លោក ចូ បៃដិន​៖ រុស្ស៊ី​នឹង​ប្រព្រឹត្ត​​កំហុស​ដ៏​ធ្ងន់​ប្រសិន​បើ​ប្រើ​​នុយក្លេអ៊ែរ​​តាកតិក​នៅ​អ៊ុយក្រែន​

អាមេរិក៖ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក​ ចូ បៃដិន​ បាន​​ថ្លែងព្រមាន​​កាល​ពី​ថ្ងៃ​អង្គារ​ទី​២៥ ខែ​តុលា​ ថា​ រុស្ស៊ី​​​នឹង​ប្រព្រឹត្ត​​កំហុស​ដ៏​ធ្ងន់​ធ្ងរ​ ​ប្រសិន​បើ​ប្រទេស​នេះ​ប្រើ​អាវុធ​នុយក្លេអ៊ែរ​តាកតិក​នៅ​អ៊ុយក្រែន​ ដើម្បី​យក​ឈ្នះ​សង្រ្គាម​​​ឈ្លាន​ពាន​ ដែល​អូស​បន្លាយ​តាំង​ពី​ខែ​ចុង​កុម្ភៈ​​។

ការ​ព្រមាន​ជា​ថ្មី​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​រុស្ស៊ី​អះ​អាង​​​ថា​ អ៊ុយក្រែន​​កំពុង​រៀប​ចំ​ប្រើ​​គ្រាប់​បែក​ស្មោកគ្រោក​ ក្នុង​ការ​ចោទ​ប្រកាន់​ដែល​លោក​ខាង​លិច​ ក៏​ដូច​ជា​​រដ្ឋាភិបាល​ក្រុង​កៀវ​ផ្ទាល់​ បាន​ច្រាន​ចោល​យ៉ាង​ដាច់​អហង្ការ​ហើយ​វាយ​បក​ទៅ​​រុស្ស៊ី​វិញ​ថា​ប្រើ​វិធីសាស្រ្ត​បំភាន់​​ដើម្បី​​​យក​លេស​បង្កើន​ភាព​តាន​តឹងនៃ​សង្រ្គាម​​ ​និងបន្ថែម​​ប្រតិបត្តិការ​វាយ​ប្រហារ​​អ៊ុយក្រែន​ (ឬ​គេ​ហៅ​ថា​ ប្រតិបត្តិការ​ទង់​ក្លែង​ក្លាយ​)។ ​នា​ពេល​នេះ​ រដ្ឋបាល​លោក​បៃដិន​ កំពុង​តែ​ធ្វើ​ការ​លើ​រឿង​នេះ​ ដើម្បី​ដាក់​សម្ពាធ​លើ​ក្រុង​ម៉ូស្គូ​។ ​

​លោក​ បៃដិន​ ​បាន​​​ថ្លែង​យ៉ាង​ដូច្នេះនៅ​សេតវិមាន​​​ថា​៖​ «​ខ្ញុំ​​​​គ្រាន់​​តែ​​និយាយ​​ថា​​ រុស្ស៊ី​​នឹង​ប្រព្រឹត្ត​កំហុស​ដ៏​សែន​ធ្ងន់​ធ្ងរ​ ​​ ប្រសិន​​​បើ​​​​​ប្រើ​​អាវុធ​​នុយក្លេអ៊ែរ​តាកតិក​។ ​ខ្ញុំ​​មិនអាច​ទាន់​​​ធានា​​ថា​​វា​​ជា​​ប្រតិបត្តិការ​​ទង់​​ក្លែង​ក្លាយ​​នៅ​​ឡើយ​​ទេ​។​ យើង​​​មិន​ដឹង​។ ​វា​​នឹង​​ជា​​កំហុសដ៏​សែន​​​ធ្ងន់​ធ្ងរ​​​​[របស់​រុស្ស៊ី​]»។

​សូម​បញ្ជាក់ថា​ រុស្ស៊ី​​បាន​​អះ​អាង​ដោយ​​មិន​ផ្ដល់​ភស្តុតាង​ឱ្យ​ប្រាកដ​ជាក់​លាក់​ នៅ​សប្ដាហ៍​នេះ​ថា​ ​​មាន​ស្ថាប័ន​វិទ្យាសាស្ត្រ​​​ក្នុង​ប្រទេស​អ៊ុយក្រែន​ បំពាក់​បច្ចេក​វិទ្យា​ដែល​ត្រូវ​ការ​ដើម្បី​បង្កើត​គ្រាប់​បែក​ស្មោកគ្រោក​ ​ដើម្បី​យក​វា​ប្រើ​ប្រាស់​ ដោយ​​​​បន្សាយ​​កាក​សំណល់​វិទ្យុ​សកម្ម ​ជីវសាស្រ្ត​ ឬ​គីមី​ លើ​តំបន់​ណា​មួយ​នៃ​សមរភូមិ​។​​ ​

