ក្រសួងកសិកម្មនិងស្ថានទូតចិន សម្ពោធការនាំចេញផ្លែមៀនស្រស់កម្ពុជាទៅកាន់ទីផ្សារចិនជាផ្លូវការ
ភ្នំពេញ៖ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែតុលានេះ នឹងរៀបចំពិធីសម្ពោធជាផ្លូវការ ការនាំចេញផ្លែមៀនស្រស់កម្ពុជាទៅកាន់ទីផ្សារចិនជាលើកដំបូង។ ពិធីនេះរៀបចំធ្វើនៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមអធិបតីភាពឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។
សូមរំឭកជូនថា ទម្រាំសម្រេចបានការងារនេះ ក្រសួងកសិកម្មកម្ពុជា បានចាប់ផ្ដើមដំណើរចរចាដើម្បីបើកទីផ្សារនាំចេញផ្លែមៀនស្រស់កម្ពុជាទៅកាន់ប្រទេសចិនចាប់តាំងពីខែមិថុនា ឆ្នាំ២០១៩ មកម្ល៉េះ ដោយក្នុងដំណាក់កាលដំបូង កម្ពុជាបានផ្ញើជូនភាគីចិននូវឯកសារបច្ចេកទេសសម្រាប់ការវិភាគសមាសភាពចង្រៃ។ បន្ទាប់ពីការចរចាលក្ខខណ្ឌតម្រូវភូតគាមអនាម័យបើកទីផ្សារអស់រយៈពេលជាង៣ឆ្នាំរួចមក នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ ភាគីចិនបានអនុម័តចុះបញ្ជីជាផ្លូវការនូវចម្ការមៀនចំនួន៧៤ និងរោងចក្រវេចខ្ចប់ចំនួន៨ សម្រាប់នាំចេញផ្លែមៀនស្រស់កម្ពុជាទៅកាន់ប្រទេសចិន។
កញ្ញា អ៊ឹម រចនា សមាជិកាខុទ្ទកាល័យរដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបន្ទុកផ្នែកព័ត៌មាន បានថ្លែងឱ្យដឹងនៅថ្ងៃពុធ ទី២៦ខែតុលានេះថា៖ «ចម្ការមៀនដែលទទួលបានការអនុម័តចុះបញ្ជីជាផ្លូវការឱ្យនាំចេញផ្លែមៀនទៅកាន់ទីផ្សារចិនទាំងចំនួន៧៤នោះ មាននៅខេត្តប៉ៃលិនចំនួន៤០ចម្ការ បាត់ដំបងចំនួន២៨ចម្ការ និងបន្ទាយមានជ័យចំនួន៦ចម្ការ។ ដោយឡែក រោងចក្រវេចខ្ចប់ចំនួន៨ រួមមាននៅខេត្តកណ្តាលចំនួន១ ខេត្តបាត់ដំបងចំនួន៣ ខេត្តប៉ៃលិនចំនួន២ និងខេត្តព្រះសីហនុចំនួន២»។
បើតាមកញ្ញា អ៊ឹម រចនា ដដែលការសម្រេចបាននូវការនាំចេញផ្លែមៀនស្រស់របស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសចិននាពេលនេះ គឺសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសកម្ពុជា និងប្រទេសចិន ដែលនឹងចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍវិស័យកសិកម្ម តាមរយៈការជួយបង្កើនផលិតកម្ម ការទាក់ទាញវិនិយោគិនចិនក្នុងវិស័យផលិតកម្មកសិកម្ម ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធវេចខ្ចប់ និងកែច្នៃបម្រើឱ្យការនាំចេញ និងដល់ការបង្កើតការងារនិងបង្កើនប្រាក់ចំណូលរបស់កសិករ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា។
នាពេលខាងមុខ កម្ពុជានឹងបើកការចរចាស្តីពីលក្ខខណ្ឌតម្រូវភូត្តគាមអនាម័យ ជាមួយអគ្គរដ្ឋបាលគយចិន ដើម្បីបើកទីផ្សារប្រទេសចិនសម្រាប់ការនាំចេញកសិផលកម្ពុជាផ្សេងទៀតជាបន្តបន្ទាប់ ដូចជា ម្រេច ដូងក្រអូប ទុរេន ផលិតផលសម្បុកត្រចៀកកាំ ផ្លែម្នាស់ ផ្លែខ្នុរ និងគ្រាប់ឈូកជាដើម។ល។ នេះបើតាមមន្ដ្រីនៃក្រសួងកសិកម្មដដែលបញ្ជាក់។
សូមកត់សម្គាល់ថា យោងទិន្នន័យនាំចេញកសិផលទៅក្រៅប្រទេស ដែលកត់ត្រាដោយអគ្គនាយកដ្ឋានកសិកម្ម ក្នុងឆ្នាំ២០២១ កម្ពុជា បាននាំចេញកសិផលទៅប្រទេសចិនចំនួន ជាង ៨៣ម៉ឺនតោន គិតជាទឹកប្រាក់ស្មើនឹងជិត ៧០០លានដុល្លារ។ សម្រាប់រយៈពេលប្រាំបួនខែនៃឆ្នាំនេះ ការនាំចេញកសិផលទៅប្រទេសចិនសម្រេចបានជាង ៥៨ម៉ឺនតោន គិតជាទឹកប្រាក់ប្រមាណជាង ៤៩១លានដុល្លារ។ យ៉ាងណាក៏ដោយ វិនិយោគទុនចិនក្នុងវិស័យកសិកម្មនៅមានកម្រិតទាបខ្លាំងនៅឡើយ។ ក្នុងឆ្នាំ២០២១ កម្ពុជាទទួលបានវិនិយោគទុនចិនត្រឹមតែ ៧០លានដុល្លារ ហើយសម្រាប់ឆមាសទី១ នៃឆ្នាំ២០២២នេះ តួលេខនេះបានធ្លាក់ចុះថែមទៀត មកនៅត្រឹមតែប្រមាណបួនលានដុល្លារប៉ុណ្ណោះ។
ក្នុងន័យនេះ កញ្ញា អ៊ឹម រចនា គូសបញ្ជាក់ថា ក្រសួងកសិកម្មនឹងខិតខំប្រឹងប្រែងជំរុញកិច្ចសហប្រតិបត្តិការ និងការវិនិយោគថ្មីថែមទៀតពីប្រទេសចិនក្នុងវិស័យកសិកម្ម ដើម្បីបម្រើផលប្រយោជន៍ទៅវិញទៅមកនៃប្រជាជន និងប្រទេសទាំងពីរ តាមរយៈការជួយបង្កើនផលិតកម្ម ការទាក់ទាញវិនិយោគទុនចិនក្នុងវិស័យផលិតកម្មកសិកម្ម ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធវេចខ្ចប់ និងកែច្នៃបម្រើឱ្យការនាំចេញ និងដល់ការបង្កើតការងារនិងបង្កើនប្រាក់ចំណូលរបស់កសិករ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា៕ ដោយ៖ សុទ្ធិ ថងឌី