អ្នកវិភាគ៖ អាស៊ានត្រូវប្រើធម៌ក្ដៅលើសំណុំរឿងភូមា

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ អ្នកតាមដានបញ្ហានយោបាយក្នុងតំបន់យល់ឃើញថាអាស៊ានត្រូវប្រើធម៌ក្ដៅលើសំណុំរឿងភូមាក្នុងពេលប្រជុំកំពូលនៅកម្ពុជា។ការលើកឡើងនេះស្របពេលដែលរដ្ឋមន្ត្រីការបរទេសអាស៊ាននៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ីបើកកិច្ចប្រជុំបន្ទាន់មួយជុំវិញវិបត្តិនៅភូមា ដើម្បីលើកយកបញ្ហានេះទៅដាក់លើតុនៃកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជានាខែវិច្ឆិការខាងមុខ។

លោកបណ្ឌិតគិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាបញ្ជាក់ថា កិច្ចប្រជុំនៃរដ្ឋមន្ត្រីការបរទេសអាស៊ាននៅហ្សាកាតាជារឿងល្អមួយដើម្បីពិភាក្សាគ្នាទុកជាមុននូវមធ្យោ​បាយកុងសង់ស៊ីលចំពោះវិបត្តិមីយ៉ាន់ម៉ា មុនយកបញ្ហាមីយ៉ាន់ម៉ាមកជជែកនៅក្នុងប្រជុំកំពូលអាស៊ាននៅកម្ពុជា។បណ្ឌិតគិន ភា ថា អាស៊ានគួរលូកជ្រៅជាងមុន ។ចូលទៅបញ្ហាមីយ៉ាន់ម៉ា ដើម្បីរកច្រកដំណោះស្រាយដោយសារ គ្រាកន្លងមកនេះ កិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច នោះ មិនបានគូសវាងដំណោះស្រាយណាមួយច្បាស់លាស់នៅឡើយទេ។

លោកបណ្ឌិតគិន ភា៖« នៅបញ្ហាចំពោះ អាស៊ានគួរដាក់ចេញថា ផែនទីរបៀបណាឱ្យភាគីពាក់ព័ន្ធនៅមីយ៉ានម៉ារួមគ្នាដោះស្រាយវិបត្តិនយោបាយរបស់ខ្លួនហ្នឹង »។

ស្រដៀងគ្នានេះដែរ លោក វណ្ណ ប៊ុនណា អ្នកសិក្សាស្រាវជ្រាវនៅវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការនិងសន្តិភាព ចាត់ទុកកិច្ចប្រជុំបន្ទាន់នេះជារឿងសំខាន់ ដែលលោកយល់ថា ជាសេចក្តីសម្រេចតង់ទី១ មុនលើកយកមកដាក់លើតុកិច្ចប្រជុំកំពូលអាស៊ានដែលមានមេដឹកនាំអាស៊ាននិងពិភពលោកមកចូលរួមពិភាក្សា ។លោក វណ្ណ ប៊ុនណា បានផ្តល់ជម្រើសចំនូនបួនសម្រាប់អាស៊ានលើការដោះស្រាយវិបត្តិភូមា ក្នុងពេលបច្ចុប្បន្ន។

លោកវណ្ណ ប៊ុនណា៖« ទី១.ត្រូវអាស៊ានផ្លាស់គោលជំហរដោយប្រើវិធានការក្តៅដោយការព្យួរសមាជិកភាពរបស់ភូមាក្នុងអាស៊ានដែលគេមិនដែលឃើញមានក្នុងប្រវត្តិសាស្រ្ត។ទី២.អាស៊ានអាចដាក់ទណ្ឌកម្មលើថ្នាក់ដឹកនាំកំពូលរបស់របបសឹកភូមាជាពិសេស។ ទី៣.អាស៊ានអាចឯកភាពគ្នាជាធ្លុងមួយរួមជាមួយអង្គការសហប្រជាជាតិ ដោយចាត់ទុកវិបត្តិភូមាជាវិបត្តិអន្តរជាតិ ។ ទី៤. ចុងក្រោយប្រើយន្តការស្រដៀងករណីកម្ពុជា ក្នុងឆ្នាំ១៩៩១ ដែលសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពមួយដើម្បីបិទបញ្ចប់សង្គ្រាមស៊ីវិលនិងបើកផ្លូវដល់កិច្ចចរចារសន្តិភាព»។

