រុស្ស៊ី​គំរាម​​​​វាយ​ប្រហារ​​ផ្កាយ​រណប​ពាណិជ្ជកម្ម​បស្ចិម​លោក  ខណៈដែល លោក អេឡុន ម៉ាស់កំពុងជួយអ៊ុយក្រែនលើសេវាអ៊ីនធឺណិត

​រុស្ស៊ី៖មន្ត្រី​ក្រសួង​ការ​បរទេស​រុស្ស៊ី​ជាន់​ខ្ពស់​ម្នាក់​​គំរាម​​​​​ថា​​ ផ្កាយ​រណប​ពាណិជ្ជកម្ម​​របស់​សហរដ្ឋ​អាមេរិក​ និង​សម្ព័ន្ធ​មិត្ត​​​អាច​ក្លាយ​ជា​គោលដៅ​​វាយ​ប្រហារ​ដោយ​ «​ស្រប​ច្បាប់​» សម្រាប់​​រុស្ស៊ី​ ប្រសិន​បើ​​​​​ប្រទេស​ទាំង​នោះ​ប្រើ​វា​​​ក្នុង​សង្គ្រាម​នៅ​អ៊ុយក្រែន​។​

​អនុ​ប្រធាន​នាយកដ្ឋាន​សម្រាប់​ការ​មិន​រីក​សាយ​ភាយ​ និង​ការ​គ្រប់​គ្រង​អាវុធ​​នៃ​ក្រសួង​ការ​បរទេស​រុស្ស៊ី​លោក​ កុនស្តាទីន វូរ៉ុនសូវ(Konstantin Vorontsov) ​ ​បាន​ប្រាប់​អង្គការ​សហប្រជាជាតិ(អ.ស.ប)​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ទី​​ ២៧ ខែតុលា​នេះ​ថា​ សហរដ្ឋ​អាមេរិក​ និង​សម្ព័ន្ធ​មិត្ត​ កំពុង​ព្យាយាម​ប្រើ​ប្រាស់​ទីអវកាស​ ដើម្បី​ពង្រឹង​ការ​គ្រប់​គ្រង​របស់​លោក​ខាង​លិច​។​

លោក​ វូរ៉ុនសូវ(Vorontsov) បាន​បន្ត​ថា​ ​​​ការ​ប្រើ​ប្រាស់​ផ្កាយ​រណប​លោក​ខាង​លិច​ ដើម្បី​ជួយ​ដល់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​លើ​សមរភូមិ​សង្រ្គាម​របស់​អ៊ុយក្រែន​ គឺ​ជា​​​និន្នាការ​ដ៏​គ្រោះ​ថ្នាក់​បំផុត​​​។​ លោក​​ប្រាប់​ទៅ​គណៈកម្មាធិការ​ទី១​​នៃ​អ.ស.ប ​​យ៉ាង​ដូច្នេះ​​ថា​៖ «​ហេដ្ឋា​រចនា​សម្ព័ន្ធ​ពាក់​កណ្តាល​ស៊ីវិលនេះ​​ អាច​ក្លាយ​ជា​គោល​ដៅ​​សម្រាប់​ការ​វាយ​ប្រហារ​សង​សឹក​ដោយ​ស្រប​ច្បាប់​​» របស់​រុស្ស៊ី​​ ហើយ​​ការ​ប្រើ​ប្រាស់​ផ្កាយ​រណប​បែប​នេះ​​​ដើម្បី​គាំទ្រ​អ៊ុយក្រែន​គឺ​ជា​ «​ការ​បង្ក​ហេតុ​»​។

មន្ត្រី​ក្រសួង​ការ​បរទេស​រុស្ស៊ី​ដដែល​​បាន​​​ថ្លែង​ទៀត​ថា​៖ «​​​យើង​កំពុង​និយាយ​​អំពី​ការ​យក​​​​ហេដ្ឋា​រចនា​សម្ព័ន្ធ​អវកាស​ស៊ីវិល (ប្រព័ន្ធ​ផ្កាយ​រណប​)​ រួម​ទាំង​ផ្កាយ​រណប​​ពាណិជ្ជកម្ម ប្រើ​ប្រាស់​​ ដោយ​​​អាមេរិក​ និង​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន​​ក្នុង​ជម្លោះ​ប្រដាប់​អាវុធ​»​។

