មន្ត្រីតៃវ៉ាន់ ៖ លោក ស៊ី ជិនពីង នឹងក្លាយជា “មេគ្រោះ” របស់ជនជាតិចិនប្រសិនបើគាត់ហ៊ានលើកទ័ពវាយតៃវ៉ាន់
តៃវ៉ាន់៖មន្ត្រីសន្តិសុខកំពូលរបស់តៃវ៉ាន់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតីចិន ស៊ី ជីនពីង(Xi Jinping )នឹងក្លាយជា «មេគ្រោះ»របស់ប្រជាជនចិនទាំងអស់ ប្រសិនបើគាត់វាយប្រហារកោះតៃវ៉ាន់ ហើយថា លោក ស៊ី នឹងមិនឈ្នះសង្គ្រាមនោះទេ ។ មន្ត្រីរូបនោះបន្តប្រធានាធិបតីចិន នឹងប្រឈមមុខនឹងទណ្ឌកម្មអន្តរជាតិនិងភាពឯកោខាងការទូតទៀតផង។
ប្រទេសចិនបានបង្កើនសម្ពាធផ្នែកយោធា និងនយោបាយប្រឆាំងនឹងកោះតៃវ៉ាន់ដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ខណៈដែលចិនព្យាយាមទាញតៃវ៉ាន់ឱ្យស្ថិតក្រោមអធិបតេយ្យភាពរបស់ខ្លួន នៅចំពោះការបដិសេធយ៉ាងដាច់អហង្ការពីសំណាក់រដ្ឋាភិបាលក្រុងតៃប៉ិ ។
សមាជ៥ឆ្នាំម្ដងនៃបក្សកុម្មុយនិស្តដែលកំពុងកាន់អំណាច កាលពីថ្ងៃអាទិត្យ លោក ស៊ី បាននិយាយថា៖« វាអាស្រ័យលើប្រជាជនចិនក្នុងការដោះស្រាយបញ្ហាតៃវ៉ាន់ ហើយថាប្រទេសចិននឹងមិនបោះបង់សិទ្ធិប្រើប្រាស់កម្លាំងនោះទេ ប៉ុន្តែនៅតែខិតខំដោះស្រាយដោយសន្តិវិធី»។
ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅខាងក្រៅសភា លោក ជីន មីងតុង(Chen Ming-tong) ប្រធានការិយាល័យសន្តិសុខជាតិតៃវ៉ាន់បាននិយាយថា ៖«លោកស៊ី នឹងប្រឈមមុខនឹងគ្រោះមហន្តរាយ ប្រសិនបើលោកធ្វើតាមការគំរាមកំហែងរបស់គាត់ ដែលប៉ុនប៉ងបង្ក្រាបតៃវ៉ាន់ដោយកម្លាំងនោះ។លោក ជីន និយាយថា៖ «វានឹងមិនជោគជ័យឡើយ ក្នុងការប្រើកម្លាំងដើម្បីវាយប្រហារតៃវ៉ាន់»។
លោកបានបន្ថែមថា ប្រទេសចិននឹងប្រឈមមុខនឹងការដាក់ទណ្ឌកម្មអន្តរជាតិ និងភាពឯកោខាងការទូតសម្រាប់ការធ្វើដូច្នេះ។
លោក ជីន បាននិយាយថា៖«លោក ស៊ី នឹងលះបង់នូវអ្វីដែលហៅថាការរស់ឡើងវិញដ៏អស្ចារ្យរបស់ប្រជាជនចិនព្រមទាំងក្លាយជាមនុស្សមានបាបឬមេគ្រោះរបស់ប្រជាជនចិនផង»។
រដ្ឋាភិបាលរបស់តៃវ៉ាន់និយាយថា មានតែប្រជាជនទាំង២៣លាននាក់របស់កោះនេះប៉ុណ្ណោះដែលអាចសម្រេចអនាគតរបស់ពួកគេបាន។ តៃវ៉ាន់មិនដែលធ្លាប់ត្រូវបានគ្រប់គ្រងដោយសាធារណរដ្ឋប្រជាមានិតចិនម្ដងណាទេ ហើយការទាមទារអធិបតេយ្យភាពរបស់ចិនដែលចង់គ្រប់គ្រងតៃវ៉ាន់ ត្រូវបានចាត់ទុកជាមោឃៈ។
លោក ជីន បាននិយាយថា ៖«វាច្បាស់ណាស់ថាភាគីទាំងពីរគួរតែគោរពគ្នាទៅវិញទៅមក ដោយអភិវឌ្ឍន៍ស្រុកទេសរៀងៗខ្លួន ដែលនេះជាផ្លូវនាំមកនូវសុភមង្គលដល់ប្រជាជនទាំងសងខាង»។
ប្រធានាធិបតីតៃវ៉ាន់លោកស្រី តៃ អ៊ីងវេន(Tsai Ing-wen) បានស្នើម្តងហើយម្តងទៀតឱ្យបន្តកិច្ចចរចាជាមួយប្រទេសចិនដោយផ្អែកលើគោលការណ៍សមភាព និងការគោរពគ្នាទៅវិញទៅមក ប៉ុន្តែទីក្រុងប៉េកាំងបានបដិសេធរឿងទាំងនេះ ដោយទទូចថាលោកស្រីត្រូវតែទទួលស្គាល់ជាមុនថាតៃវ៉ាន់ជាផ្នែកមួយនៃប្រទេសចិន។
លោកស្រី តៃ កំពុងធ្វើទំនើបកម្មយោធា ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងកាន់តែខ្លាំងឡើងរបស់ចិន ដែលកាលពីខែសីហា រួមទាំងសមយុទ្ធបាញ់គ្រាប់ពិត ដែលធ្វើឡើងនៅជិតកោះតៃវ៉ាន់ ខណៈដែលទីក្រុងប៉េកាំងបានឆ្លើយតបយ៉ាងខឹងសម្បារចំពោះដំណើរទស្សនកិច្ច របស់ប្រធានសភាអាមេរិក ណាន់ស៊ី ប៉េឡូស៊ី (Nancy Pelosi) ទៅកាន់ទីក្រុងតៃប៉ិ៕
ដោយ៖វណ្ណ ស័ក្តិ