មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋទូទាំងខេត្តបាត់ដំបង ប្រកាសប្តេជ្ញាចិត្តគាំទ្រការពារយ៉ាងដាច់ខាតចំពោះ រាជរដ្ឋាភិបាលស្របច្បាប់
បាត់ដំបង៖ ក្នុងនាមមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋទូទាំងខេត្តបាត់ដំបង ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានប្រកាសប្តេជ្ញាចិត្តគាំទ្រការពារយ៉ាងដាច់ខាតចំពោះ រាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត និងការពារគាំទ្រ ចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំដ៏ឆ្នើម និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ជាពិសេសការពារឱ្យបាននូវសុខសន្តិភាពទោះក្នុងតម្លៃណាក៏ដោយ។ ការថ្លែងរបស់អភិបាលខេត្តបាត់ដំបងដូចនេះ ក្នុងឱកាសដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង/ស្រុក ឃុំ/សង្កាត់ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទសរុបចំនួន ២,២២១នាក់ នារសៀលថ្ងៃអាទិត្យ ទី២៣ ខែតុលា ឆ្នាំ២០២២ ។

នៅក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានសម្តែងការស្វាគមន៍ប្រកបដោយក្តីសោមនស្សរីករាយ និងកក់ក្តៅបំផុត ចំពោះវត្តមានរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានចំណាយពេលវេលាដ៏មានតម្លៃឆ្លៀតជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធខេត្តបាត់ដំបង។ ជំនួបសំណេះ សំណាលនេះ ក៏បង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ចំពោះមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធនៅក្នុងខេត្តបាត់ដំបង។ ឯកឧត្តមអភិបាលខេត្តបាត់ដំបង ក៏បានជម្រាបសម្តេចតេជោ និងកម្មវិធីទាំងមូលអំពីស្ថានភាពមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏ដូចជាការងារដទៃទៀតនៅក្នុងខេត្ត។ ខេត្តបាត់ដំបង មានមន្ត្រីរាជការស៊ីវិលចំនួន ១២,៩២៩នាក់ (ស្រី ៦,៣៦៤នាក់)។ ក្រុមប្រឹក្សាខេត្ត ក្រុង/ស្រុក និងឃុំ/សង្កាត់ សរុប ១,១១០នាក់។

ឯកឧត្តម សុខ លូ ក៏បានលើកបង្ហាញការងារបង្ក្រាបបទល្មើសនានានៅក្នុងខេត្ត រួមមានការបង្ក្រាបបទល្មើសបំផ្លាញធនធានធម្មជាតិដូចជា បទល្មើសនេសាទ បទល្មើសព្រៃឈើ មានការថយចុះជាបន្តបន្ទាប់។ ចំពោះបញ្ហាទំនាស់ដីធ្លី ដែលមានលក្ខណៈទ្រង់ទ្រាយធំ ក៏រដ្ឋបាលខេត្តបានខិតខំ ទប់ស្កាត់មិនឱ្យមានការកើតឡើងថ្មីនិងបានខិតខំបន្ត ដោះស្រាយទំនាស់នានាដែលនៅសេសសល់ជាបន្តទៀត។ លើសពីនេះ រដ្ឋបាលខេត្ត បានខិតខំជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ដើម្បីរួមគ្នារក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមបានល្អប្រសើរ។ លទ្ធផលគួរជាទីមោទនៈនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ ក្នុងការបង្កបរិយាកាសសប្បាយរីករាយ សេចក្តីសុខក្សេមក្សាន្តជូនប្រជាពលរដ្ឋ ក៏ដូចជាការបង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាពលរដ្ឋទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតក្នុងឆ្នាំ២០២២ ដែលចាប់ផ្តើមពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ មានរយៈពេល៥០ថ្ងៃ។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត តំណាងឱ្យមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធប្រកាសអនុវត្តយ៉ាងម៉ឺងម៉ាត់រាល់បទបញ្ជារបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ វាយកម្ទេចការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល និងរដ្ឋអំណាចស្របច្បាប់របស់កម្ពុជា និងបដិវត្តន៍ពណ៌គ្រប់ទម្រង់ និងគ្រប់រូបភាពកុំឱ្យកើតមានជាដាច់ខាត ព្រមទាំងការពារ ថែរក្សារាល់សមិទ្ធផលសង្គម សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ នៃសង្គមជាតិកម្ពុជាទាំងមូល ដែលរកបានដោយលំបាក ទម្រាំបានដូចសព្វថ្ងៃនេះ។

ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋទូទាំងខេត្តបាត់ដំបង ឯកឧត្តម សុខ លូ ប្រកាសប្រឆាំងដាច់ខាត និងថ្កោលទោសយ៉ាងដាច់អហង្កា ចំពោះសេចក្តីថ្លែងការណ៍របស់ទណ្ឌិត សម រង្សី មេក្រុមឧទ្ទាម ជាពូជក្បត់ជាតិបីជំនាន់ តាមរយៈវីដេអូឃ្លីបនាពេលថ្មីៗនេះ ដែលបានធ្វើការញុះញង់ឱ្យកងកម្លាំងប្រដាប់អាវុធធ្វើការបះបោរ។ ឯកឧត្តម សុខ លូ ក៏បានប្រកាសប្តេជ្ញាចិត្តគាំទ្រការពារយ៉ាងដាច់ខាតចំពោះ រាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត និងការពារ គាំទ្រយ៉ាងម៉ឺងម៉ាត់បំផុតចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំដ៏ឆ្នើម និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ជាពិសេសការពារឱ្យបាននូវសុខសន្តិភាពទោះក្នុងតម្លៃណាក៏ដោយ។

បន្ទាប់ពីស្តាប់នូវរបាយការណ៍នានារបស់លោកអភិបាលខេត្តរួចហើយនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបង្ហាញនូវអារម្មណ៍រីករាយ ដែលបានវិលមកជួបជាមួយក្រុមប្រឹក្សាខេត្ត ក្រុង/ស្រុក ឃុំ/សង្កាត់ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធនៅក្នុងខេត្តបាត់ដំបង ៕ ស៊ូ វណ្ណលុក