រដ្ឋបាលខេត្តបាត់ដំបង ទទួលអង្ករ ចំនួន ៣០០តោនបន្ថែមទៀត និងថវិកា ចំនួន ២០ម៉ឺនដុល្លារជាអំណោយ សម្តេចតេជោ ហ៊ុនសែន តាមរយៈក្រុមការងាររបស់សម្តេចដោយផ្ទាល់
ខេត្តបាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត កាលពីព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ បានទទួលនូវអំណោយឧបត្ថម្ភបន្ថែមពីសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា តាមរយៈក្រុមការងាររបស់សម្តេចតេជោដោយផ្ទាល់ដៃ មកប្រគល់ជូនដល់អាជ្ញាធររដ្ឋបាលខេត្តបាត់ដំបង នូវអង្ករ ចំនួន៣០០តោន និងថវិកាចំនួន២០ម៉ឺនដុល្លារបន្ថែម ខណៈដែលរដ្ឋបាលខេត្ត បាននិងកំពុងតែបន្តចុះនាំយកអំណោយស្បៀងសង្គ្រោះបន្ទាន់ដើម្បីចែកជូនប្រជាពលរដ្ឋមួយចំនួនដែលរងនូវការប៉ះពាល់ និងរងគ្រោះដោយជំនន់ទឹកភ្លៀងកន្លងមកនៅតាមបណ្តាស្រុកនានា ។
កន្លងមករដ្ឋបាលខេត្តបាត់ដំបងបានលើកសំណើស្នើសុំពូជស្រូវសរុបចំនួន ១ ១៥២ពាន់៨២៨គីឡូក្រាមដែលប៉ះពាល់លើផ្ទៃដី ១១ពាន់៥២៨ហិកតា សម្រាប់ចែកជូនប្រជាពលរដ្ឋចំនន ១១ពាន់៥២៨គ្រួសារ ដែលកំពុងរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅក្នុងខេត្ត។
សូមបញ្ជាក់ថា៖ កន្លងមក ផ្ទៃដីដែលបានរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀង បណ្ដាលឱ្យប៉ះពាល់ផ្ទៃដីដាំដុះស្រូវសរុប ៤៥.០១៥ហិកតា,ផ្ទៃដីដែលខូចខាតមានចំនួន ២៦.៨០៥ហិកតា លើគ្រួសារសរុបប្រមាណជាង ២ម៉ឺនគ្រួសារ។ គ្រួសារដែលខូចខាតស្រូវមានចំនួន ១១ពាន់៥២៨គ្រួសារ។ ដោយឡែកផ្ទៃដីដែលអាចធ្វើការស្តារឡើងវិញមានចំនួនសរុប ១១ពាន់៥២៨ហិកតា។ ហើយបងប្អូនរងគ្រោះទាំងនេះ និងត្រូវទទួលបានពូជស្រូវរួមទាំងអំណោយមួយចំនួនពីសម្តេចតេជោសែន ដោយផ្ទាល់ដៃផងដែរ នៅព្រឹកថ្ងៃទី២៤ ខែតុលាឆ្នាំ២០២២នេះ។
បើតាមការឲ្យដឹងពីមន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយខេត្តបាត់ដំបង អាជ្ញាធរនៃរដ្ឋបាលខេត្ត បានបន្តនាំយកអំណោយស្បៀងសង្គ្រោះបន្ទាន់មួយចំនួន ទៅចែកជូនបងប្អូនប្រជពលរដ្ឋរងប៉ះពាល់ និងគ្រោះដោយជំនន់ទឹកភ្លៀងកន្លងមកជាបន្តបន្ទាប់នៅតាមបណ្តាស្រុកនានាក្នុងខេត្ត ដែលគិតមកទល់ពេលនេះ ស្បៀងសង្គ្រោះទាំងនេះបានចែកជូនដោយផ្ទាល់ដៃដល់បងប្អូនរងគ្រោះទាំងនោះប្រមាណជិត៧ពាន់គ្រួសាររួចមកហើយ ។
ឯកឧត្តម សុខ លូ តាងនាមឱ្យប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ក្នុងខេត្តបាត់ដំបង ឯកឧត្តមបានគោរពថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តល់អំណោយមនុស្សធម៌ ដល់រដ្ឋបាលខេត្តបាត់ដំបង នូវអង្ករ ៣០០តោន និងថវិកាចំនួន ២០ម៉ីនដុល្លារ បន្ថែមទៀត តាមរយៈក្រុមការងាររបស់សម្តេចដោយផ្ផ្ទាល់ផងដែរ៕ (អ៊ុក សំអាន បប )
![](https://asset.ams.com.kh/central/media/2022/10/photo_2022-10-24_09-34-23-1024x576.jpg)
![](https://asset.ams.com.kh/central/media/2022/10/photo_2022-10-24_09-34-28-1024x576.jpg)