ក្រសួងយុត្តិធម៌ថ្កោលទោសចំពោះទណ្ឌិតជាប់ទោសក្បត់ជាតិ សម រង្ស៊ី ដែលថ្លើមពាសមេឃហ៊ានប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតលើព្រះចេស្តារព្រះមហាក្សត្រ

ភ្នំពេញ៖ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងយុត្តិធម៌ បានធ្វើញ្ញត្តិប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការបំផុតចំពោះ ទណ្ឌិតជាប់ទោសក្បត់ជាតិ សម រង្ស៊ី ដែលថ្លើមពាសមេឃហ៊ានប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតលើព្រះចេស្តារព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃប្រជាជាតិខ្មែរទូទាំងនគរ ថា “មិនមានមនសិការជាតិ” និង “ក្បត់ជាតិ។

ក្រសួងយុត្តិធម៌បានបញ្ជាក់ថា ការប្រមាថរបស់ទណ្ឌិតជាប់ទោសក្បត់ជាតិខាងលើនេះ ចំពោះអង្គ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាព្រះប្រមុខរដ្ឋ និងជារដ្ឋបុរសស្នេហាជាតិដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជាជាតិខ្មែរ ថា “ក្បត់ជាតិ” គឺ ជាការប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតចំពោះអង្គ ព្រះមហាក្សត្រ និងអតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាចំពោះប្រជាជាតិខ្មែរទាំងមូល។

ក្រសួងយុត្តិធម៌ បានអំពាវនាវឱ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់ជាទីបំផុតទៅលើ ទណ្ឌិតជាប់ទោសក្បត់ជាតិ សម រង្ស៊ី ព្រមទាំងបក្ខពួក ដែលហ៊ានប្រព្រឹត្តអំពើប្រមាថដ៏ធ្ងន់ធ្ងរបំផុតដែលប្រជារាស្ត្រ ខ្មែរទូទាំងនគរមិនអាចអត់ឱនឱ្យបានជាដាច់ខាត។ យើងខ្ញុំទាំងអស់គ្នា ជាប្រជានុរាស្ត្រខ្មែរគ្រប់រូប សូមប្ដេជ្ញា និងប្រកាសជាឱឡារិកថា នឹងបន្តគោរពគាំទ្រ និងដង្ហែតាមអង្គព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាឥស្សរជនស្នេហាជាតិកំពូល និងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើងខ្ញុំទាំងអស់គ្នាដែលជាប្រជានុរាស្ត្រខ្មែរ៕
ដោយ៖ពលជ័យ

ads banner