ថៃ៖ ផ្លូវហាយវេ Patong-Kathu ខេត្តភូកេត បើកឡើងវិញសម្រាប់អ្នកថ្មើរជើង បន្ទាប់ពីបំណាក់ដី

បាងកក៖ ផ្នែកដែលដួលរលំ នៃផ្លូវហាយវេ ៤០២៩ របស់ខេត្តភូកេត ពីឆ្នេរក្រុង ប៉ាតុង (Patong) ទៅ កាធូ (Kathu) ត្រូវបានបើកឡើងវិញ សម្រាប់អ្នកថ្មើរជើង កាលពីថ្ងៃអាទិត្យ ទី២៣ ខែតុលា ឆ្នាំ២០២២។
អភិបាលខេត្តភូកេត Narong Woonciew បាននិយាយថា ទោះបីជាយ៉ាងណាក៏ដោយ ផ្លូវនេះនឹងនៅតែបិទសម្រាប់យានយន្តសម្រាប់ហេតុផលសុវត្ថិភាព។

ផ្លូវនេះត្រូវបានបិទ កាលពីថ្ងៃពុធ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃបានបន្តដោយការបាក់ដី ដែលបានហែកផ្នែកមួយនៃផ្លូវខាងក្រៅ។
ទោះជាយ៉ាងនេះក្តី អ្នកស្រុកបានត្អូញត្អែរថា សិស្សានុសិស្សនឹងត្រូវប្រើប្រាស់ផ្លូវធ្វើដំណើរទៅសាលារៀន ចាប់ពីថ្ងៃអង្គារនេះ ដែលជំរុញឱ្យអភិបាលខេត្តបើកផ្លូវជូនប្រជាពលរដ្ឋដោយថ្មើរជើង។ ផ្លូវថ្មើរជើងឱបចង្កេះភ្នំ ខណៈរបងបណ្ដោះអាសន្នត្រូវបានគេដំឡើងដើម្បីការពារមិនឱ្យមនុស្សដើរជិតផ្លូវដែលរងការខូចខាតនោះ ។

លោក Narong Woonciew បាននិយាយថា ផ្លូវថ្មើរជើងនឹងត្រូវបិទភ្លាមៗ ប្រសិនបើភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀត គំរាមកំហែងដល់ការបាក់ដីមួយទៀត។អភិបាលខេត្តរូបនេះបាននិយាយថា ការិយាល័យផ្លូវហាយវេស្រុកភូកេត បានស្ទង់មើលការខូចខាតផ្លូវ ហើយបានប៉ាន់ប្រមាណតម្លៃជួសជុល ៤.៩លានបាត។ ការជួសជុលនឹងរួមបញ្ចូលទាំងការដាក់សសរគ្រឹះថ្មី ការស្ថាបនាផ្ទៃផ្លូវឡើងវិញ និងការសាងសង់របាំងសម្រាប់ផ្លូវខាងក្រៅឡើងវិញ។

ផ្លូវហាយវេ ៤០២៩ គឺជាផ្លូវទៅកាន់ភ្នំ Patong ហើយជាធម្មតា ជាផ្លូវដែលមមាញឹកបំផុតនៅលើកោះទេសចរណ៍។
ខណៈពេលដែលការជួសជុលកំពុងដំណើរការ អ្នកបើកបរដែលធ្វើដំណើរទៅកាន់ទីក្រុង Patong ត្រូវបានគេណែនាំឱ្យប្រើប្រាស់ផ្លូវហាយវេ ៤០២៨ , ៤០២៥ ឬ ៤០៣០៕ ប្រភពពី The Nation , បាងកកប៉ុស្តិ៍, ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner