ចៅសង្កាត់វាលស្បូវ មានរៀបចំវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ ដោះស្រាយជាសំណើរ សំណូមពរមួយចំនួន របស់ប្រជាពលរដ្ឋ
ភ្នំពេញ៖ ក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅក្នុងបរិវេនវត្តវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី២៧តុលានេះ ប្រជាពលរដ្ឋបានស្នើឱ្យអាជ្ញាធរជួយ ដោះស្រាយជាសំណើរ សំណូមពរមួយចំនួន មានទាំងការស្នើសុំឱ្យជួយអន្តរាគមន៍ធ្វើយ៉ាងណាសម្រួលសម្រួលលើនីតិវិធីនៃការធ្វើប្លង់កម្មសិទ្ធិដីធ្លីអោយនៅចំនួនតិច ការសុំធ្វើផ្លូវ លូ ដោះស្រាយបញ្ហាលិចលង់ បញ្ហាចោរលួច ចោរប្លន់និងបញ្ហាគ្រឿងញៀនជាដើម។
វេទិកានេះធ្វើឡើងក្រោមវត្តមានលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិង ស៊ុយ សេរិទ្ធ អភិបាលរងរាជធានី តំណាងអោយលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ។
ពាក់ព័ន្ធនឹងការស្នើសុំឱ្យអាជ្ញាធររាជធានីជួយអន្តរាគមន៍លើនីតិវិធីនៃការធ្វើប្លង់កម្មសិទ្ធិដីធ្លីឱ្យនៅចំនួនតិច មន្ត្រីនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញបានបញ្ជាក់ប្រាប់ប្រជាពលរដ្ឋថា៖ នៅក្នុងរាជធានីភ្នំពេញ ក្រុមការងារនៃមន្ទីរនេះបានចែកជា៨ក្រុមដើម្បីបំពេញការងារលើការផ្តល់ប្លង់កម្មសិទ្ធិជូនប្រជាពលរដ្ឋនេះ ហើយនីតិវិធីទាំងអស់គឺធ្វើដូចគ្នា មិននៅក្រៅច្បាប់នោះទេ ហើយចំពោះប្រជាពលរដ្ឋដែលបានលើកឡើងថា ការបំពេញឯកសារ មានភាពសាំញាំនោះ គឺដោយសារប្រជាពលរដ្ឋមិនមានឯកសារគ្រប់គ្រាន់ ដូចជា អ្នកខ្លះឈ្មោះក្នុងសៀវភៅស្នាក់នៅ អត្តសញ្ញាណប័ណ្ណ និងសំបុត្រកំណើតខុសគ្នា ដែលតម្រូវអោយពួកគាត់កែតម្រូវជាដើម។
ចំពោះការសុំធ្វើផ្លូវ ប្រព័ន្ធលូ ការស្នើសុំដោះស្រាយបញ្ហាលិចលង់
លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានមានប្រសាសន៍លើកឡើងថា៖ បញ្ហានេះអាជ្ញាធរខណ្ឌ និងអាជ្ញាធររាជធានីភ្នំពេញបានយកចិត្តទុកដាក់ណាស់ ដើម្បីដោះស្រាយជូនប្រជាណលរដ្ឋ តែយើងមិនអាចដោះស្រាយបានភ្លាមៗនិងបាន១០០%នោះទេ។ ចំពោះការដោះស្រាយបញ្ហាលិចលង់ដោយជំនន់ទឹកភ្លៀង គឺវាតែងតែកើតឡើង ដោយសារថា តំបន់មួយចំនួននៅក្នុងខណ្ឌច្បារអំពៅនេះ ត្រូវបានអភិវឌ្ឍ ដោយការចាក់ដីបំពេញ និងបានយកនេវ៉ូផ្លូវជាតិលេខ១និងផ្លូវថៃហ្គើ(ផ្លូវលេខ១១៤)ជាគោល ដែលមានកំពស់ខ្ពស់ជាងភូមិដ្ឋានរបស់ពួកគាត់ប្រមាណ២ម៉ែត្រ ទើបធ្វើអោយលំនៅដ្ឋានរបស់ពួកគាត់លិចលង់។ ប៉ុន្តែករណីនេះ អាជ្ញាធរខណ្ឌ រាជធានីភ្នំពេញ ក្រោយការណែនាំផ្ទាល់ពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញមិនបានព្រងើយកន្តើយឡើយ ពោលគឺបានដោះស្រាយភ្លាមៗជូនប្រជាពលរដ្ឋ ដោយពេលនេះគ្រឿងចក្របាននិងកំពុងធ្វើសកម្មភាពកាយនៅឡើយ ហើយរថយន្តបូមទឹកក៏បានធ្វើសកម្មភាពបូមផងដែរ។
ពាក់ព័ន្ធ បញ្ហាចោរលួច ចោរប្លន់និងបញ្ហាគ្រឿងញៀនវិញ លោកអធិការខណ្ឌច្បារអំពៅក៏បានធ្វើការបកស្រាយផងដែរ ដោយករណីបែបនេះ កងកម្លាំងនិងពង្រឹកកិច្ចការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋអោយកាន់តែល្អថែមទៀត ជាមួយនឹងការសន្យាលុបបំបាត់គ្រឿងញៀនអោយអស់ពីមូលដ្ឋាន។
ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោកម៉ប់ សារិន បានមានប្រសាសន៍ថា វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនេះ គឺផ្តោតសំខាន់ពាក់ព័ន្ធនិងកង្វល់ផ្ទាល់របស់ប្រជាពលរដ្ឋ ក្នុងនោះរួមមាន បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន និងបញ្ហាអភិវឌ្ឍន៏នៅមូលដ្ឋាន ដើម្បីឱ្យអាជ្ញាធរបានដឹងលឺ និងរកយន្តការដោះស្រាយជូន។
វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំបេញ ត្រូវបានធ្វើ ឡើងក្នុង១ឆ្នាំម្តង ដើម្បីដោះស្រាយរាល់កង្វល់ សំណូមពរនិងសំណើររបស់ប្រជាពលរដ្ឋ ។ប៉ុន្តែក្នុងរយៈពេល២ឆ្នាំជាប់គ្នានេះត្រូវបានខកខានដោយការរាតត្បាតជម្ងឺកូវីដ-១៩ យើងមិនបានជួបជុំគ្នាបែបនេះទេ ។ តែពេលនេះយើងបានជួបជុំគ្នាជាធម្មតាឡើងវិញ ។ការជួបជុំគ្នាបែបនេះឡើងវិញ វាមិនមែនកើតឡើងដោយឯកឯងនោះទេ តែវាបានមកពីការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈយុទ្ធសាស្ត្រចាក់ស្រោចវ៉ាក់សាំង អភិក្រមផ្ការីកជូនប្រជាពលរដ្ឋរហូតបើកដំណើរការសេដ្ឋកិច្ចប្រទេសជាធម្មតាឡើងវិញ៕ដោយថេត វិចិត្រ +ហេងសម្បតិ្ត