ក្រុម​អ្នកតស៊ូ​នៅក្នុង​ទីក្រុង​យ៉ាំងហ្គោន​អះអាងទទួល​ខុស​ត្រូវចំពោះការ​បំផ្ទុះ​គ្រាប់​បែក​ក្នុងពន្ធនាគារ

មីយ៉ាន់ម៉ា៖ក្រុមអ្នកតស៊ូនៅទីក្រុងយ៉ាំងហ្គោន ដែលមានឈ្មោះថា ទីភ្នាក់ងារកិច្ចការពិសេសភូមា (Special Task Agency of Burma) បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារដោយបានបំផ្ទុះគ្រាប់បែកនៅពន្ធនាគារដ៏ធំបំផុតរបស់ទីក្រុងយ៉ាំងហ្គោន។

ក្រុមនេះបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានបំផ្ទុះគ្រាប់បែកនៅពន្ធនាគារអ៊ីនសេន (Insein Prison) ដែលបានបណ្តាលឱ្យជនស៊ីវិលប្រាំនាក់ និងមន្ត្រីពន្ធនាគារបីនាក់ បានស្លាប់ ខណៈ ១៨ នាក់ផ្សេងទៀតបានរងរបួស។

ក្រុមអ្នកតស៊ូ បាន​អះអាង​ថា​ជា​អ្នក​នៅ​ពី​ក្រោយ​ការ​វាយ​ប្រហារ​នោះ ក្រុម​ដដែលនេះ​បាន​បដិសេធ​ក្នុងការ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ស្លាប់ និង​របួស​របស់​ជន​ស៊ីវិល ដោយ​បាន​ចង្អុលមុខទៅកាន់​ទាហាន​មីយ៉ាន់ម៉ាឱ្យទទួលខុសត្រូវជំនួសវិញ។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនដែលមានចំណងជើងថា “ការកាត់ទោសប្រហារជីវិតចំពោះមន្ត្រីពន្ធនាគារអ៊ីនសេន” ក្រុមទីភ្នាក់ងារកិច្ចការពិសេសភូមានេះ បាននិយាយថា ទាហានមីយ៉ាន់ម៉ាត្រូវទទួលខុសត្រូវចំពោះការបាញ់ប្រហារទៅលើហ្វូងមនុស្សទាំងអស់នោះ។

សម្រាប់សាក្សីដែលបានមើល​ឃើញ​ផ្ទាល់​ភ្នែកវិញ ​បាន​លើកឡើង​ថា បន្ទាប់​ពី​គ្រាប់​បែកបាន​ផ្ទុះ​នៅក្នុង​ពន្ធនាគារភ្លាមៗ ប្រជាជន​បានភ័យ​ស្លន់ស្លោ ហើយ​រត់​ចេញ​ទៅ​ក្រៅទាំងអស់គ្នា។ នៅពេលនោះ ​ត្រូវបានគេឱ្យឃើញមន្ត្រី​យោធា​មីយ៉ាន់ម៉ា​​បាន​បាញ់​ប្រហារសំដៅទៅកាន់​ហ្វូង​មនុស្សទាំងអស់នោះ។

រដ្ឋ​មន្ត្រី​សិទ្ធិ​មនុស្ស​នៃ​រដ្ឋាភិបាល​ស្រមោល លោក Aung Myo Min ដែល​ជា​សម្ព័ន្ធមិត្ត​នៃ​ក្រុម​ប្រឆាំង​របប​យោធា​បាន​ប្រាប់សារព័ត៌មាន CNA ថា លោកប្រកាសធ្វើការ​ថ្កោលទោស​អំពើ​ហិង្សា​មួយនេះ។

លោក​បាន​មាន​ប្រសាសន៍​ថា៖ «យើង​មាន​ការ​សោក​ស្តាយ​ដែលបាន​ដឹង​ពី​ការ​បំផ្ទុះ​គ្រាប់​បែក​ដែល​បណ្តាល​ឲ្យ​ជន​ស៊ីវិល​ស្លាប់ រួម​ទាំង​ម្តាយ​របស់​សកម្មជន​របស់​យើង​ដែល​កំពុង​ជាប់ក្នុង​ពន្ធនាគារក៏បានស្លាប់​ផង​ដែរ»។

លោកបានបន្តថា៖ «ខណៈ​ដែលកំពុង​ព្យាយាម​វាយ​ប្រហារ​ទៅ​លើ​ក្រុមយោធា​ភេរវករ សូមអ្នកទាំងអស់គ្នា​ប្រុង​ប្រយ័ត្ន​ឱ្យបាន​ម៉ឺងម៉ាត់​ កុំ​ឱ្យ​មាន​គ្រោះថ្នាក់ណា​មួយ​កើតមានឡើងដល់​ជន​ស្លូត​ត្រង់។ ការ​ការពារ​ប្រជាជន​យើង​ជា​កាតព្វកិច្ច​ចាំបាច់​​គ្រប់​កាលៈទេសៈទាំងអស់»

លើសពីនេះ ទីភ្នាក់ងារកិច្ចការពិសេសភូមា បាន​លើកឡើងថា កងទ័ព​របស់​ខ្លួន​មិន​បាន​ខូចខាត​អ្វីនោះ​ទេ ហើយ​បាន​សង្កត់​ធ្ងន់​ថា​ វាក៏​មិនមាន​ជាប់​ពាក់ព័ន្ធ​នឹង​ស្ថាប័ន​នយោបាយ​ណា​មួយ​ឡើយ។ ក្រុមភ្នាក់ងារនេះក៏បានព្រមានថា ខ្លួននឹងបន្តរៀបចំការវាយប្រហារបន្ថែមទៀតលើមន្ត្រីរបបយោធា និងមន្ត្រីក្រោមឱវាទជាច្រើនទៀត។

យោងតាមទីភ្នាក់ងារសារព័ត៌មានមីយ៉ាន់ម៉ា (Myanmar News Agency) កាលពីថ្ងៃពុធ ដែលជាថ្ងៃកើតហេតុ រដ្ឋមន្ត្រីក្រសួងកិច្ចការផ្ទៃក្នុងនៃរបបយោធា ឧត្តមសេនីយ៍ទោ លោក Soe Htut ក៏បានចុះត្រួតពិនិត្យពន្ធនាគារអ៊ីនសេនផងដែរបន្ទាប់ពីមានការផ្ទុះ។ លោក​ក៏បាន​ចូលជួបគ្រួសារ​អ្នក​ស្លាប់ និង​ចូលរួមរំលែក​ទុក្ខដល់​ពួកគេ និង​បុគ្គលិក​ពន្ធនាគារ ហើយក៏​បាន​ផ្តល់​ជំនួយ​ជា​សាច់​ប្រាក់មួយចំនួនផងដែរ៕

ដោយ៖ធា សុខណា

ads banner