ជប៉ុន​ផ្ដល់ជំនួយលើ​គម្រោង​គាំទ្រ​ថ្មី​មួយសម្រាប់ជួសជុល​ប្រាសាទបាយ័ន

អត្ថបទដោយ៖
CPA

ភ្នំពេញ៖រដ្ឋាភិបាល​ជប៉ុន​បាន​ផ្ដល់​ជំនួយលើ​​គម្រោង​គាំ​ទ្រ​ថ្មី​មួយ​ដែល​មាន​ចំនួន​ទឹក​ប្រាក់៥២០,៨៤៧ដុល្លារ សម្រាប់​ជួស​ជុល​ប្រាសាទ​បាយ័ន​ក្នុង​តំបន់​រមណីយ​ដ្ឋាន​ប្រវត្តិ​សាស្ត្រ​អង្គរ។

គម្រោង​គាំ​ទ្រ​ថ្មី​នេះ​មាន​ឈ្មោះ​ថា «គម្រោង​គាំ​ទ្រ​ការ​ទិញ និង​ថែ​ទាំ​យាន​យន្ត និង​ម៉ាស៊ីន​ធុន​ធ្ងន់ ព្រម​ទាំង​ការ​ទិញ​សម្ភារសម្រាប់​ការ​ងារ​រក្សា​លំនឹង​តួប៉ម​កណ្ដាល​នៃ​ប្រាសាទ​បាយ័ន​ដែលទា​ក់ទ​ង​នឹង​គម្រោ JASA»។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ និង​ស្ថាន​ទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចុះ​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ២០២២។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ដ​ដែល​បាន​បន្ត​ថា គម្រោង​គាំ​ទ្រ​ថ្មី​នេះ នឹង​រួម​ចំណែក​ដល់​ការ​អនុវត្ត​ការ​ងារ​អភិរក្ស និង​ជួស​ជុល​ប្រាសាទ​បាយ័ន ដែល​ជា​ប្រាសាទ​ដ៏​សំខាន់​បំផុត​មួយ​នៅ​ក្នុង​រមណីយ​ដ្ឋាន​អង្គរ។

ជុំ​វិញ​រឿង​នេះ ឯកឧត្តម ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​​បាន​ប្រាប់​ថា រដ្ឋាភិបាល​ជប៉ុន​​បាន​ផ្ដល់​ជំនួយ​នេះគឺ​មិន​មែន​ត្រឹម​ឥឡូវ​នេះ​ទេប៉ុន្តែ​បាន​ផ្ដល់​ជំនួយ​​នេះ​តាំង​ពី​យូរ​មក​ហើយ។

ឯកឧត្តមរដ្ឋលេខាធិការបានបន្តទៀត​ថា៖«សូម​ទាក់​ទង​ទៅ​អាជ្ញាធរ​អប្សរា​វិញ ព្រោះ​អី​គាត់​ជំនាញ​ ហើយ​ធ្វើ​ការ​ផ្ទាល់ វា​បាន​លទ្ធផល​ជាង​សម្រាប់​អ្នក​សារ​ព័ត៌មាន ជៀស​​ស្អី​ក៏​មក​ក្រសួង»។

ចំណែក​​លោក ឡុង កុសល អ្នក​​នាំ​​ពាក្យ​អាជ្ញាធរ​ជាតិ​អប្សារា បាន​​ប្រាប់​​ថា ​គម្រោង​ជួស​ជុល​ប្រាសាទ​បាយ័ន គឺ​ចាប់​ផ្ដើម​តាំង​ពី​ឆ្នាំ១៩៩០​មក ហើយ​វា​ក៏​បង្ហាញ​ថា​ជា​ការ​ងារ​មួយ​ដែល​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​រាជ​រដ្ឋាភិបាល​កម្ពុជា ក៏​ដូច​ជា​​ដៃ​គូរ​អន្តរ​ជាតិ ជា​ពិសេស​ប្រទេស​ជប៉ុន​ដែល​ជា​ប្រធាន​នៃ​គណៈ​កម្មា​ការ​ប្រាសាទ​អង្គរ មក​លើ​ការ​ងារ​បេតិ​កភណ្ឌ​ពិភព​លោក។

