ពួក ហេកគ័រលួច​ចូល​ប្រើ​ទិន្នន័យ​របស់​បណ្តាញ​ទីភ្នាក់​ងារ​ថាមពល​អាតូមិក​របស់​អ៊ីរ៉ង់​

អឺរ៉ង់៖អង្គការ​ថាមពល​អាតូមិក​​​អ៊ីរ៉ង់​ (AEOI) បាន​​អះ​អាង​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​២៣ ខែ​តុលា​នេះ​ថា​ ​ពួក​ហេកគ័រ​(Hacker)បាន​លួច​ចូល​ប្រើ​ទិន្នន័យ​របស់​បណ្ដាញ​បុត្រសម្ព័ន្ធ​​របស់​ខ្លួន​​ ដោយធ្វើ​ការ​​ប្រើ​ប្រាស់​ប្រព័ន្ធ​អ៊ីមែល​​​ដោយ​​សេរី​។ ​

​ការ​​អះ​អាង​នេះ​ ធ្វើ​ឡើង​​បន្ទាប់​ពី​ក្រុម​ហេកគ័រ​​អនាមិក​ដែល​ឱ្យ​ឈ្មោះ​ខ្លួន​ឯង​ថា​ ​Black Reward ​បាន​និយាយ​ទទួល​ខុស​ត្រូវ​លើ​ការ​លួច​ចូល​ប្រើ​ទិន្នន័យ​នេះ​ ​ហើយ​​អះ​អាង​ថា​​ ​ ខ្លួន​បាន​បញ្ចេញ​រូប​ភាព​​នៃ​ទីតាំង​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់ និង​ព័ត៌មាន​អំពីអង្គការ​ថាមពល​បរមាណូ​របស់​អ៊ីរ៉ង់​ ​​​យ៉ាង​​ហោច​​ណាស់​​ ៥០​ ជីហ្គាបៃ​​។​

ទោះ​បី​ជា​យ៉ាង​នេះ​ក៏ដោយ​ AEOI ​មិន​បាន​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​ថា​​ទិន្ន​ន័យ​ដែល​ក្រុម​ហែកឃឺរ​ចូល​មើល​សំខាន់​ខ្លាំង​ប៉ុណ្ណា​នោះ​ទេ​។ ​ទីភ្នាក់​ងារ​នុយក្លេអ៊ែរ​អ៊ីរ៉ង់​នេះ​ និយាយក្នុង​សេចក្ដី​ថ្លែង​ការណ៍​​យ៉ាង​ដូច្នេះ​ថា​៖ «​​​ការ​ចូល​ប្រើ​ទិន្នន័យ​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​​ប្រភព​​បរទេស​ជាក់​លាក់​មួយ​ ចំពោះ​​​ប្រព័ន្ធ​អ៊ីមែល​របស់​ក្រុមហ៊ុន​នេះ​ (ក្រុមហ៊ុន​ផលិត​ និង​អភិវឌ្ឍន៍​ថាមពល​អាតូមិក​)​ នាំ​​​​ឱ្យ​មាន​ការ​ចេញ​ផ្សាយ​​​​ខ្លឹមសារ​នៃ​អ៊ីមែល​មួយ​ចំនួន​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​»។​ AEOI ​​បន្ថែម​ថា​ ​អ៊ីមែល​ទាំង​​នោះ​មាន​​សារ​បច្ចេកទេស​ ដែល​​ប្រើ​ក្នុង​ការ​ទាក់​ទង​គ្នា​ប្រចាំ​ថ្ងៃ​។  ​

AEOI ​​បាន​​លើក​ឡើង​ទៀត​ថា​៖ «​គោល​បំណង​នៃ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ខុស​ច្បាប់​បែប​នេះ​ ​ធ្វើ​ឡើង​ដើម្បី​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​ពី​សាធារណជន​ ដោយ​ការ​​បង្កើត​​ឱ្យ​មាន​ការ​​ផ្អើល​​គ្នា​លើ​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ និង​ប្រតិបត្តិការ​​ផ្លូវ​ចិត្ត​»​។

​សូម​បញ្ជាក់​ថា​ ក្រុម​ហែកគ័រ​ Black Reward ​ក៏​​បាន​​ចេញ​ផ្សាយ​ផង​ដែរ​នូវ​អ្វី​ដែល​ខ្លួន​​ហៅ​ថា​ ជា​ព័ត៌មាន​លម្អិត​អំពី​អត្តសញ្ញាណ​និង​ប្រាក់​បៀវត្សរ៍​របស់​វិស្វករ​និង​និយោជិត​នៃ​ក្រុមហ៊ុន​ផលិតនិង​អភិវឌ្ឍន៍​ថាមពល​អាតូមិក​អ៊ីរ៉ង់។ ក្រុម​ហេកគ័រ​ដដែល​ ថែម​ទាំងបាន​​ទម្លាយ​ព័ត៌មាន​​​លិខិត​ឆ្លង​ដែន​ និង​ទិដ្ឋាការ​របស់​អ្នក​ឯកទេស​អ៊ីរ៉ង់​ និង​រុស្ស៊ី​ ដែល​ធ្វើ​ការ​នៅ​ក្នុង​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​ Bushehr ​ទៀត​ផង​។

ជុំ​វិញ​ការ​លួច​ចូល​ប្រើ​ទិន្នន័យ​នេះ​ ក្រុម​ Black Reward ​​បាន​​ទាមទារ​​​ឱ្យ​​រដ្ឋាភិបាល​ទីក្រុង​តេអេរ៉ង់​ ដោះលែង​អ្នក​ទោស​នយោបាយ​ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​​​ក្នុង​ការ​តវ៉ា​ទូទាំង​ប្រទេស ដែល​ផ្ទុះ​ឡើង​ដោយ​សារ​​​ការ​ស្លាប់​របស់​នារី​ជន​ជាតិ​កួដ​វ័យ​ ២២ ក្រោម​ថ្វីដៃ​របស់​ប៉ូលីស​សីលធម៌​អ៊ីរ៉ង់​ កាល​ពី​ពាក់​កណ្ដាល​ខែ​កញ្ញា​។ ​មក​ទល់​ពេល​នេះ​ ​បាតុកម្ម​តវ៉ា​ហាក់​មិន​ស្រាក​ស្រាន្ត​ ខណៈ​រដ្ឋាភិបាលអ៊ីរ៉ង់​ ​​បាន​បើក​ការ​បង្រ្កាប​ផ្សេង​ៗ​ទៅ​លើ​ក្រុម​បាតុករ​ រួម​ទាំង​ការ​ចាប់​ឃុំ​ខ្លួន​ក្រុម​បាតុក​រ​ជាង​ ១២ ៥០០ នាក់​ គិត​ត្រឹម​សប្ដាហ៍​មុន​៕  ​

ដោយ៖ហួន ឌីណា ប្រភព៖ Hackers Breach Iran’s Atomic Energy Subsidiary Network

ads banner