សម្តេចតេជោ ហ៊ុន សែន អបអរសាទរឯកឧត្តម ស៊ី ជីនពីង ដែលជាប់ឆ្នោតជាអគ្គលេខាធិការគណបក្សកុម្មុយនីស្តចិនជាថ្មី

ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី២៣ ខែតុលាឆ្នាំ២០២២ នេះ បានផ្ញើសារអបអរសាទរ ឯកឧត្តម ស៊ី ជីនពីង ដែលជាប់ឆ្នោតជាអគ្គលេខាធិការគណបក្សកុម្មុយនីស្តចិនជាថ្មី។

ក្នុងសារលិខិតសម្តេចតេជោ ហ៊ុន សែន បានសម្តែងសេចក្តីរីករាយយ៉ាងក្រៃលែងដោយបានទទួលដំណឹងថា ឯកឧត្តម ស៊ី ជីនពីង ត្រូវបានជាប់ឆ្នោតសារជាថ្មីជាអគ្គលេខាធិការគណបក្សកុម្មុយនីស្តចិន(CPC)នៅក្នុងសមាជ ជាតិរបស់គណបក្សកុម្មុយនីស្តចិន លើកទី ២០ កាលពីពេលថ្មីៗនេះ។ ក្នុងឱកាសដ៏វិសេសវិសាលនេះ តាងនាមគណបក្សប្រជាជនកម្ពុជា (CPP) សូមសម្តែងនូវអំណរសាទរយ៉ាងស្មោះស្ម័គ្រជូនចំពោះឯកឧត្តម ។ ឆ្លៀតឱកាសនេះ អបអរសាទរដល់ថ្នាក់ដឹកនាំ និងសមាជិក CPC ទាំងអស់ ចំពោះការបិទបញ្ចប់ដោយជោគជ័យ ន សមាជជាតិលើកទី ២០ នៃគណបក្សកុម្មុយនីស្តចិន ដែលនឹងផ្តល់កម្លាំងថ្មី ដល់ការកសាងប្រទេសចិន ក្លាយជាប្រទេសសង្គមនិយមទំនើប ។

សម្តេចតេជោ ហ៊ុន សែន អបអរសាទរឯកឧត្តម ស៊ី ជីនពីង ដែលជាប់ឆ្នោតជាអគ្គលេខាធិការគណបក្សកុម្មុយនីស្តចិនជាថ្មី(រូបថតឯកសារ)

សម្តេចតេជោ ហ៊ុន សែន បានបន្តថា ក្រោមការដឹកនាំប្រកបដោយសមត្ថភាព និងឈ្លាសវៃរបស់ឯកឧត្តម ពិភពលោកបានសាទរចំពោះជោគ ជ័យដ៏ធំធេងរបស់ចិន លើការកាត់បន្ថយភាពក្រីក្រ នវានុវត្តន៍បច្ចេកវិទ្យា វឌ្ឍនភាពផ្នែកវិទ្យាសាស្ត្រ និងការកសាងសង្គមនិយមតាមលក្ខណពិសេសរបស់ចិន ។ សមិទ្ធផលជាប្រវត្តិសាស្ត្រ បានផ្តល់ផល ប្រយោជន៍ មិនត្រឹមតែដល់ប្រជាជនចិនប៉ុណ្ណោះទេ ប៉ុន្តែក៏ដល់ពិភពលោកទាំងមូលផងដែរ ។ ខ្ញុំជឿ ជាក់ថា ជាមួយនឹងចក្ខុវិស័យវែងឆ្ងាយ និងកិច្ចខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់របស់ ឯកឧត្តម ប្រទេសចិន នឹងទទួលបានជោគជ័យធំធេងបន្ថែមទៀត ព្រមទាំងសម្រេចបាននូវគោលដៅ ១០០ឆ្នាំ លើកទី ២ ក៏ដូចជាសម្រេចជោគជ័យលើគោលនយោបាយ និងគោលដៅដែលដាក់ចេញដោយសមាជ ជាតិរបស់បក្សកុម្មុយនីស្តចិន លើកទី ២០ ។

ប្រមុខដឹកនាំកម្ពុជាបានបញ្ជាក់ថា ចំពោះទំនាក់ទំនងទ្វេភាគី កម្ពុជា និង ចិន មានទំនាក់ទំនងទ្វេភាគីដ៏ល្អប្រសើរ ដែលរីកចម្រើនជា លំដាប់ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធគ្រប់ជ្រុងជ្រោយ ដោយសារមិត្តភាពប្រពៃណី និងទំនាក់ទំនងដ៏ ស្និទ្ធស្នាលរបស់ CPP និង CPC ។ ប៉ុន្មានឆ្នាំកន្លងមកនេះ CPP និង CPC បានពង្រឹងទំនាក់ទំនងមិត្តភាព ដែកថែប ដែលបានធ្វើឱ្យទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិនរីកចម្រើនឥតឈប់ឈរ សម្រាប់​ជាផលប្រយោជន៍ដល់ប្រជាជន នៃប្រទេសទាំងពីរ ។ខ្ញុំទន្ទឹងរង់ចាំបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកឧត្តម ដើម្បីពង្រឹងបន្ថែមទៀតនូវមិត្តភាពជាប្រពៃណីរវាង​CPP​និងCPCនិងលើកកម្ពស់កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា ចិន ទៅកាន់កម្រិតថ្មីមួយទៀត ៕ ដោយ៖ពលជ័យ

ads banner