អាជ្ញាធរជំនាញនឹងស្រាវជ្រាវលើព័ត៌មានដែលផ្សាយថាមានករណីប៉ុនប៉ងជួញដូរសរីរាង្គមនុស្សនៅកម្ពុជា

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ក្រសួងមហាផ្ទៃនឹងស្រាវជ្រាវលើព័ត៌មានផ្សាយថាមានការជួញដូរសរីរាង្គមនុស្សនៅកម្ពុជា។ នេះបើតាមការបញ្ជាក់ថា របស់រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សលោកជំទាវ ជូ ប៊ុនអេង ដែលថ្លែងប្រាប់នៅថ្ងៃទី២០ខែតុលាឆ្នាំ២០២២។

លោកជំទាវ ជូ ប៊ុនអេង អះអាងថា មន្ត្រីជំនាញនឹងស្រាវជ្រាវចំពោះព័ត៌មានដែលផ្សាយថាមានករណីជួញដូរសរីរាង្គមនុស្សនៅលើទឹកដីកម្ពុជាដោយជនជាតិចិនតៃវ៉ាន់ ខណៈកម្ពុជាមិនដែលទទួលព័ត៌មានពីភាគីកោះតៃវ៉ាន់ឡើយជុំវិញករណីនេះ។លោកជំទាវបន្តថា ខាងភាគីកម្ពុជា មិនបានទទួលព័ត៌មាន និងរបាយការណ៍ជុំវិញករណីជួយដូរសិរីរាង្គមនុស្សដោយជនជាតិចិនតៃវ៉ាន់ក្នុងទឹកដីកម្ពុជាឡើយ ដោយហេតុកម្ពុជាមិនមានកិច្ចសហការណាមួយទ្វេភាគីជាមួយនឹងកោះតៃវ៉ាន់។

លោកជំទាវ ជូ ប៊ុនអេង បន្តថា៖« ក្នុងករណីតៃវ៉ាន់នេះ យើងមិនបានដឹងព័ត៌មានលម្អិតណាមួយឡើយ ព្រោះកម្ពុជាចាត់ទុកតៃវ៉ាន់ជាចិនគឺចិនតៃវ៉ាន់។ ដូច្នេះយើងមិនបានដឹងថាមានករណីជួញដូរសរីរាង្គមនុស្សនេះឡើយ។ និយាយដោយស្មោះត្រង់ទៅ យើងមិនដែលបានទាក់ទងគ្នាតែម្តងជាមួយតៃវ៉ាន់ »។

ការឆ្លើយតបបែបនេះ ធ្វើឡើងក្រោយមានការចេញផ្សាយដោយកាសែតតៃវ៉ាន់ Taiwan News ថា កាលពីថ្ងៃពុធ ទី១៩ ខែតុលាឆ្នាំ២០២២ នាយកដ្ឋានប៉ូលីសស្រុក Taoyuan នៃទីក្រុង Chungli បានចាប់ខ្លួន បុរសជនជាតិចិនតៃវ៉ាន់ ៣រូប ពាក់ព័ន្ធករណីជូញដូរសរីរាង្គមនុស្សនៅលើទឹកដីកម្ពុជា​ ។ កាសែតតៃវ៉ាន់នេះបានយោងតាមប្រភពរាយការណ៍ពីទីភ្នាក់ងារព័ត៌មាន ETtoday  ដែលគូសបញ្ជាក់ថា ក្រុមការងារពិសេសនៃស្រុក Taoyuan បានប្រទះនូវភស្តុតាងពីទូរស័ព្ទដៃជនរងគ្រោះ ដែលរៀបរាប់ថាខ្លួន ត្រូវបានគេបោកបញ្ឆោតទៅប្រទេសកម្ពុជាដើម្បីយកសរីរាង្គជួញដូរ ។ គេបានប្រទះឃើញមានការប្រើពាក្យ​ “រុះរើគ្រឿងក្នុងមួយចប់” ដែលមានន័យថា បេះដូង, ថ្លើម, តម្រងនោម និងកែវភ្នែក អាចត្រូវបានយកចេញពីរាងកាយ។ក្រោយការអង្កេតលើទូរស័ព្ទប៉ូលីសបានសង្ស័យថា កិច្ចសន្ទនាតាមទូរស័ព្ទនោះ​និយាយពីការ បោកបញ្ឆោតយកទៅលក់សរីរាង្គនៅកម្ពុជា។ កាសែតដដែលផ្សាយទៀតថា ជនរងគ្រោះ ព្រមសារភាពប្រាប់ប៉ូលីស បញ្ជាក់ថា លោកត្រូវបានក្រុមឧក្រិដ្ឋជនឆបោក យកទៅលក់នៅកម្ពុជាតាមរយៈការសន្យាថានឹងរកការងារផ្នែករដ្ឋបាលមានប្រាក់ខែខ្ពស់ចន្លោះពីប្រាំមួយម៉ឺន ទៅប្រាំពីរម៉ឺនដុល្លារតៃវ៉ាន់ក្នុងមួយខែ ។ទោះយ៉ាងណា ការជួញដូរសរីរាង្គករណីនេះ បានបរាជ័យក្រោយឈ្មួញជាអ្នកទិញ បដិសេធមិនព្រមចុះកិច្ចសន្យាទិញ-លក់ ហើយឆ្លៀតក្នុងស្ថានការណ៍វឹកវរនេះ បុរសជនរងគ្រោះ បានគេចខ្លួនទៅកាន់កោះតៃវ៉ាន់វិញ ។

