សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីបូជាសព ឧត្តមសេនីយ៍ឯក សារ៉ាត់ ច័ន្ទវីរៈ

ភ្នំពេញ ៖ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបូជាសព ឧត្តមសេនីយ៍ឯក សារ៉ាត់ ច័ន្ទវីរៈ អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ត្រូវជាកូនប្រុស ឯកឧត្តម ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង និងលោកជំទាវ។

សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ បានសម្ដែងក្តីរន្ធត់ តក់ស្លុត ក្តុកក្តួល និងសង្វេគសោកស្ដាយឥតឧបមា តាមរយៈសាររំលែកមរណទុក្ខ ផ្ញើជូន ឯកឧត្តម ស្បោង សារ៉ាត់ និងលោកជំទាវ ចំពោះមរណភាពឧត្តមសេនីយ៍ឯក សារ៉ាត់ ច័ន្ទវីរៈ ដែលមិនត្រឹមតែជាការបាត់បង់កូនប្រុស ស្វាមី និងឪពុកជាទីស្រលាញ់ ប្រកបដោយព្រហ្មវិហារធម៌ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបាត់បង់នូវមន្ត្រីធ្លាប់បំពេញភារកិច្ចបម្រើប្រជាពលរដ្ឋយ៉ាងសកម្ម និងរួមចំណែកអភិវឌ្ឍសង្គមជាតិក្នុងរយៈពេលកន្លងមក។ ព្រមជាមួយគ្នានោះ សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ក៏បានបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឧត្តមសេនីយ៍ឯក សារ៉ាត ច័ន្ទវីរៈ បានទៅកាន់ឋានបរមសុខ ក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា ឧត្តមសេនីយ៍ឯក សារ៉ាត់ ច័ន្ទវីរៈ បានទទួលមរណភាពដោយរោគាពាធ ក្នុងជន្មាយុ៤០ឆ្នាំ នាម៉ោង៨ព្រឹក ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ ត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋាន លេខ៩ ផ្លូវលេខ៨ បុរីប៉េងហួតបឹងស្នោរ គម្រោងទី៩ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ សពឧត្តមសេនីយ៍ឯក សារ៉ាត់ ច័ន្ទវីរៈ ត្រូវបានក្រុមគ្រួសារដង្ហែរមកប្រារព្ធពិធីបូជា នៅវត្តនិរោធិ៍រង្សី ដោយសម្ដេចក្រឡាហោមបានផ្ដល់កិត្តិយសជូនភ្លើងរំលាយសពជាកិច្ចបច្ឆាមរណៈ ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner