ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយទឹកជំនន់ទន្លេមេគង្គ នៅក្នុងស្រុកកំពង់សៀមចំនួន ៤៩៧គ្រួសារ ទទួលបានអំណោយពូជស្រូវ យកទៅដាំដុះ ស្ដារឡើងវិញ
ខេត្តកំពង់ចាម ៖ ដើម្បីធ្វើការដាំដុះស្ដារឡើងវិញ បន្ទាប់ពីទទួលរងផលប៉ពាល់ខូចខាតដំណាំស្រូវ ឯកឧត្តម ឡាំ ហេងហួត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចែកពូជស្រូវ ជាប្រព័ន្ធស្បៀងបំរុងកម្ពុជា ដល់បងប្អូនប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់ ដោយជំនន់ទឹកទន្លេមេគង្គ និងជំនន់ទឹកភ្លៀង ។ ពិធីនេះ បានរៀបចំនៅក្នុងបរិវេណវត្តរំចេក ឃុំរំចេក ស្រុកកំពង់សៀម ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ។
ឯកឧត្តម អ៊ុន ចាន់ដា មានប្រសាសន៍ថា ស្រូវពូជទាំងនេះ ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា ផ្ដល់ជូនប្រជាកសិករ ដែលរងផលប៉ះពាល់ដោយសារជំនន់ទន្លេមេគង្គ និងជំនន់ទឹកភ្លៀង ដើម្បី យកទៅស្ដារឡើងវិញ ក្រោយទទួលរងផលប៉ះពាល់ខូចខាត នាពេលកន្លងមកនោះ ។ យ៉ាងណាមិញ ប្រជាពលរដ្ឋ ដែលរងគ្រោះ ដោយសារជំនន់ទន្លេមេគង្គ និងទឹកភ្លៀង លើដំណាំស្រូវ នៅក្នុងស្រុកកំពង់សៀម ចំនួន ៤ឃុំ គឺ ៖ ឃុំហាន់ជ័យ កៀនជ្រៃ គគរ និងឃុំរំចេក លើផ្ទៃដី ចំនួន ២២៦ហ.ត ស្មើនឹង ប្រជាពលរដ្ឋ ចំនួន ៤៩៧គ្រួសារ ដែលមានតម្រូវការពូជស្រូវ ចំនួន ៣៣.៦៥០គ.ក្រ ដើម្បី យកទៅធ្វើការដាំដុះស្តារឡើងវិញ ។
ជាមួយនោះ ឯកឧត្តម អភិបាលខេត្តកំពង់ចាម ក៏បានថ្លែងអំណរគុណជូន យ៉ាងជ្រាលជ្រៅបំផុត ចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់ពូជស្រូវ សម្រាប់ការស្តារឡើងវិញ បន្ទាប់ពីទទួលផលប៉ះពាល់ ដោយសារជំនន់ទឹកទន្លេមេគង្គ និងចំនួនទឹកភ្លៀង មកនោះ ។
នាឱកាសនោះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើ សាកសួរសុខទុកពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាល សម្តេចតែងតែយកចិត្តទុកដាក់ ចំពោះ សុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ ដោយសារគ្រោះមហន្តរាយនានា ។ កត្តាទាំងអស់នេះ គឺជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅគ្រប់កាលៈទេសៈ ជាពិសេស ប្រជាពលរដ្ឋដែលកំពុងទទួលរងគ្រោះមហន្តរាយ ដែលបណ្តាលមកពីទឹកជំនន់ទន្លេមេគង្គ និងជំនន់ទឹកភ្លៀង ធ្វើអោយប៉ះពាល់ដល់ការងារបង្កបង្កើនផលស្រូវ ដែលជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការចិញ្ចឹមជីវិត ប្រចាំថ្ងៃ ។
សូមបញ្ជាក់ផងដែរថា ក្នុងឱកាសនោះ ថ្នាក់ដឹកនាំ និងក្រុមការងារទាំងអស់ បានចុះទៅត្រួតពិនិត្យដោយផ្ទាល់ អំពីស្ថានភាពជាក់ស្ដែង របស់ប្រជាកសិករងផលប៉ះពាល់ និងវឌ្ឍនភាព នៃការដាំដុះឡើងវិញ របស់បងប្អូនប្រជាកសិករ បន្ទាប់ពីបានទទួលពូជស្រូវកន្លងមក ផងដែរ ៕ លី ពៅ