សម្រាប់បញ្ហានេះលោកជំទាវ ជូ ប៊ុនអេង បានរៀបរាប់ថា ខាងភាគីកម្ពុជាមិនដែលបានទទួលព័ត៌មានទាំងនេះឡើយ ព្រោះកម្ពុជាចាត់ទុកតៃវ៉ាន់ជាផ្នែកមួយរបស់ចិន ហើយក្នុងបេសកកម្មប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនេះ កម្ពុជាធ្វើការសហការជាមួយភាគីប្រទេសចិន។

ទោះជាយ៉ាងណាលោកជំទាវបញ្ជាក់ថា មន្ត្រីពាក់ព័ន្ធនឹងធ្វើការស្រាវជ្រាវពាក់ព័ន្ធករណីនេះ បើសិនជាកើតមានពិតប្រាកដ នោះស្ថាប័នពាក់ព័ន្ធនឹងចាត់វិធានការជាក់ជាមិនខាន ដូចមិនទុកឱ្យកើតមានតទៅទៀតឡើយ ព្រោះគណៈកម្មការជំនាញធ្វើការទៅតាមការប្តឹងផ្តល់ពីសំណាក់ភាគីណាមួយ ឬគ្រួសារជនរងគ្រោះជាដើម។

លោកស្រីជូ ប៊ុនអេង៖ «ក្នុងករណីនេះ យើងមិនហ៊ានប្រាកដថាមាន ឬមិនមានឡើយ តែយើងនឹងធ្វើការស្រាវជ្រាវបន្តាទៀត »។

លោកជំទាវបន្ថែមថា ក្នុងដំណាក់កាលបេសកកម្មនេះ មន្ត្រីជំនាញមិនទាន់អាចធ្វើការបានគ្រប់ជ្រុងជ្រោយឡើយ តែងនៅមានចន្លោះ ព្រោះបទល្មើសនេះ វាស្មុគស្មាញខ្លាំងពេក តែមន្ត្រីពាក់ព័ន្ធកំពុងតែខិតខំចាត់វិធានការ។

លោក អំ សំអាត នាយករងទទួលបន្ទុកកម្មវិធីឃ្លាំមើលនៃអង្គការសិទ្ធិមនុស្សលីកាដូថា បញ្ហាជួញដូរសរីរាង្គនេះជាផ្នែកមួយនៃអំពើជួញដូរមនុស្ស បើទោះបីជាមួយរយៈចុងក្រោយនេះ រដ្ឋាភិបាលបានខិតខំដោះស្រាយនិងទប់ស្កាត់ជាបន្ទាន់នូវបទល្មើសជូញដូរមនុស្សនេះក្តី ក៏នៅមានចន្លោះជាមួយកោះតៃវ៉ាន់ ព្រោះកម្ពុជាជាប្រទេសគោរព ​”គោលការណ៍ចិនតែមួយ” ដែលជាកត្តារារាំងកិច្ចសហប្រតិបត្តិរវាងកម្ពុជានិងតៃវ៉ាន់លើបទល្មើសជួញដូរមនុស្សនេះ។

ទោះជាយ៉ាងណាក្តីនាយករងទទួលបន្ទុកកម្មវិធីឃ្លាំមើលសិទ្ធិមនុស្សរបស់អង្គការលីការដូរូបនេះ អំពាវនាវឲ្យរដ្ឋាភិបាលពង្រឹងការអនុវត្តច្បាប់ផ្ទៃក្នុង លុបបំបាត់អំពើពុករលួយ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាងតំបន់និងអន្តរជាតិ ក្នុងការងារទប់ស្កាត់បទល្មើសជួញដូរមនុស្សនេះឱ្យទទួលបានប្រសិទ្ធភាពខ្ពស់៕

ដោយ៖ សំបាន ច័ន្ទដារ៉ា

ads banner