ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន បន្តជួបសំណេះសំណាល ជាមួយ ប្រជាពលរដ្ឋស្ម័គ្រចិត្តរើសំណង់ចេញពីតំបន់ រមណីយដ្ឋាន អង្គរ បន្ថែមទៀត
ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី២១ ខែតុលា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជា បន្តជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋជាច្រើនគ្រួសារ បន្ថែមទៀតដែលបានស្ម័គ្រចិត្តរើលំនៅឋាន និង សំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរនិងតំបន់ស្ថិត ក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា មករស់នៅតំបន់ អភិវឌ្ឍន៍ថ្មី រុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ នេះជាការ បញ្ជាក់លើបណ្ដាញសង្គមហ្វេសប៊ុករបស់សម្តេចតេជោ ហ៊ុន សែន នៅរាត្រីថ្ងៃទី២០ខែតុលា។
ប្រភពដដែលបញ្ជាក់ថា បើតាមការបញ្ជាក់ពីឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានឱ្យដឹងថា គិតចាប់ពីថ្ងៃចាប់ឆ្នោតដំបូងនាថ្ងៃទី២៥ ខែសីហា រហូតមកដល់ថ្ងៃទី ២០ ខែតុលា មានប្រជាពលរដ្ឋ សរុបចំនួន ៩.១៣៤ គ្រួសារហើយដែលបានមកចាប់ឆ្នោត។
សូមរំលឹកថា សម្តេចតេជោ ហ៊ុន សែន បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរើចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់គ្រប់គ្រងដោយអាជ្ញាធរជាតអប្សរាចំនួនពីរលើករួចមកហើយ។ លើកទី១ ធ្វើឡើងនៅថ្ងៃទី១៣ ខែកញ្ញា ដោយមានប្រជាពលរដ្ឋចូលរួមប្រមាណ ១,១១៧គ្រួសារ។ លើកទី២ ធ្វើឡើងនៅថ្ងៃទី០១ ខែតុលា ដោយមានប្រជាពលរដ្ឋចូលរួមប្រមាណ ២,៧៥១គ្រួសារ ។
សូមបញ្ជាក់ដែរថា រាជរដ្ឋាភិបាលកម្ពុជា កាលពីខែសីហា កន្លងទៅនេះ តាមរយៈគណៈកម្មការអន្តរក្រសួងមួយដឹកនាំដោយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបើកយុទ្ធនាការទ្រង់ទ្រាយធំក្នុងការវាស់វែង កំណត់និយាមកាក្បាលដី នៅរមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ក៏ដូចជារុះរើសំណង់ខុសច្បាប់ចេញពីតំបន់ទាំងនេះ។
ការបើកយុទ្ធនាការនេះ បានធ្វើឡើងបន្ទាប់ពីប្រាសាទក្នុងតំបន់រមណីយអង្គរ បានរងការព្រមានពីអង្គការយូណេស្កូ ក្នុងការដកតំបន់រមណីយដ្ឋានអង្គរ ចេញពីបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ព្រោះតែសំណង់ជាច្រើនត្រូវបានសង់ឡើងផ្ទុយពីលក្ខខណ្ឌកំណត់ដោយអង្គការយូណេស្កូ ក្រោយពេលដាក់បញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ ៕ដោយ៖វណ្ណ លុក