អង្គភាពកងពលតូចអន្តរាគមន៍លេខ៧ ប្រចាំទិសទី១ ប្រាសាទព្រះវិហារ នាំយកអាវរងាររបស់ សម្តេចតេជោ ហ៊ុន សែន ចែកជូនដល់យោធិន នៅមុនរដូវរងារឈានចូលមកដល់
ខេត្តព្រះវិហារ៖ នាយទាហាន នាយទាហានរង និងពលទាហាន នៃអង្គភាពកងពលតូចអន្តរាគមន៍លេខ៧ ចំណុះកងពលធំអន្តរាគមន៍លេខ៣ ប្រចាំទិសទី១ ប្រាសាទព្រះវិហារ ទទួលបានអាវរងារដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅមុនរដូវរងារឈានចូលមកដល់ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ជាប់ព្រំដែនកម្ពុជា-ថៃ និងកម្ពុជា-ឡាវ ។
ថ្នាកដឹកនាំកងពលតូចអន្តរាគមន៍លេខ៧ បានថ្លែងថា អាវរងារដែលបាននាំយកមកចែកជូនដល់ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៅក្នុងអង្គភាពកងពលតូចអន្តរាគមន៍លេខ៧ នៅក្នុងថ្ងៃនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលសម្តេចទាំងទ្វេរតែងបានចែកជូន ដល់យោធិនទាំងអស់ ជាពិសេស អង្គភាពកងទ័ពដែលមានមូលដ្ឋាននៅទិសជួរមុខ ដោយក្នុងរដូវរងារ ចែកជូនអាវរងារ និងនៅក្នុងរដូវភ្លៀងធ្លាក់ ចែកជូនអាវភ្លៀង រីឯការផ្តល់ជូននេះ គឺសម្តេចទាំងពីរ តែងបានធ្វើឡើងជារៀងរាល់ឆ្នាំ ទុកសម្រាប់ពាក់ការពារ ទប់ទល់នឹងអាកាសធាតុត្រជាក់ខ្លាំង ក្នុងពេលបំពេញភារកិច្ចការពារបូរណភាពទឹកដី និងការអនុវត្តភារកិច្ចផ្សេងៗជាច្រើនទៀត នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងកម្ពុជា-ឡាវ។
លោកបានបញ្ជាក់ថា ក្នុងនាមយោធិនទាំងអស់ នៃកងពលតូចអន្តរាគមន៍លេខ៧ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និង សូមប្រសិទ្ធិពរបវរមហាប្រសើរជូន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សូមសម្ដេចទាំងពីរ ទទួលបាននូវប្រាជ្ញាឈ្លាសវៃ កម្លាំងពលំមាំមួន ជន្មាយុយឺនយូរ និងសម្រេចជោគជ័យថ្មីៗ បន្ថែមទៀត ដ៏ត្រចះត្រចង់ ក្នុងបេសកកម្មដ៏ឧត្ដុង្គឧត្ដមរបស់សម្ដេចនាយករដ្ឋមន្ត្រី ចំពោះប្រជាជន និងប្រទេសជាតិ កុំបីខានឡើយ ៕