សម្រាប់លោកលោក ថុង ម៉េងដាវិត អ្នកសិក្សាស្រាវជ្រាវនៅមជ្ឈមណ្ឌលមេគង្គ សម្រាប់សិក្សាយុទ្ធសាស្ត្រនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) យល់ថា កិច្ចប្រជុំនេះ អាចនឹងលើកយកសេណារីយូជុំវិញចំណុចឯកច្ឆន្ទទាំងប្រាំ ឬកុងសង់ស៊ីលចំនូនប្រាំ របស់អាស៊ានដែលព្រមព្រៀងគ្នាលើវិបត្តិភូមានេះ មកពិភាក្សាគ្នាឡើងវិញ ដើម្បីធ្វើវេវិចនាឡើងវិញ។

លោកថុង ម៉េងដាវិត បន្តថា៖« អាស៊ានមិនអាចបាត់បង់មីយ៉ាន់ម៉ាបាននោះទេ ក៏ប៉ុន្តែអាស៊ានអាចជំរុញនិងដាក់សម្ពាធឱ្យមីយ៉ាន់ម៉ាគោរពលើការចរចារសន្តិភាព ការធ្វើសម្បទាននយោបាយជាមួយភាគីជម្លោះដទៃទៀត ការគោរពសិទ្ធិមនុស្សនិងសុខមាលភាពរបស់ប្រជាជនរបស់ខ្លួន »។

បកមកកិច្ចជំនួបប្រជុំពិសេសនៃរដ្ឋមន្ត្រីការបរទេសនៅហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី នៅខែតុលា ឆ្នាំ២០២២ នេះវិញ លោក រឹម សុខវី សហស្ថាបនិក The Thinker Cambodia ដែលជាស្ថាប័នសិក្សាស្រាវជ្រាវ និងជាអ្នកវិភាគនយោបាយអន្តរជាតិវ័យក្មេងមួយរូបផងដែរ មើលឃើញពីចំណុចបន្ថែមជុំវិញ ជំនួបប្រជុំនេះដោយ លោកថា អាចជាការផ្តល់អានុសាសន៍ពាក់ព័ន្ធបទពិសោធន៍របស់កម្ពុជាក្នុងនាមជាប្រធានអាស៊ានក្នុងកិច្ចការដោះស្រាយវិបត្តិភូមា ទៅឱ្យប្រទេសឥណ្ឌួនេស៊ីដែលជាត្រូវធ្វើជាប្រធានអាស៊ាននាឆ្នាំ២០២៣ បន្ទាប់ពីកម្ពុជា។

លោករីម សុខវី ៖ «សម្រាប់ខ្ញុំផ្ទាល់ ចំណុចសំខាន់នៃកិច្ចប្រជុំបន្ទាន់ពិសេសនេះគឺផ្តោតលើកុងសង់ស៊ីលប្រាំ ចំណុច និងការផ្លាស់ប្តូរបទពិសោធន៍របស់កម្ពុជាទៅឱ្យឥណ្ឌូនេស៊ី »។

វិបត្តិនយោបាយភូមាដែលបន្តរ៉ាំរ៉ៃមកដល់ពេលនេះ បានផ្តើមចេញពីរដ្ឋប្រហាទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោកស្រីអ៊ុង សានស៊ូជី ពីសំណាក់ក្រុមយោធាលោកមីន អូឡាំង កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១។  សព្វថ្ងៃបានតាំងទីរបបយោធា នៅទីក្រុងណៃពិដោ បានប្រើអំពើហិង្សាទៅលើប្រជាជនស្លូតត្រង់ រហូតមានការប្រហារជីវិតក្រុមអ្នកប្រជាធិបតេយ្យមីយ៉ាន់ម៉ា និងបានចាប់លោកស្រី អោងសាន ស៊ូជី ដាក់ឃុំខ្លួននៅពន្ធនាគារថែមទៀត។

តាមរយៈអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាឯកឧត្តម ជុំ សន្ទរី បានឱ្យដឹងថា នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២អាស៊ានមានកិច្ចប្រជុំបន្ទាន់ពិសេសមួយស្តីពីវិបត្តិភូមាដោយមានការចូលរួមពីរដ្ឋការបរទេសអាស៊ាន នៅអគ្គលេខាធិការដ្ឋានអាស៊ានប្រចាំទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ក្នុងន័យពិភាក្សា ផ្លាស់ប្តូរយោបល់គ្នាចំពោះបញ្ហា «កិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច» ឬ «កុងសង់ស៊ីស៥ ចំណុច» នៃជម្លោះនយោបាយផ្ទៃក្នុងភូមា ដើម្បីរកច្រកចេញណាមួយសម្រាប់លើកយកមកដាក់លើតុកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ នៅកម្ពុជានាពេលដ៏ខ្លីខាងមុខ៕ ដោយ៖ សំបាន ច័ន្ទដារ៉ា

ads banner