អាមេរិក ជប៉ុន និងកូរ៉េខាងត្បូង ប្តេជ្ញានឹងឆ្លើយតប បើកូរ៉េខាងជើងសាកល្បងគ្រាប់នុយក្លេអ៊ែរ
អាមេរិក៖សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង បានព្រមាននៅថ្ងៃពុធ ទី២៦ ខែតុលា ថា ខ្លួននឹងធ្វើការឆ្លើយតបក្នុងទំហំដែលមិនអាចប្រៀបបាន ប្រសិនបើកូរ៉េខាងជើងធ្វើការសាកល្បងអាវុធនុយក្លេអ៊ែរ ចំពេលដែលភាពតានតឹងក្នុងតំបន់បន្តកើនឡើង។
ការព្រមាននេះ ធ្វើឡើងខណៈដែលមានការព្រួយបារម្ភពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តក្នុងតំបន់របស់ខ្លួនថា កូរ៉េខាងជើងអាចត្រៀមខ្លួន ដើម្បីបន្តការសាកល្បងអាវុធនុយក្លេអ៊ែរជាលើកដំបូង រាប់ចាប់តាំងពីឆ្នាំ ២០១៧។
អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Cho Hyun-dong បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងតូក្យូថា៖ «យើងបានព្រមព្រៀងគ្នាថា ការឆ្លើយតបក្នុងទំហំដែលមិនអាចប្រៀបផ្ទឹមបាន នឹងមានភាពចាំបាច់ ប្រសិនបើកូរ៉េខាងជើងបន្តការសាកល្បងនុយក្លេអ៊ែរលើកទី៧»។
លោក Cho បានថ្លែងយ៉ាងដូច្នេះ នៅពេលធ្វើសន្និសីទសារព័ត៌មានជាមួយអនុរដ្ឋមន្ត្រីការបរទេសជប៉ុន លោក Takeo Mori និងអនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី Wendy Sherman ។
កូរ៉េខាងជើងបានធ្វើការសាកល្បងអាវុធក្នុងជាច្រើនលើកច្រើនសារ ក្នុងល្បឿនដែលមិនធ្លាប់មានពីមុនមក នៅឆ្នាំនេះ ដោយបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លី និងមធ្យមជាង២០គ្រាប់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ រួមទាំងការបាញ់មីស៊ីលរំលងប្រទេសជប៉ុនផងដែរ។
ជុំវិញបញ្ហានេះ លោកស្រី Sherman បានជំរុញឱ្យកូរ៉េខាងជើង ជៀសវាងពីការបង្កហេតុបន្ថែមទៀត និងហៅសកម្មភាពរបស់កូរ៉េខាងជើងថាមិនប្រុងប្រយ័ត្ន និងធ្វើឱ្យមានអស្ថិរភាពយ៉ាងខ្លាំងសម្រាប់តំបន់។ បន្ថែមពីលើនេះ លោកស្រីបានថ្លែងផងដែរថា សហរដ្ឋអាមេរិកនឹងប្រើប្រាស់សមត្ថភាពយោធាដោយពេញលេញ រួមទាំងនុយក្លេអ៊ែរ ប្រព័ន្ធការពារធម្មតា និងមីស៊ីល ដើម្បីការពារសម្ព័ន្ធមិត្តជប៉ុន និងកូរ៉េខាងត្បូង។
ជាមួយគ្នានេះផងដែរ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price បានថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយថា លោកស្រី Sherman ក៏បានបញ្ជាក់ម្តងទៀតថា សហរដ្ឋអាមេរិកកំពុងបន្តស្វែងរកការសន្ទនាដ៏ធំ និងប្រកបដោយនិរន្តរភាពជាមួយកូរ៉េខាងជើង។
ចំណែកឯលោក Cho វិញ ក្នុងអំឡុងពេលពិភាក្សាជាមួយលោកស្រី Sherman បានលើកឡើងពីការព្រួយបារម្ភថា គោលនយោបាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងថ្មី ដែលអនុម័តកាលពីខែកញ្ញា បង្កើនលទ្ធភាពនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរដោយបំពានរបស់ប្រទេសនេះ។ លោកបន្តថា៖ «បញ្ហានេះ កំពុងបង្កើតភាពតានតឹងធ្ងន់ធ្ងរនៅលើឧបទ្វីបកូរ៉េ»។
គួររំឭកផងដែរថា កាលពីខែកញ្ញា នាវាដឹកយន្តហោះចម្បាំង USS Ronald Reagan និងនាវាអមដំណើរផ្សេងទៀត បានធ្វើសមយុទ្ធយោធារួមគ្នាជាមួយកងកម្លាំងកូរ៉េខាងត្បូង ដើម្បីឆ្លើយតបទៅនឹងការសាកល្បងមីស៊ីលផ្លោងរបស់កូរ៉េខាងជើង។
ប៉ុន្តែសមយុទ្ធនេះ បានបង្ករការខឹងសម្បារកាន់តែខ្លាំងពីកូរ៉េខាងជើង ដោយទីក្រុងព្យុងយ៉ាងកាលពីសប្តាហ៍មុន បានបាញ់ផ្លោងកាំភ្លើងធំរាប់រយគ្រាប់ ចេញពីឆ្នេរសមុទ្ររបស់ខ្លួន ដែលគេមើលឃើញថា ជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរសម្រាប់កូរ៉េខាងត្បូង ក្នុងអ្វីដែលហៅថាការព្រមានធ្ងន់ធ្ងរដល់អ្នកជិតខាងរបស់ខ្លួននៅភាគខាងត្បូង៕ ដោយ៖ ហួន ឌីណា