អភិបាលខេត្តរតនគិរី ជម្រុញឱ្យក្មួយៗសិស្សានុសិស្សសាលាគ្រូយើងដែលបានឆ្លងភូមិសិក្សាចំនួន៤៦៦នាក់ ត្រូវធ្វើជាមនុស្សពិត ពោរពេញដោយចំណេះវិជ្ជា និងជំនាញពិត

រតនគិរី ៖ មានប្រសាសន៍សំណេះសំណាលជាមួយក្មួយៗ សិស្សានុសិស្សនៃគ្រឹះស្ថានសិក្សាឯកជន(សាលាគ្រូយើង)បានបញ្ចប់ការសិក្សាឆ្លងភូមិសិក្សាចំនួន ៤៦៦នាក់ ដែលបានរៀបចំធ្វើឡើងនាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះក្មួយៗសិស្សានុសិស្សដែលបានខិតខំប្រឹងប្រែងរៀនសូត្រ រហូតឆ្លងផុតភូមិសិក្សាឆ្នាំ២០២១-២០២២ ។ ឯកឧត្តមបាន ជម្រុញឱ្យជ័យលាភីទាំងអស់ត្រូវធ្វើជាមនុស្សពិត ពោរពេញដោយចំណេះវិជ្ជា និងជំនាញពិត។

ឯកឧត្តម សង្កត់ធ្ងន់ថាមនុស្សពិត គឺជាមនុស្សដែលមានអង្គមួយទៀតដ៏សំខាន់នោះ គឺពុទ្ធិ ដែលពុទ្ធិនេះរួមមានឥរិយាបថផ្នែក សុជីវធម៌ សីលធម៌ និងគុណធម៌ខ្ពស់ក្នុងសង្គម។ មនុស្សពិត ជាមនុស្សដែលចេះគោរពស្រឡាញ់ និងឱ្យតម្លៃលើជាតិសាសន៍របស់ខ្លួន និងធ្វើអ្វីដែលជាប្រយោជន៍ដល់សហគមន៍ ក្រុមគ្រួសារ និងប្រទេសជាតិរបស់ខ្លួន។

ឯកឧត្តមអភិបាលខេត្តបញ្ជាក់បន្ថែមថា ការបញ្ចប់ការសិក្សាឆ្លងភូមិសិក្សា និងការបញ្ចប់ការសិក្សាកម្រិតមធ្យមសិក្សា (ថ្នាក់ទី១២) គឺគ្រាន់តែជាចំនុច ចាប់ផ្ដើមប៉ុណ្នោះ។ ដូច្នេះកូនៗ ក្មួយៗ ត្រូវឆ្លងកាត់ដំណាក់កាលជាច្រើនទៀត នៅថ្ងៃខាងមុខនិងសំណូមពរយដល់ អស់លោក លោកស្រី ជាមាតាបិតាទាំងអស់ ជួយជ្រោមជ្រែង តាមរយៈការបញ្ជូនកូនៗ ក្មួយៗដល់ទិសដៅ និងបញ្ចប់ការសិក្សាថ្នាក់ជំនាញនៅឧត្តមសិក្សា។

ឯកឧត្តម ញ៉ែម សំអឿន បានផ្តាំផ្ញើកូនៗ ក្មួយៗ ដែលបានបញ្ចប់ការសិក្សាឆ្លងភូមិសិក្សាគ្រប់កម្រិត ប្រចាំឆ្នាំ ២០២១-២០២២ នេះ និងក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ និងជាយុវជនល្អដែលជាសរសរទ្រូងនៃប្រទេសជាតិ។

ឯកឧត្តម ក៏បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃសាលារៀនគ្រូយើង ដែលលោកបាន ខិតខំ ចូលរួមចំណែកជាមួយអាជ្ញាធរ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជាពិសេស គាំទ្រលើទស្សនវិស័យ និងការដឹកនាំលើមាគ៌ា ដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងធនមនុស្សដ៏ល្អសម្រាប់សង្គមជាតិ។

នៅក្នុងឱកាសនេះឯកឧត្តមអភិបាលខេត្ត បានអញ្ជើញប្រគល់សញ្ញាបត្រ ឆ្លងភូមិសិក្សាដល់ក្មួយៗសិក្សានុសិស្សទាំងអស់ និងបានឧបត្ថមថវិកាមួយចំនួនដល់សាលាគ្រូយើងផងដែ៕ដោយ គតិ យុត្ត

ads banner