ឧត្តមទីប្រឹក្សាថា សកម្មភាពគណបក្សភ្លើងទៀនមិនពាក់ព័ន្ធនឹងលោក សម រង្ស៊ី
ភ្នំពេញ៖លោក គង់ គាំ ឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀន បានបដិសេធចំពោះការចោទប្រកាន់ ថាគណបក្សភ្លើងទៀន មានពាក់ព័ន្ធនឹងក្រុមលោក សម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្រ្គោះជាតិ។ នេះបើតាមលិខិតមួយរបស់លោក គង់ គាំ នៅថ្ងៃអាទិត្យ ទី២៣ខែតុលា។
នៅក្នុងលិខិតចំហចំនួន២ទំព័រ លោក គង់ គាំ ប្រធានកិត្តិយសគណបក្សឆន្ទៈខ្មែរ និងជាឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀនលើកឡើងថាដំណើររបស់គណបក្សភ្លើងទៀន ជាដំណើរការដោយឡែកពីអតីតគណបក្សសង្រ្គោះជាតិ និងពីអតីតមេដឹកនាំកំពូលសង្រ្គោះជាតិ លោក សម រង្ស៊ី និងលោក កឹម សុខា។
ការបញ្ជាក់របស់លោក គង់ គាំ ក្នុងនាមជាទីប្រឹក្សារបស់គណបក្សភ្លើងទៀនយ៉ាងដូច្នេះ ធ្វើឡើងនៅអំឡុងពេលដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាព្រមានគណបក្សនយោបាយមួយថា នឹងអាចរងការរំលាយចោល បើសិនរកឃើញថា បានភ្ជាប់ខ្លួនជាមួយនឹងលោក សម រង្ស៊ី។
ថ្លែងនៅតាមវេទិកាសាធារណៈ ក្នុងសប្តាហ៍នេះសម្តេចតេជោនាយករដ្ឋមន្ត្រីបានឱ្យដឹងថា លោកមានព័ត៌មានយ៉ាងពេញលេញ អំពីកិច្ចប្រជុំរវាងគណបក្សមួយ ជាមួយក្រុមអ្នកនយោបាយនៅក្រៅប្រទេស ដែលគេអាចដឹងថា ជាក្រុមលោក សម រង្ស៊ី។ សម្តេចតេជោ ហ៊ុន សែន បានព្រមានថា៖ «ប្រសិនបើគណបក្សនោះហ៊ានមានសកម្មភាពពាក់ព័ន្ធនឹងលោក សម រង្ស៊ី នោះលោកប្តឹងទៅតុលាការរំលាយចោលតែម្តង»។ការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីទណ្ឌិត សម រង្ស៊ី បានចេញសេចក្តីអំពាវនាវថ្មីមួយទៀតក្នុងន័យជំរុញឱ្យប្រឆាំងនឹងរដ្ឋាភិបាលស្របច្បាប់។
ក៏ប៉ុន្តែបើតាមលិខិតរបស់ លោក គង់ គាំ គឺ គណបក្សភ្លើងទៀន ជាគណបក្សថ្មី ដែលកើតចេញពីអតីតគណបក្សសង្រ្គោះជាតិ ក្រោយតែមន្ត្រីមួយចំនួនអស់ជំនឿថា បក្សមួយនេះអាចមានវត្តមានឡើងវិញ និងអស់ជំនឿនឹងប្រសិទ្ធភាពសម្ពាធអន្តរជាតិ។ លោក គង់ គាំ ថា៖ «មានតែសកម្មភាពជាក់ស្តែងនៅកម្ពុជានៃអ្នកប្រជាធិបតេយ្យខ្មែរទេ ដែលអាចសម្រេចជោគជ័យតាមមជ្ឈដ្ឋានទូទៅចង់បាន»។
គួរជម្រាបថា ក្រោយអតីតគណបក្សសង្រ្គោះជាតិ ត្រូវបានតុលាការកំពូលរំលាយ កាលពីថ្ងៃទី១៦វិច្ឆិកាឆ្នាំ២០១៧ មានមន្ត្រីអតីតបក្សប្រឆាំងចំនួន១១៨រូប ត្រូវបានតុលាការដាក់បម្រាមមិនឲ្យធ្វើនយោបាយចំនួន៥ឆ្នាំ។
ក៏ប៉ុន្តែមកដល់បច្ចុប្បន្ននេះ មានមន្ត្រីជាង៣០រូប បានស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ និងបង្កើតគណបក្សមួយចំនួន ដោយបានចូលរួមការបោះឆ្នោតឃុំ-សង្កាត់កន្លងទៅនេះផងដែរ។
ក្នុងនោះមានជាអាទិ៍ លោក សុន ឆ័យ បានចូលរួមជាមួយគណបក្សភ្លើងទៀន, លោក អ៊ូ ច័ន្ទរ័ត្ន បានបង្កើតគណបក្សកែទម្រង់កម្ពុជា, និងលោក យ៉ែម បុញ្ញឫទ្ធិ បង្កើតគណបក្សកម្ពុជានិយមជាដើម៕ ដោយ៖ សេក ប្រាក់