ប្រធានអាស៊ានអំពាវនាវដល់ភាគីជម្លោះនៅភូមាបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សាដែលកើតឡើងថ្មីៗនេះ
ភ្នំពេញ៖ប្រធានអាស៊ានបានអំពាវនាវឱ្យភាគីជម្លោះទាំងឡាយនៅភូមាបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សាដែលកំពុងកើនឡើងក្នុងពេលថ្មីៗនេះ ដែលបានបណ្តាលឱ្យជនស៊ីវិលស្លូតត្រង់ជាច្រើននាក់រងរបួស និងស្លាប់ពីការប៉ះទង្គិចគ្នាតាមផ្លូវអាវុធរបស់ភាគីទំនាស់ក្នុងប្រទេសភូមា។ ការអំពាវនាវនេះ ធ្វើឡើងតាមរយៈសេចក្តីថ្លែងការណ៍ពីសំណាក់ប្រធានអាស៊ាននៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២។
កម្ពុជាក្នុងនាមប្រធានអាស៊ានបានចេញសេចក្តីថ្លែងការណ៍មួយស្តីពី «ការកើនឡើងនៃអំពើហិង្សាក្នុងប្រទេសមីយ៉ាន់ម៉ានាពេលថ្មីៗនេះ» ដែលអំពាវដល់បណ្តាភាគីជម្លោះទាំងឡាយធ្វើការអត់ធ្មត់ខ្ពស់ និងបញ្ឈប់ជាបន្ទាន់នូវរាល់អំពើហិង្សា។ប្រធានអាស៊ានបានធ្វើការកត់សម្គាល់និងភ័យព្រួយជាខ្លាំងចំពោះទង្វើបង្កហិង្សាពីសំណាក់ក្រុមនៃភាគីជម្លោះនីមួយៗ ដែលវាផ្ទុយទៅនឹង ស្មារតីនៃ កិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ាន និងប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់បេសកកជនពិសេសនៃប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា លើវឌ្ឈនភាពនៃការអនុវត្ត កិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច ឬ កុងសុងស៊ី ៥ចំណុច ។
តាមរយៈសេចក្តីថ្លែងការណ៍នេះ ប្រធានអាស៊ានបានបង្ហាញពីក្តីសង្វេគចំពោះសោកនាដកម្មនៅមីយ៉ាន់ម៉ាដូច្នេះថា៖ «យើងមានក្តីសង្វេគជាពន់ពេនចំពោះកំណើនអ្នកស្លាប់ និងរងសបួសកាន់តែច្រើនឡើង និងការរងទុក្ខវេទនាដ៏ធំធេងរបស់ប្រជាជនសាមញ្ញនៅប្រទេសមីយ៉ាន់ម៉ា »។
សេចក្តីថ្លែងការណ៍នេះ ធ្វើឡើង បន្ទាប់ពីផ្ទុះនូវអំពើហិង្សា និងការប៉ះទង្គិចផ្លូវយោធាជាច្រើនដោយដៃភាគីជម្លោះនៅភូមានោះ ដែលនាពេលថ្មីៗនេះ មានការបង្ករបួសស្នាមដល់ជនស៊ីវិលស្លូតត្រង់ ការបំផ្ទុះគ្រាប់បែកនៅពន្ធនាគាអ៊ិនសេន ការវាយប្រហារគ្នាក្នុងរដ្ឋការ៉ែន និងសេចក្តីរាយការណ៍ថ្មីបំផុតពាក់ព័ន្ធ ការវាយប្រហារតាមអាកាសក្នុងរដ្ឋកាជីន ។
ប្រធានអាស៊ានបានអំពាវឱ្យគ្រប់ភាគីពាក់ព័ន្ធក្នុងទំនាស់ ត្រូវបញ្ឈប់ការប៉ះទង្គិចគ្នា ការបង្កហិង្សាទៅវិញទៅមក ត្រូវមានការអត់ធ្មត់ ដើម្បីបង្កលទ្ធភាពឲ្យមានកិច្ចសន្ទនាប្រកបដោយបរិយាប័ន្ននិងស្ថាបនា ចំពោះកិច្ចស្វែងរកដំណោះស្រាយដោយសន្តិវិធី និងការបង្រួបបង្រួមជាតិនៅមីយ៉ាន់ម៉ា ក្នុងគោលដៅសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់។
លោកបណ្ឌិតយង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាយល់ថា ការចេញសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ានពេលនេះ គឺដើម្បីដាស់សតិដល់ភាគីជម្លោះនៅមីយ៉ាន់ម៉ា ជាពិសេសក្រុមរបបសឹករបស់លោកមីន អោងឡាំង ដែលតែងតែផ្គើននឹងវិធានការរបស់អាស៊ានក៏ដូចជាសហគមន៍អន្តរជាតិ នាពេលកន្លងមក។
