អង្គការយូណេស្កូប្រចាំនៅកម្ពុជា ស្វែងរកការគាំទ្រពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃក្នុងគម្រោងប្រើប្រាស់ឌីជីថលក្នុងវិស័យអប់រំ
ភ្នំពេញ៖តំណាងអង្គការយូណេស្កូ(UNESCO) ប្រចាំនៅកម្ពុជា ស្វែងរកការគាំទ្រពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃក្នុងគម្រោងប្រើប្រាស់ឌីជីថលក្នុងវិស័យអប់រំ។ ការស្នើនេះធ្វើឡើងក្នុងជំនួបរវាង លោក Sardar Umar Alam តំណាងអង្គការយូណេស្កូ (UNESCO) ប្រចាំនៅកម្ពុជានិងសម្តេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៥ខែតុលាឆ្នាំ២០២២។
ក្នុងឱកាសនៃជំនួបលោក Sardar Umar Alam បានកោតសរសើររាជរដ្ឋាភិបាលកម្ពុជាលើការងារបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ រួមទាំងការចាក់វ៉ាក់សាំងជូនប្រជាជន ខណៈដែលលោកសង្កេតឃើញយុទ្ធនាការសុខាភិបាលមួយនេះប្រព្រឹត្តទៅដោយស្មើភាព និងគ្មានការរើសអើង។ មន្ត្រីអង្គការសហប្រជាជាតិរូបនេះ បានជម្រាបសម្តេចក្រឡាហោមថា រូបលោកផ្ទាល់ក៏ទទួលបានការចាក់វ៉ាក់សាំងដូសទី៥រួចហើយ។
លោកបន្តថា ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ យូណេស្កូ បានផ្ដោតលើការអប់រំអក្ខរកម្មតាមរោងចក្រ និងអនុវត្តកម្មវិធីអប់រំកម្រិតមូលដ្ឋានតាមអ៊ីនធឺណិត និងបានពង្រីកវិសាលភាពការងារពាក់ព័ន្ធការបញ្ចេញមតិ និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ។ លោកបន្តថា បណ្ដាញសង្គមបច្ចុប្បន្ន បានផ្លាស់ប្ដូររបៀបទទួលព័ត៌មានរបស់សាធារណជន ហើយក៏បង្កើតជាបញ្ហាស្មុគស្មាញដល់អ្នកប្រើប្រាស់ និងរាជរដ្ឋាភិបាលដែរ។
លោក Sardar Umar Alam បញ្ជាក់ថា៖« ក្នុងនោះបណ្ដាញសង្គម ក៏បង្កើតជាផលប៉ះពាល់ផ្សេងទៀត ដូចជាបទល្មើសបច្ចេកវិទ្យាជាដើម។ យូណេស្កូ បានផ្ដល់ការបណ្ដុះបណ្ដាលកងកម្លាំងនគរបាលកម្ពុជាពាក់ព័ន្ធនឹងអក្ខរកម្មឌីជីថល និងបណ្ដាញសង្គមដើម្បីប្រឆាំងព័ត៌មានមិនពិត និងព័ត៌មានប្រកបដោយការរើសអើង»។
តំណាងអង្គការ យូណេស្កូ ប្រចាំកម្ពុជាក៏បានជម្រាបសម្តេចក្រឡាហោម ស ខេង ដែរថា អង្គការ យូណេស្កូ មានធនធាន និងចង់ស្នើសុំ ពិនិត្យលទ្ធភាពធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រសួងមហាផ្ទៃលើការងារបណ្ដុះបណ្ដាលមន្រ្តីនគរបាលកម្ពុជា និងរៀបចំផ្ដល់ជំនួយចាំបាច់ផ្សេងទៀត ដើម្បីគាំទ្រដល់ការងារអប់រំឌីជីថល។
