សែផ្លូវសំខាន់ៗដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀងក្នុងខេត្តកន្លងមក ។
ឯកឧត្តមរដ្ឋលេខាធិការ បន្ថែមថា៖ បើទោះបីស្ថានភាពជំនន់ទឹកភ្លៀងក្នុងខេត្តបាត់ដំបងនាឆ្នាំនេះ មិនសូវធ្ងន់ធ្ងរក៏ប៉ុន្តែ វាបានបង្កនូវផលប៉ះពាល់ធ្ងន់ធ្ងរដល់ផ្លូវថ្នល់ច្រើនជាងឆ្នាំមុន។ ហើយក្រសួងនឹងខិតខំពន្លឿនធ្វើការស្ដារឡើងវិញ នៅពេលដែលទឹកបានស្រកចុះអស់ ។
គួរបញ្ជាក់ឲ្យផងដែរថា៖ ថ្មីៗនេះរដ្ឋបាលខេត្តបាត់ដំបង បានបង្ហាញពីផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងក្នុងខេត្ត ដែលបង្កឱ្យប៉ះពាល់ផ្ទៃដីដាំដុះដំណាំស្រូវប្រមាណជាង ៤ម៉ឺនហិកតា។ ក្នុងនោះផ្ទៃដីដែលខូចខាតជាង ២ម៉ឺនហិកតា និងលើគ្រួសារសរុបចំនួន ១១ ៥២៨គ្រួសារ ខណៈដែលរដ្ឋបាលខេត្តបានស្នើសុំពូជស្រូវ ប្រមាណជាង ១ពាន់តោន ពីរាជរដ្ឋាភិបាលកម្ពុជា ដើម្បីយកទៅចែកជូនដល់ប្រជាកសិករ ដែលរងការខូចខាតដំណាំស្រូវនិងដើម្បីឲ្យបងប្អូនរងគ្រោះដោយជំនន់ទឹកភ្លៀងទាំងនោះ ធ្វើការស្តារដាំដុះជាថ្មីឡើងវិញ៕ អ៊ុក សំអាន


