ខេត្តពោធិ៍សាត់ទទួលបានភ្ញៀវទេសចរណ៍មកទស្សនាកំសាន្តពិធីបុណ្យអុំទូកក្នុងឆ្នាំនេះជិត ២០ម៉ឺននាក់
ពោធិ៍សាត់ ៖ ពិធីបុណ្យអុំទូកអកអំបុក បណ្ដែតប្រទីបនិងសំពះព្រះខែក្នុងខេត្តពោធិ៍សាត់រយៈពេលបីថ្ងៃ ឆ្នាំ២០២២នេះ ទទួលភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិចូលមកទស្សនាកំសាន្តមានចំនួនកើនឡើងទ្វេគុណ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៩ មុនការរីករាលដាលនៃជំងឺ covid 19។
តាមរបាយការណ៍របស់មន្ទីរទេសចរខេត្តពោធិ៍សាត់បានបង្ហាញថា គិតរយៈពេល ៣ថ្ងៃគោចាប់ពីថ្ងៃទី ១៦ ដល់ ១៨ ខែតុលាឆ្នាំ២០២២នេះ ខេត្តពោធិ៍សាត់មានភ្ញៀវចូលមកទស្សនាកំសាន្តក្នុងពិធីបុណ្យជាតិមួយនេះរហូតដល់ ១៧៧៩៩១នាក់ ក្នុងនោះភ្ញៀវអន្តរជាតិមានចំនួន ២៨ នាក់ បើប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩ មុនការរីករាលដាលនៃជំងឺ covid 19 គឺមានចំនួនកើនឡើង ១៧៨, ២៤%ឯណោះ ដែលមានភ្ញៀវទេសចរណ៍ត្រឹមតែ ៦៣៩៧៩ តែប៉ុណ្ណោះ។
លោក នូវសាវិន អ្នកសម្របសម្រួល តាមរមណីយដ្ឋាននៃមន្ទីរទេសចរណ៍ខេត្ត បានលើកឡើងថា ដោយសារការរាតត្បាតជំងឺ covid 19 រាជរដ្ឋាភិបាលសម្រេចផ្អាកពិធីបុណ្យជាតិធំៗមួយចំនួនរយៈពេល 2 ឆ្នាំគឺឆ្នាំ២០២០ និង ២០២១ក្នុងនោះពិធីបុណ្យអុំទូកផងដែរ។ លោកថាភាពឆ្លាតវៃរបស់ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោបូកផ្សំជាមួយនឹងបងប្អូនប្រជាពលរដ្ឋគោរពនូវរាល់ វិធានការដ៏មានប្រសិទ្ធភាពបីកុំបីការពារក៏ដូចជាវិធានកាផ្សេងៗទៀត បានយ៉ាងខ្ជាប់ខ្ជួនធ្វើឲ្យប្រទេសរបស់យើងបានធូរស្រាលឡើងវិញពីជំងឺដ៏កាចសាហាវមួយនេះ ទើបយើងមានឱកាសប្រារព្ធពិធីបុណ្យជាតិធំៗឡើងវិញដូចជាពិធីបុណ្យអុំទូកនេះជាដើម។ ដែលបង្កលក្ខណៈឱ្យបងប្អូនប្រជាពលរដ្ឋបានសប្បាយរីករាយមានចំនួនកាន់តែច្រើនទ្វេឡើង បែបនេះ។
លោកបានឱ្យដឹងផងដែរថា សម្រាប់ខេត្តពោធិ៍សាត់ដោយសារការគិតគូរយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំឯកឧត្តម ជាវតាយ អភិបាលខេត្ត បានរៀបចំត្រៀមទុកមុនពេលប្រារព្ធពិធី កិច្ចការធានាសន្តិសុខសណ្ដាប់ធ្នាប់ជូនបងប្អូនទស្សនាកំសាន្ត ការរៀបចំឲ្យមានសីល្បៈកម្សាន្តសំបូរបែប ការរៀបចំស្តង់លក់ទំនិញ នឹងការរៀបចំឲ្យមានកម្មវិធីសប្បាយជាច្រើនផ្សេងៗទៀតផងដែរ។
សូមបញ្ជាក់ថា ទូកចំនួន ២៦ បានចូលរួមការប្រកួតក្នុងព្រឹត្តិការណ៍ពិធីបុណ្យអុំទូក អកអំបុក បណ្ដែតប្រទីបនិងសំពះព្រះខែ ក្នុងខេត្តពោធិ៍សាត់ ដល់ថ្ងៃបញ្ចប់នៃការប្រគួត ជ័យលាភីលេខ ១ មានចំនួនបួនទូក ក្នុងមួយទូកទទួលបានពានមួយ ទង់ជ័យលាភីលេខ ១ ប័ណ្ណសរសើរមួយនិងថវិកា ៣លានរៀលស្មើៗគ្នា ពានរង្វាន់លេខ ២ មានចំនួន ១០ ទូកក្នុងមួយទួកទទួលបានទង់ជ័យលាភីលេខ ២ ប័ណ្ណសរសើរមួយ និងថវិកា ២លានរៀល ពានរង្វាន់លេខ ៣ មានចំនួន ៩ ទូកក្នុងមួយទូកទទួលបានទង់ជ័យលាភីលេខ ៣ ប័ណ្ណសរសើរមួយនិងផឹកថវិកាមួយលានរៀល ពានរង្វាន់លេខ ៤ មានចំនួន ៣ ទូកក្នុងមួយទួកទទួលបានទង់ជ័យលាភីលេខ ៤ ប័ណ្ណសរសើរមួយ និងថវិកាមួយលានរៀល។ លើសពីនេះទៀតក៏មានការជួយឧបត្ថម្ភសម្រាប់ទូកនីមួយៗជាសម្ភារៈនិងថវិកាមួយចំនួនផងដែរ៕ ចេង ពុំ