​ប្រធានាធិបតីអ៊ុយក្រែន​​ច្រាន​ចោល​ការ​អះ​អាង​​​​របស់​រុស្ស៊ី​ដែល​ថា​អ៊ុយក្រែន​រៀប​ចំ​ប្រើ​​គ្រាប់​បែក​ស្មោកគ្រោក​​

អ៊ុយក្រែន៖ប្រធានាធិបតី​អ៊ុយក្រែន​លោក​ វ្ល៉ូឌីមៀរ​ ហ្សេលេនស្គី​ បាន​ច្រាន​ចោល​ការ​អះ​​អាង​របស់​រុស្ស៊ី កាល​ពី​ថ្ងៃ​អាទិត្យ​ទី​​ ២៣ ខែតុលា​នេះ​​ថា​ អ៊ុយក្រែន​កំពុង​រៀប​ចំ​​ប្រើ​ប្រាស់​ «​គ្រាប់​បែក​ស្មោកគ្រោក​​» ដើម្បីវាយ​ប្រហារ​​បង្ក​ហេតុ​​​។

លោក​ ហ្សេលេនស្គី​ បាន​​អះ​អាង​យ៉ាង​ដូច្នេះ​ថា​៖ «ប្រសិន​បើ​រុស្ស៊ី​ចោទ​ប្រកាន់​​ថា​អ៊ុយក្រែន​កំពុង​តែ​រៀប​ចំ​អ្វី​ នោះ​មាន​ន័យ​ថា​ រុស្ស៊ី​​បាន​​រៀប​ចំ​ធ្វើ​ការ​នោះ​។ ខ្ញុំ​ជឿ​ថា​ ​ឥឡូវ​​នេះ​​ពិភព​លោក​​គួរ​​តែ​​មាន​​ប្រតិកម្ម​​យ៉ាង​​ខ្លាំង​​តាម​​ដែល​​អាច​​ធ្វើ​​ទៅ​​បាន​»​។​ ​

សូម​បញ្ជាក់​ថា​ ក្នុង​កិច្ច​សន្ទនា​ជាមួយ​សមភាគី​មួយ​ចំនួន​​មក​ពី​អង្គការ​ណាតូដូច​ជា​​សហរដ្ឋ​អាមេរិក​ អង់គ្លេស​ បារាំង ​​និង​តួកគី ​រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​ លោក​ Sergei Shoigu ​បាន​អះ​​អាង​​​អំពី​​​អ្វី​ដែល​លោក​ហៅ​ថា​ ជា​ការ​បង្ក​ហេតុ​របស់​អ៊ុយក្រែន​​ពាក់​ព័ន្ធ​នឹង​​ «​គ្រាប់​បែក​ស្មោកគ្រោក​​»​ ដែល​ជា​ឧបករណ៍​ដែល​ប្រើ​សារធាតុ​ផ្ទុះ​ ដើម្បី​​បន្សាយ​​កាក​សំណល់​វិទ្យុ​សកម្ម​ទោះ​បី​ជា​អាវុធ​ប្រភេទ​នេះ​ មិន​​មាន​​ឥទ្ធិពល​​បំផ្លិច​បំផ្លាញ​ដូច​​​ការ​​ផ្ទុះ​​នុយក្លេអ៊ែរ​​ទេ​។

​ជុំ​វិញ​​រឿងនេះ​​ លោក​ ហ្សេលេនស្គី​ បាន​វាយ​បក​ទៅ​វិញ​ ដោយ​សំដៅ​លើ​មេដឹកនាំ​រុស្ស៊ី​ លោក​ វ៉្លាឌីមៀរ​ ពូទីន​ ថា៖ «​ប្រសិន​បើ​អ្នក​ណា​ម្នាក់​ អាច​ប្រើ​ប្រាស់​អាវុធ​នុយក្លេអ៊ែរ​នៅ​ក្នុង​​ផ្នែក​ណា​មួយ​នៃ​ទ្វីប​អឺរ៉ុប​នេះ​ វា​អាច​ជា​ប្រភព​តែ​មួយ​ប៉ុណ្ណោះ ​ហើយ​ប្រភព​នោះ​គឺ​​​ជា​អ្នក​​ដែល​​បញ្ជា​ឱ្យ​លោក​ ​​Shoigu ​ទូរស័ព្ទ​ទៅ​នេះ​ ឬ​ទៅ​នោះ​»​។