លោកបណ្ឌិតបញ្ជាក់ថា៖« នេះជាការផ្គើនរបស់របបសឹកភូមាចំពោះអាស៊ាន ជាពិសេសកម្ពុជាដែលនឹងត្រូវដឹកនាំកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធនៅខែវិច្ឆិកាខាងមុខ។ ការផ្គើនលើកនេះបីដូចជាការផ្គើនលើកមុនដែលខណៈពេលមុនកិច្ចប្រជុំមកដល់ដែលបានកាត់ទោសប្រហាជីវិតសកម្មជននយោបាយភ្លាមៗ ហើយលើកនេះបានសម្លាប់ប្រជានស្លូតត្រង់ប្រមាណ៥០នាក់ ក្នុងពិធីជួបជុំមួយ» ។
លោកបណ្ឌិតយង់ ពៅបន្ថែមថា អាស៊ានគួរហ៊ានឈានជើងមួយជំហានទៀត ដែលគេអាចប្រើវិធីសាស្រ្តព្យួរសមាជិកភាពរបស់ភូមាជាបណ្តោះអាសន្នសិនដែលគេមិនដែលឃើញមានក្នុងប្រវត្តិសាស្រ្តអង្គការតំបន់នេះឡើយ ដើម្បីបង្ខំឲ្យរបបសឹកគោរពតាម កុងសង់ស៊ីសទាំង៥ របស់អាស៊ាន ។
ស្រដៀងគ្នានេះដែរ លោក វណ្ណ ប៊ុនណា អ្នកស្រាវជ្រាវនៅវិទ្យាស្ថានខ្មែរសំរាប់សហប្រតិបត្តិការនិងសន្តិភាពយល់ឃើញថា អាស៊ានអាចធ្វើការរួមគ្នាលើការដាក់ទណ្ឌកម្មដល់ថ្នាក់ដឹកនាំកំពូលនៃរបបសឹក ឬអាចរួមគ្នាជាមួយអង្គការសហប្រជាជាតិក្នុងការស្នើឱ្យចាត់ទុកវិបត្តិភូមា ជាបញ្ហាអន្តរជាតិ បន្ថែមលើបញ្ហាតំបន់ ដែលអាចដាក់សម្ពាធដល់របបសឹក និងភាគីពាក់ព័ន្ធបានមួយកម្រិតទៀត។
ចំពោះលោកសាស្ត្រាចារ្យ ថុង ម៉េងដាវិត អ្នកសិក្សាស្រាវជ្រាវនៅមជ្ឈមណ្ឌលមេគង្គ សម្រាប់សិក្សាយុទ្ធសាស្ត្រនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) បញ្ជាក់ថា កម្ពុជាក្នុងនាមជាប្រធានអាស៊ាននៅតែរក្សាជំហរគាំទ្រឲ្យមានការបញ្ឈប់អំពើហិង្សានិងបញ្ឈប់រាល់បទឧក្រិដ្ឋប្រហាជិវិតសកម្មជននយោបាយនានានៅមីយ៉ាន់ម៉ាជានិច្ច ដែលជាយន្តការសំខាន់ដើម្បីបើកផ្លូវដល់ភាគីជម្លោះនានា រកទីតាំងនិងវិធានការក្នុងការសម្របសម្រួលវិបត្តិទំនាស់នយោបាយផ្ទៃក្នុងនេះ។
នៅថ្ងៃទី២៧ ខែតុលាស្អែកនេះនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី មានកិច្ចប្រជុំបន្ទាន់ពិសេសមួយស្តីពីវិបត្តិនៅភូមា ដែលរដ្ឋមន្ត្រីក្រសួងការបរទេសអាស៊ានលើកយក «កិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច» ឬ «កុងសង់ស៊ីស៥ ចំណុច» មកពិភាក្សា មុនយកវិបត្តិនេះទៅដាក់នៅលើតុចរចារក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅរាជធានីភ្នំពេញ នាខែវិច្ឆិកាខាងមុខ។
របបភួមាដែលដោយលោក មីន អោងឡាំង បានប្រើអំពើហិង្សាទៅលើប្រជាជនខ្លួន រហូតមានការប្រហារជីវិតក្រុមអ្នកប្រជាធិបតេយ្យមីយ៉ាន់ម៉ា និងបានចាប់លោកស្រី អោងសាន ស៊ូជី ដាក់ឃុំខ្លួននៅពន្ធនាគារថែមទៀត ដែលលោកមីន អោងឡាំង បានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោកស្រីអ៊ុង សានស៊ូជី កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១៕
ដោយ៖ សំបាន ច័ន្ទដារ៉ា