ទោះ​បី​ជា​យ៉ាង​នេះ​ក៏​ដោយ​លោក​ ​​Vorontsov ​មិន​បាន​បង្ហាញ​​ផ្កាយ​រណប​របស់​ប្រទេសណា​​មួយ​​ជាក់​លាក់​នោះ​ទេ​ ទោះ​បី​ជា​លោក​ អេឡុន ម៉ាស់(Elon ​Musk)​ ដែល​ជា​មហាសេដ្ឋី​អាមេរិក​ បាន​អះ​អាង​កាល​​ពី​ដើម​ខែតុលា​​នេះ​ថា​ ក្រុម​ហ៊ុន​​វិស្វកម្ម​យានអវកាស​​ SpaceX ​របស់​លោក​ នឹង​បន្ត​ផ្តល់​មូលនិធិ​​សេវា​អ៊ីនធឺណិត​ Starlink ​ដល់​អ៊ុយក្រែន​។

គួរ​បញ្ជាក់​ថា​ ការ​ថ្លែង​គំរាម​របស់​លោក​ Vorontsov ធ្វើ​ឡើង​ស្រប​ពេល​ដែល​មន្រ្តី​រុស្ស៊ី​បង្កើន​វោហា​សាស្រ្ត​ដើម្បី​ភាព​តាន​តឹង​នៃ​សង្រ្គាម​របស់​ខ្លួន​ បន្ទាប់​គំរាម​កំហែង​ប្រើ​​​​អាវុធ​នុយក្លេអ៊ែរ​​​ប្រឆាំង​នឹង​អ៊ុយក្រែនកាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន​​​ ហើយ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​ រុស្ស៊ី​ក៏​បាន​បង្កើន​​​ការ​ឃោស​នា​របស់​ខ្លួន​ ដោយ​ចោទ​អ៊ុយក្រែន​ទាំង​គ្មាន​មូលដ្ឋាន​​ច្បាស់​លាស់​ថា​ កំពុង​រៀប​ចំ​ប្រើ​ប្រាស់​គ្រាប់​​បន្សាយ​សារធាតុ​វិទ្យុសកម្ម​ ប៉ុន្តែ​ត្រូវ​បាន​លោក​ខាង​លិច​ ក៏​ដូច​ជា​អ៊ុយក្រែន​ផ្ទាល់​ច្រាន​ចោល​ ហើយ​ចោទ​រុស្ស៊ី​វិញ​​ថា ​ជា​អ្នក​រៀប​ចំផែន​​ការ​នេះ​ដោយ​ខ្លួន​ឯង​។

យ៉ាង​ណា​មិញ​ គិត​ត្រឹម​​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ​ មិន​ទាន់​មាន​ប្រតិកម្ម​យ៉ាង​ណា​នៅ​ឡើយ​ទេ​ពី​លោក​ខាង​លិច​។ ប៉ុន្តែ​​អ្វី​ដែល​សំខាន់​នោះ​គឺ​ថា​​ រុស្ស៊ី​​គឺ​ជា​ដៃគូ​ប្រកួត​ប្រជែង​ដ៏​ធំ​បំផុត​មួយ​​របស់​ពិភព​លោក​ ហើយ​នៅ​ក្នុង​ឆ្នាំ​ ២០២១​ ប្រទេស​នេះ​បាន​បាញ់​បង្ហោះ​​មីស៊ីល​ប្រឆាំង​ផ្កាយ​រណប​ ដើម្បី​បំផ្លាញ​ផ្កាយ​រណប​មួយ​របស់​ខ្លួន​ ដែល​ជា​ការ​បង្ហាញ​មួយ​នៃ​ភាព​ខ្លាំង​អវកាស​​របស់​ក្រុង​ម៉ូស្គូ៕ ដោយ៖ ហួន ឌីណា

ads banner