សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា គ្មានការអត់ទោសឱ្យ សម រង្ស៊ី ជាលើកទី៣ឡើយ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ជាថ្មីម្តងទៀតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី២០ខែតុលានេះបានអះអាងជាថ្មីអំពីការមិនអត់ទោសជាលើកទី៣ ចំពោះទណ្ឌិត សម រង្ស៊ី​ ។ ការបញ្ជាក់នេះបានធ្វើឡើងនៅក្រោយពេលដែល លោក សម រង្ស៊ី បានអំពាវនាវជាថ្មីឱ្យកងកម្លាំងប្រដាប់អាវុធប្រឆាំងនឹងរដ្ឋាភិបាលនិង បន្ទាប់ពីតុលាការក្រុងភ្នំពេញកាត់ទោសបន្ថែមទៀត លោក សម រង្ស៊ី ជាប់ពន្ធនាគារមួយជីវិត ជុំវិញករណីកាត់ដីឱ្យជនបរទេស។

ថ្លែងនៅអំឡុងពេលអញ្ជើញប្តូរព័ត៌មានថ្ងៃខែឆ្នាំកំណើត ក្នុងបញ្ជីឈ្មោះបោះឆ្នោត នៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាលនាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ថា៖ «អត់មានផ្លូវទេ! ខ្ញុំធ្លាប់បានអនុគ្រោះឱ្យជនក្បត់ជាតិនេះពីរដងរួចទៅហើយ តែជនក្បត់ជាតិនេះ មិនត្រឹមតែមិនធ្វើការកែប្រែ ក៏ប៉ុន្តែពួកគេ នៅបន្តបំផ្លិចបំផ្លាញកម្ពុជា។ ដូច្នេះខ្ញុំមិនត្រឹមតែមិនលើកដៃចុះហត្ថលេខាលើកលែងទោសឱ្យជនក្បត់តែប៉ុណ្ណោះទេ ប៉ុន្តែខ្ញុំកំពុងតែបំផុសចលនា ដើម្បីនឹងកម្ចាត់ចោលនូវមនោគមន៍វិជ្ជាជ្រុលនិយមនៃជនក្បត់បីជំនាន់»។

ការឆ្លើយតបរបស់សម្តេចតេជោ ហ៊ុន សែន ពេលនេះ ជាការឆ្លើយតបជាថ្មីទៅនឹងស្ថានការណ៍នយោបាយកម្ពុជាដែលបំផុសឡើងដោយទណ្ឌិត សម រង្ស៊ី ដែលកំពុងរស់នៅក្រៅប្រទេស។

ជាមួយគ្នានេះ ក្រសួង ស្ថាប័នមួយចំនួន ក៏បានចេញលិខិតថ្កោលទោសជាបន្តបន្ទាប់  ជុំវិញការលើកឡើងរបស់លោក សម រង្ស៊ី ដោយចាត់ទុកការលើកឡើងនោះថា ជាការញុះញង់ឱ្យកម្លាំងប្រដាប់អាវុធបះបោរប្រឆាំងនឹងរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត៕

ដោយ៖ សេក ប្រាក់

ads banner