លោក ឡុង កុសល បាន​បញ្ជាក់​ថា៖ «កិច្ច​ការ​នេះ​ចាប់​ផ្ដើម​តាំង​ពី​ឆ្នាំ១៩៩៣ រហូត​មក​ដល់​ឆ្នាំ២០២២ ហើយ​ក៏​បន្ត​ទៅ​រហូត​រយៈ​ពេល​១០​ឆ្នាំ​បន្ត​ទៀត ចឹង​អានេះ​វា​ជា​មោទន​ភាព និង​ការ​ជោគ​ជ័យ​គំរូ​មួយ​ សម្រាប់​កិច្ច​សហ​ប្រតិបត្តិ​ការ​អន្តរ​ជាតិ»។

លោក​បន្ថែម​ថា ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ ទៅ​លើ​កិច្ច​ការ​ងារ​ថែរ​ក្សា លើក​តម្លៃ លើក​តម្កើង​នៃ​បេតិ​កភណ្ឌវប្បធម៌​ជាតិ ដែល​ជា​បេតិក​ភណ្ឌ​អន្តរជា​តិ និង​ពិភព​លោក។

សូម​បញ្ជាក់​ថា នៅ​ឆ្នាំ១៩៩៤ រដ្ឋាភិបាល​ជប៉ុន​បាន​បង្កើត​ក្រុម​រដ្ឋាភិបាល​ជប៉ុន សម្រាប់​ការ​ថែ​រក្សា​ការ​ពារ​ប្រាសាទ​អង្គរ(JSA) ហើយ​JSA ត្រូវ​បាន​ដឹក​នាំ​ដោយ លោកបណ្ឌិត តាកិស៊ិ ណាកាហ្គាវ៉ា សាស្ត្រាចារ្យ​នៃ​សាកល​វិទ្យាល័យ​វាយិដា ដែល​ជា​គម្រោង​មួយ​តាម​រយៈ​អង្គការ​យូណេស្កូ Japan Funds in Trust សម្រាប់​ការ​អភិរក្ស​វប្បធម៌ បេតិ​កភណ្ឌ​ពិភពលោក។ JSA បាន​ចំណាយ​ថវិកា​សរុប​​ប្រមាណ​២៧លាន​ដុល្លារ​ ចាប់​ពី​ជំហាន​ទី១ ដល់​ជំហាន​ទី៥ ដើម្បី​អនុវត្ត​សកម្មភាព​អភិរក្ស និង​ជួស​ជុលប្រាសាទ​អង្គរ​វត្ត និង​ប្រាសាទ​បាយ័ន។

លើស​ពី​នេះ​ទៀត ចាប់​តាំង​ពី​ឆ្នាំ២០០៥ ក្នុង​ជំហាន​ទី៣ JSA និង​អាជ្ញាធរ​ជាតិ​អប្សរា បាន​និង​កំពុង​ចូល​រួម​ក្នុង​គម្រោង​រួម​គ្នា ដែល​ហៅ​ថា ជប៉ុន-អប្សរា​ការ​ពារ ប្រាសាទ​អង្គរ(JASA)។ នៅ​ខែ​មេសា​ឆ្នាំ​នេះ ​ជំហាន​ទី៦ បាន​ចាប់​ផ្ដើម​ធ្វើ​ការស្រាវ​ជ្រាវនិង​ធ្វើ​ការ​លើ​ការ​រក្សា​លំនឹង​តួប៉ម​កណ្ដាលនៃ​ប្រាសាទ​បាយ័ន​ជា​ចម្បង៕

ដោយ៖ជា សុខនី

ads banner