លោក​ ហ្សេលេនស្គី​ បាន​បន្ត​ថា​៖ ​«​ពេល​​រុស្ស៊ី​​នាំ​មក​នូវ​ការ​ស្លាប់​ និង​ការ​រិច​រឹល​ យើង​​​ស្តារ​ជីវិត​រស់​នៅ​ឱ្យ​ក្លាយ​ជា​ធម្មតា​ឡើង​វិញ​​។​ ​កន្លែង​ណា​ដែល​រុស្ស៊ី​ទៅ​ដល់​ រុស្ស៊ី​នឹង​បន្សល់​ទុក​នូវ​​ផ្នូរ​ដ៏​ធំ​ បន្ទប់​ធ្វើ​ទារុណ​កម្ម​ ​​ទីក្រុង​ និងភូមិ​ស្រុក​ និងហេដ្ឋារចនាសម្ព័ន្ធ ​ដែល​​រង​ទៅ​ដោយ​​ការ​បំផ្លាញ​»​។

កន្លង​មក​ ​អាជ្ញាធរ​រុស្ស៊ី​បាន​ធ្វើ​ការ​ចោទ​ប្រកាន់​ម្តង​ហើយ​ម្តង​ទៀត​ថា​ អ៊ុយក្រែន​អាច​បំផ្ទុះ​គ្រាប់​បែកស្មោកគ្រោក​​​នៅ​ក្នុង​ការ​វាយ​ប្រហារ​​​​​​​បំភាន់​គេ​ឯង​​ ​​ហើយ​ទម្លាក់​កំហុស​​លើ​ទីក្រុង​ម៉ូស្គូ​។​ ប៉ុន្តែ​​អាជ្ញាធរ​អ៊ុយក្រែន​បាន​ចោទ​ប្រកាន់​ វិមាន​ក្រឹមឡាំង​វិញ​ ​ពី​បទ​ញុះញង់​​ដើម្បី​​ធ្វើ​ផែនការ​បែប​នេះ​ខ្លួន​​ឯង​។

មុន​ការ​ច្រាន​ចោល​របស់​លោក​ ហ្សេលេនស្គី​ ​​នៅ​ថ្ងៃ​អាទិត្យ​ដដែល​ ​រដ្ឋ​មន្ត្រី​ការ​បរទេស​អ៊ុយក្រែន​លោក​ ឌ្មីត្រូ​ គូឡេបា​ បាន​បរិហារ​ការ​អះ​អាង​របស់​លោក​ Shoigu  ​​ថា​​មិន​សម​ហេតុ​ផល​​ និង​​គ្រោះ​ថ្នាក់​​។​ លោក​​បាន​​បន្ថែម​​ថា​​៖​ «​​​​រុស្ស៊ី​​តែង​តែ​​ចោទ​​អ្នក​​ដទៃ​ ​អំពី​​​អ្វី​​ដែល​​ពួក​គេ​​គ្រោង​​នឹង​​ធ្វើ​ខ្លួន​ឯង​​​។

សូម​បញ្ជាក់​ថា​ ការ​អះ​​អាង​របស់​រុស្ស៊ី​ចុង​ក្រោយ​នេះ​ ក៏​ត្រូវ​បាន​សមភាគី​ណាតូ​ច្រាន​ចោល​ផង​ដែរ​។ ​រដ្ឋ​មន្ត្រី​ការពារ​ជាតិ​អង់គ្លេស​ លោក​ Ben Wallace ​បាន​ច្រាន​ចោល​ ហើយ​ព្រមាន​​ទីក្រុង​មូស្គូ​កុំ​ឱ្យ​ប្រើ​វា​ជា​លេស​​ដើម្បី​បង្កើន​ភាព​តាន​តឹង​នៃ​សង្រ្គាម​។​ ​ចំណែក​អ្នក​នាំ​ពាក្យ​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​សេតវិមាន​របស់​អាមេរិក​ លោក​ Adrienne Watson ​វិញ​ បាន​ថ្លែង​​​ក្នុង​សេចក្តី​ថ្លែងការណ៍បន្ថែម​ពី​នេះ​​​ថា​ ការ​​ចោទ​ប្រកាន់របស់​លោក Shoigu ​ គឺ​​មិន​ពិត​ប្រកប​ដោយ​តម្លាភាព ប៉ុន្តែ​ពិភព​លោក​នឹង​មើល​ឃើញ​តាម​រយៈ​ការ​ប៉ុន​ប៉ង​ណា​មួយ​ ដើម្បី​ប្រើ​ការ​ចោទ​ប្រកាន់​នេះ​ជា​លេស​​​​បង្កើន​ភាព​តាន​តឹង​៕

ដោយ៖ហួន ឌីណា

ប្រភព៖ Ukraine updates: Zelenskyy slams Russian ‘dirty bomb’ claims dw.com

Russia’s defense chief warns of ‘dirty bomb’ provocation washingtonpost.com

ads banner