ខេត្តរតនគិរី និងខេត្តយ៉ាឡាយបន្តសហប្រតិបត្តិរុករកជីកគាស់ ប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមពលីក្នុងសម័យសង្គ្រាមនៅក្នុងភូមិសាស្ត្រខេត្តរតនគិរី សម្រាប់រដូវប្រាំងឆ្នាំ២០២២-២០២៣

អត្ថបទដោយ៖
គតិ យុត្ត

រតនគិរី ៖ នៅព្រឹកថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្តរតនគិរីមានរៀបចំកិច្ចប្រជុំរវាងគណៈកម្មការរុករកអដ្ឋិធាតុខត្តរតនគិរី (កម្ពុជា) និងគណៈកម្មការរុករកអដ្ឋិធាតុខត្តយ៉ាឡាយ (វៀតណាម) ស្ដីពីកិច្ចសហប្រតិបត្តិការបន្តផែនការរុករកគាស់លើកប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ពលីជីវិតក្នុងសម័យសង្គ្រាម នៅក្នុងភូមិសាស្ត្រខេត្តរតនគិរី សម្រាប់រដូវប្រាំងឆ្នាំ២០២២-២០២៣ ។ កិច្ចប្រជុំធ្វើឡើងក្រោមអធិតីភាពឯកឧត្តម ស៊ូ សិរី អភិបាលរងខេត្ត និងជាប្រធានគណៈកម្ម
ការជំនាញខេត្តរតនគិរី និងលោកជំទាវ ង្វៀន ធីថាញ់លីច អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តយ៉ាឡាយ។

បន្ទាប់ពីបានពិភាក្សាគ្នាយ៉ាយកចិត្តទុកដាក់រួចភាគីទាំងពីរបានធ្វើការចុះហត្ថលេខាលើកំណត់ហេតុរួមដើម្បីឈានទៅបន្តសហប្រតិបត្តិការរួមមាន៖ ក្នុងកំឡុងពេលដែលក្រុមK52 អនុវត្តន៍សកម្មភាព ក្នុងករណីមានការរាំងស្ទះកើតមានឡើងគណៈកម្មការទាំងពីរ ត្រូវកំណត់ពេលវេលាជួបគ្នា ដើម្បីប្រជុំពិភាក្សាពិគ្រោះយោបល់រកនីតិវិធីដោះស្រាយ។គណៈកម្មការជំនាញខេត្តរតនគិរី ជួយសម្របសម្រួលឲ្យក្រុមការងារជំនាញពីខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង បានឆ្លងកាត់ភូមិសាស្ត្រខេត្តរតនគិរី។គណៈកម្មការជំនាញខេត្តរតនគិរី ជួយជូនដំណឹងផ្សព្វផ្សាយដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងប្រជាជនគ្រប់មូលដ្ឋានឲ្យបន្តចូលរួមសហការផ្ដល់ព័ត៌មានដែលបានដឹង និងឃើញទីកន្លែងបញ្ចុះសពកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលពលីនៅក្នុងភូមិសាស្ត្រខេត្តរតនគិរី។គណៈកម្មការជំនាញខេត្តរតនគិរីមានភារកិច្ច ចាត់ចែងកម្លាំងការពារធានាសុវត្ថិភាព ដល់ក្រុមK52 សមស្របតាមចំនួនកំណត់ (យោធា, នគរបាល, កងរាជអាវុធហត្ថ) ។

គណៈកម្មការជំនាញខេត្តយ៉ាឡាយ នឹងផ្តល់ថវិកាចំនួន ៦.៥០០ដុល្លារ (ប្រាំមួយពាន់ ប្រាំរយដុល្លារអាមេរិក) ជំនួយរបស់រដ្ឋាភិបាលវៀតណាម ជួយដល់គណៈកម្មការ ជំនាញខេត្តរតនគិរី សម្រាប់បម្រើឲ្យកិច្ចការខាងលើ។
ក្រុមK52 ត្រូវអនុវត្តន៍ជាប្រចាំនូវវិធានការទប់ស្កាត់ ការពារការឆ្លងរាលដាល នៃជំងឺ កូវីដ-១៩ ជាពិសេសអនុវត្តន៍តាមវិធានការសុខាភិបាល វិធានការរដ្ឋបាលខេត្តរតនគិរី និងអនុវត្តន៍តាមគោលការណ៍៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាលកម្ពុជា ៕ ដោយ គតិ យុត្ត

ads banner