នាយករដ្ឋមន្ដ្រីថៃ បញ្ជាឱ្យកងកម្លាំងពង្រឹងសន្តិសុខក្នុងប្រទេសសម្រាប់កិច្ចប្រជុំ អេប៉ិច

ថៃ៖ នាយករដ្ឋមន្ដ្រីថៃ លោក ប្រាយុទ្ធ ចាន់អូចារ បានចេញបញ្ជាឱ្យក្រុមប្រឹក្សាសន្តិសុខជាតិ ពង្រឹងវិធានការសុវត្ថិភាពសម្រាប់កិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ហៅកាត់ថា អេប៉ិច(APEC) ដែលប្រទេសថៃនឹងធ្វើជាម្ចាស់ផ្ទះនៅខែក្រោយ។

បញ្ជារបស់ប្រមុខរដ្ឋាភិបាលថៃបានធ្វើឡើងកាលពីថ្ងៃពុធ ទី២៦ ខែតុលា ឆ្នាំ២០២២ ដោយលោកប្រាយុទ្ធ សង្កត់ធ្ងន់ថា មន្ដ្រីសន្តិសុខ ប៉ូលីស ទាហាន រួមទាំងពលរដ្ឋនៅទីក្រុងបាងកកទាំងអស់ ត្រូវតែរួមសហការគ្នាធានានូវសន្តិសុខសុវត្ថិភាពសម្រាប់កិច្ចប្រជុំ APEC នៅថ្ងៃទី១៨ និង១៩ ខែវិច្ឆិកា ឆ្នាំ២០២២។ បើតាមនាយករដ្ឋមន្ដ្រីថៃរូបនេះ កិច្ចប្រជុំ APEC ដែលរៀបចំធ្វើក្រោមប្រធានបទ «បើកចំហរ តភ្ជាប់ តុល្យភាព» មានសារៈសំខាន់ និងផ្ដល់ផលប្រយោជន៍ជាច្រើនដល់ប្រទេសថៃ។

លោក ប្រាយុទ្ធ ចាន់អូចារ៖ «កិច្ចប្រជុំ APEC គឺជាជំហានដ៏សំខាន់មួយសម្រាប់ប្រទេសថៃ ដើម្បីទទួលបានការទទួលស្គាល់ពីបរទេស ដែលនឹងផ្ដល់ដល់ប្រទេសថៃនូវផលប្រយោជន៍ផ្នែកការវិនិយោគ និងទេសចរណ៍»។ ដោយហេតុនេះហើយទើបលោកប្រមុខដឹកនាំថៃ ទទូចឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ធានានូវសន្តិសុខសុវត្ថិភាពរបស់ប្រទេស និងបញ្ចៀសឱ្យបាននូវហេតុការណ៍ជាយថាហេតុណាមួយដែលអាចប៉ះពាល់ដល់ដំណើរការនៃកិច្ចប្រជុំ ដែលលោកចាត់ទុកស្មើទៅនឹងការរារាំងដល់វឌ្ឍនភាពរបស់ប្រទេស។

នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាការពារជាតិ ដឹកនាំផ្ទាល់ដោយលោកនាយករដ្ឋមន្ដ្រីថៃ អង្គប្រជុំបានព្រមព្រៀងគ្នាតាមដានឱ្យបានដិតដល់ចំពោះសកម្មជននយោបាយ និងក្រុមបង្កហិង្សានៅក្នុងប្រទេស។ ទីភ្នាក់ងារសន្តិសុខជាតិថៃនឹងបើកបន្ទប់តាមដានមួយសម្រាប់ប្រតិបត្តិការនេះ ដោយមានការចូលរួមពីកងបញ្ជាការស៊ើបការសម្ងាត់យោធា ព្រមទាំងមជ្ឈមណ្ឌលកងកម្លាំងសន្តិសុខប្រដាប់អាវុធ។ មិនត្រឹមតែប៉ុណ្ណោះ កងកម្លាំងសន្តិសុខថៃក៏ត្រូវបានបញ្ជាឱ្យធ្វើសមយុទ្ធហ្វឹកហាត់សាកល្បងសម្រាប់ឆ្លើយតបទៅនឹងហេតុការណ៍ជាយថាហេតុណាមួយផងដែរ។

សូមជម្រាបថា កិច្ចប្រជុំ APEC ឆ្នាំ២០២២ ដែលរៀបចំធ្វើនៅប្រទេសថៃក្នុងខែវិច្ឆិកាខាងមុខ ក្រោមប្រធានបទ «បើកចំហរ តភ្ជាប់ តុល្យភាព» នេះ នឹងឆ្លុះបញ្ចាំងអំពីគោលដៅ និងការប្តេជ្ញាចិត្តរួមរបស់សេដ្ឋកិច្ចនៃប្រទេសជាសមាជិក ក្នុងការដោះស្រាយបញ្ហាប្រឈមដ៏ធំសម្បើមដែលកើតចេញពីជំងឺរាតត្បាតកូវីដ-១៩ និងជម្លោះដែលបានជះផលប៉ះពាល់អវិជ្ជមាននៅទូទាំងពិភពលោក។ ប្រធានបទដែលដាក់ចេញនេះ មានគោលបំណងជំរុញនូវចក្ខុវិស័យសហគមន៍អាស៊ី ប៉ាស៊ីហ្វិកបើកចំហ ស្វាហាប់ ធន់ និងសន្តិភាព។ ក្នុងនាមជាម្ចាស់ផ្ទះ ប្រទេសថៃអំពាវនាវឱ្យមានការសន្ទនាឡើងវិញអំពីតំបន់ពាណិជ្ជកម្មសេរីអាស៊ីប៉ាស៊ីហ្វិក គាំទ្រការវិលត្រឡប់ទៅកាន់ការធ្វើដំណើរប្រកបដោយសុវត្ថិភាព និងរលូន ហើយសង្កត់ធ្ងន់លើបរិយាប័ន្ន និងនិរន្តរភាព តាមរយៈការអនុវត្តគំរូសេដ្ឋកិច្ចជីវៈ-វិលជុំ-បៃតង ដែលជាធាតុផ្សំដ៏សំខាន់ក្នុងការជួយស្តារតំបន់ និងពិភពលោក ពីបញ្ហាជំងឺរាតត្បាតកូវីដ-១៩៕ ដោយ៖ កែវ កិរិយា

ads banner