​ខណៈ​មាន​ការ​ច្រាន​ចោល​យ៉ាង​ដាច់​អហង្ការ​ពី​អ៊ុយក្រែន​ និង​សម្ព័ន្ធ​មិត្ត​ ​មន្ត្រី​​អាមេរិក​បាន​អះ​អាង​​ថា​ ខ្លួន​​មិន​ឃើញ​មាន​​ភ័ស្តុតាង​ដែល​បង្ហាញ​ថា​ បច្ចុប្បន្ន​នេះ​ រុស្ស៊ី​​​កំពុង​រៀប​ចំ ឬ​សម្រេច​ចិត្ត​​ប្រើ​ប្រាស់​អាវុធ​មិន​ធម្មតា​ ដូច​ជា​គ្រាប់​បែក​ស្មោកគ្រោក​​ នៅ​លើ​សមរភូមិ​ក្នុង​ប្រទេស​អ៊ុយក្រែន​នោះ​ទេ​។​ ​

​ប៉ុន្តែ​វោហាសាស្ត្រ​របស់​រុស្ស៊ី​ ដែល​រង​ការ​ចោទ​ប្រកាន់​ថា​ជា​លេស​បង្កើន​ភាព​​តាន​តឹង​នៃ​សង្រ្គាមនៅ​អ៊ុយក្រែន​​ ​​បាន​បង្ក​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ថា​​ ​រុស្ស៊ី​អាច​នឹង​​ធ្វើ​អ្វី​ដែល​ខ្លួន​ឯង​ចោទ​អ៊ុយក្រែន​ រួម​ទាំង​ការ​ប្រើ​ប្រាស់​អាវុធ​នុយក្លេអ៊ែរ​តាកតិក​។ ​ប៉ុន្មាន​ម៉ោង​មុន​ការ​ថ្លែងព្រមាន​ចុង​ក្រោយ​​របស់​លោក​ បៃដិន​ ​​ អ៊ុយក្រែនបាន​​​ចោទ​ប្រកាន់​​រុស្ស៊ី​ពី​បទ​បង្កើត​គ្រាប់​បែក​ស្មោក​គ្រោក​​ដោយ​សម្ងាត់​​ខ្លួន​ឯង​ ក្នុង​រោង​ចក្រ​ថាមពល​នុយក្លេអ៊ែរ​អ៊ុយក្រែន​ហ្សាប៉ូរីចា​ ដែល​កង​ទ័ព​ឈ្លាន​ពាន​រុស្ស៊ី​កំពុង​កាន់​កាប់​។ ​

បន្ថែម​ពី​នេះ​ ដើម្បី​បង្ហាញ​ពី​ភាព​ស្អាត​ស្អំ និង​តម្លាភាព​​របស់​ខ្លួន​ អ៊ុយក្រែន​​បាន​ស្នើ​ឱ្យ​​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ (IAEA) ​​​​របស់​អង្គការ​សហប្រជាជាតិ​ ទៅ​មើល​កន្លែង​ដែល​រុស្ស៊ី​អះ​អាង​​​ថា​អ៊ុយក្រែន​រៀប​ចំ​គ្រាប់​បែក​ស្មោកគ្រោក​។ ពេល​នេះ​ IAEA កំពុង​រៀប​ចំ​ចុះ​ទៅ​មើល​ដល់​កន្លែង​ ប៉ុន្តែ​បាន​អះ​អាង​​នៅ​ថ្ងៃ​អង្គារ​ថា​ ការ​ចុះ​ត្រួត​ពិនិត្យ​របស់​ខ្លួន​ជា​ប្រចាំ​​នា​ពេល​កន្លង​មក​ មិន​មាន​ឃើញ​ដូច​អ្វី​ដែល​រុស្ស៊ី​ចោទ​ប្រកាន់​អ៊ុយក្រែន​​នោះ​​ទេ​៕

ដោយ៖ហួន ឌីណា ប្រភព៖ Biden warns Russia not to use a tactical nuclear weapon

ads banner