លោក Sardar Umar Alam បានជម្រាបលម្អិត អំពីកម្មវិធីអប់រំតាមប្រព័ន្ធអ៊ីនធឺណិតដោយឥតគិតថ្លៃជូនប្រជាជនចាប់ពីអាយុ១៤ឆ្នាំឡើង។
លោកSardar Umar Alamបន្តថា ៖«យូណេស្កូមានគម្រោងពង្រីកកម្មវិធីនេះ(អប់រំឌីជីថល)ទៅដល់រោងចក្រនិងពន្ធនាគារ។យើងស្នើសុំសម្ដេចឱ្យមានការជួបគ្នារវាងមន្រ្តីជំនាញដើម្បីអនុវត្តគម្រោងនេះ»។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីបានអរគុណដល់អង្គការ យូណេស្កូ ដែលបានជួយគាំទ្រដល់ប្រទេសកម្ពុជាជាច្រើនឆ្នាំ និងច្រើនវិស័យ។សម្តេចថា ប្រទេសកម្ពុជា និងបណ្ដាប្រទេសនានាសុទ្ធតែជួបប្រទះនឹងបញ្ហាក្នុងវិស័យឌីជីថល។
សម្ដេចក្រឡាហោមបន្តថា ៖«ជាគោលការណ៍ រាជរដ្ឋាភិបាលបានលើកទឹកចិត្តឱ្យពលរដ្ឋបញ្ចេញមតិ ប៉ុន្តែទន្ទឹមគ្នានេះ រាជរដ្ឋាភិបាលក៏ត្រូវទប់ស្កាត់រាល់មតិទាំងឡាយណាដែលនាំឱ្យប៉ះពាល់ដល់ផលប្រយោជន៍សង្គមដែរ។ បញ្ហានេះទាមទារឱ្យមានការចែកច្បាស់រវាងព័ត៌មានក្លែងក្លាយ និងព័ត៌មានពិត»។
សម្ដេចបន្តថា បណ្ដាញសង្គម ក៏បានបង្កើតឱកាសឱ្យជនខិលខូចបង្កើតជាបទល្មើសផ្សេងៗ ដូចជាការឆបោក និងការលួចលុយតាមប្រព័ន្ធអនឡាញ។ ពាក់ព័ន្ធនឹងឌីជីថលនេះ សម្តេចក៏មានផេកហ្វេសប៊ុកផ្ទាល់ខ្លួន ហើយបើកចំហរឱ្យពលរដ្ឋដាក់ពាក្យបណ្ដឹង ដែលក្នុងនោះក៏មានបណ្ដឹងលើបទល្មើសពាក់ព័ន្ធនឹងបច្ចេកវិទ្យា ដូចជាការបោកប្រាស់តាមបណ្ដាញអនឡាញដែរ។ ប៉ុន្តែស្គាល់ថា សមត្ថភាពមន្រ្តីក្នុងការដោះស្រាយបញ្ហានេះនៅមានកម្រិតនៅឡើយ។
សម្តេចក្រឡាហោម ស ខេង បានបង្ហាញការចាប់អារម្មណ៍ចំពោះគំនិតផ្ដួចផ្ដើមរបស់តំណាងអង្គការយូណេស្កូនិងបានសន្យាចាត់មន្រ្តីជំនាញឱ្យធ្វើកិច្ចសហប្រតិការលើការងារនេះជាមួយអង្គការ យូណេស្កូ។
កម្ពុជាបានចូលជាសមាជិកអង្គការ យូណេស្កូ នៅឆ្នាំ១៩៥១ ដែលជាឆ្នាំបង្កើតអង្គការ ប៉ុន្តែកិច្ចសហការជាមួយគ្នាក៏ធ្លាប់បានអាក់ខានមួយរយៈធំ ដោយសារស្ថានភាពសង្គ្រាមផ្ទៃក្នុងរបស់កម្ពុជា។ ចាប់តាំងពីបើកការិយាល័យឡើងវិញនៅកម្ពុជាឆ្នាំ១៩៩១ យូណេស្កូ បានជួយកម្ពុជាលើវិស័យវប្បធម៌ អប់រំ ព័ត៌មាន និងសារគមនាគមន៍ វិទ្យាសាស្រ្តធម្មជាតិ សង្គមសាស្រ្ត និងមនុស្សសាស្រ្ត៕ ដោយ៖វណ្ណ ស័ក្ដិ