អតីត​អ្នក​កាសែត​វិទ្យុ​អាស៊ី​សេរី អរគុណ​តុលាការកំពូលដែលប្រគល់លិខិតឆ្លងដែនមកលោកវិញ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖«នៅទីបំផុត ខ្ញុំទទួលបានលិខិតឆ្លងដែនពីតុលាការវិញហើយ ។ វាជាការផ្តល់លទ្ធភាពឱ្យខ្ញុំធ្វើដំណើរទៅជួបឪពុកម្តាយ សាច់ញាតិ ជាពិសេសគឺបងស្រីរបស់ខ្ញុំដែលកំពុងមានជំងឺមហារីកថ្លើមធ្ងន់ធ្ងរ»។ នេះ​ជា​សំណេរ​បស់​លោក យាង សុធារិន្ទ ហៅ យាង សុជាមេត្តា អតីត​អ្នក​កាសែត​នៃ​វិទ្យុ​អាស៊ី​សេរី បន្ទាប់​ពី​លោក​បាន​ទទួល​លិខិត​ឆ្លង​ដែនពី​តុលាការ​កំពូល​កាល​ពីរសៀល​ថ្ងៃ​ទី​២៨ ខែ​តុលា ឆ្នាំ​២០២២។

កាលពីថ្ងៃទី២៦ ខែតុលា តុលាការ​កំពូលបាន​​​​បើកសវនាការ​​លើបណ្តឹង​សាទុក្ខ​​​របស់​លោក យាង សុធារិន្ទ ហៅ យាង សុជាមេត្តា ដើម្បីសុំដកលិខិត​​ឆ្លងដែន​ទៅប្រើប្រាស់​វិញ។ នៅ​ក្នុង​អង្គ​សវនាការ​នោះ លោក យាង សុធារិន្ទ បាន​ស្នើ​សុំចៅ​ក្រម​សម្រេច​ផ្តល់​លិខិត​ឆ្លង​ដែនដល់​រូប​លោក ​ដើម្បីឱ្យ​លោក​​អាច​ធ្វើ​ដំណើរ​ទៅសួរ​សុខទុក្ខ​ក្រុម​គ្រួសារ​នៅកម្ពុជា​ក្រោម ដែល​ជា​ស្រុក​​កំណើតរបស់​លោក និង​ខណៈ​ពេល​ដែល​បង​ស្រី​បង្កើត​របស់​លោក​កំពុង​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​។

នៅ​ចំពោះ​មុខ​ ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ លោក គង់ ស្រ៊ីម លោក យាង សុធារិន្ទ បាន​បញ្ជាក់​អះអាង​ថា លោកនឹង​មិន​រត់​ចេញ​ពី​ទឹក​ដី​កម្ពុជា​ក្រោម​ ដែល​ជា​ទឹក​ដី​កំណើត​របស់​លោក​នោះ​ទេ ហើយដើម្បី​ឱ្យ​តុលា​ការ​ទុក​ចិត្ត លោក​ក៏​បាន​ស្នើចៅ​ក្រម​ដាក់​លក្ខ​ខណ្ឌ​កំណត់​លើ​លិខិត​ឆ្លង​ដែន​របស់​លោក ដោយ​ហាម​ប្រាម​មិន​ឱ្យ​រូប​លោក​ចាក​ចេញ​ពី​កម្ពុជា​ក្រោម​ទៅ​ក្រៅ​ប្រទេស។ លោក យាង សុធា​រិន្ទ ​ប្រាប់​ចៅ​ក្រម​បន្ថែម​ថា ​លោក​មិន​បាន​ចាក​ចេញ​ទៅ​ទឹក​ដី​កំណើត​ជាង​ ៥ ​ឆ្នាំ​មក​ហើយ។

បន្ទាប់​ពីបាន​ពិនិត្យ​ពិចារណា​លើ​សំណើ​របស់​លោក យាង សុធារិន្ទ ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ លោក គង់ ស្រ៊ីម នៅ ក្នុង​សវនាការ​នា​ព្រឹក​ថ្ងៃ​សុក្រ ទី​២៨ ខែ​តុលា បានសម្រេច​ប្រគល់លិខិត​ឆ្លងដែនឱ្យ​ទៅ​ឱ្យលោក យាង សុធារិន្ទ កាន់កាប់វិញ ដោយ​សំអាងថា ជនជាប់ចោទរូបនេះ​តែងចូលរួមសហការ​ជាមួយតុលាការនៅគ្រប់នីតិវិធី និងបងស្រី​ឈឺធ្ងន់នៅ​​ស្រុកកំណើត [ទឹកដី​កម្ពុជា​ក្រោម] ហើយសន្យាថា នឹង​បង្ហាញខ្លួន​​នៅចំពោះមុខ​​តុលាការ​គ្រប់ពេលកោះហៅ។ ប៉ុន្តែ លោក គង់ ស្រ៊ីម ព្រមាន​ផង​ដែរ​ ក្នុងករណីដែល​ជនជាប់ចោទ គេចវេស​មិនចូល​ខ្លួន​ធ្វើតាមការសន្យានៅពេលតុលាការ​កោះហៅ នោះ​ជនជាប់​ចោទអាច​ប្រឈមនឹងការចាប់ខ្លួនដាក់​ពន្ធ​នាគារ​ជាថ្មីទៀត។

លិខិត​ឆ្លង​ដែន​របស់​លោក យាង សុធារិន្ទ ត្រូវ​តុលាការ​ប្រគល់​មក​ឱ្យ​វិញ​នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែ​តុលា។ នា​យប់​ថ្ងៃ​ដដែល លោក យាង សុធារិន្ទ បាន​សរសេរ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​របស់​លោក ថ្លែង​អំណរគុណ​ដល់​សម្តេចតេជោ​នាយករដ្ឋមន្ដ្រី ហ៊ុន សែន បាន​ជួយណែនាំ​​ដល់​រូប​លោក ដាក់​លិខិត​ស្នើ​សុំ​ទៅកាន់​រដ្ឋមន្ដ្រីក្រសួង​យុត្តិធម៌ឱ្យ​ជួយ​អន្តរាគមន៍​ទៅ​តុលាការ​កំពូល ដើម្បី​ប្រគល់​លិខិត​ឆ្លងដែន​ដល់​លោកវិញ ផ្អែក​តាម​គោលការណ៍​មនុស្ស​ធម៌​។

ការ​ថ្លែង​អំណរគុណ​របស់​អតីត​អ្នក​កាសែត​អាស៊ី​សេរី​រូប​នេះ​ក៏មាន​ផង​ដែរ ចំពោះ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស និងអង្គការ​ សមាគមន៍​អ្នក​សារព័ត៌មាន​ជាតិ​និង​អន្ដរជាតិ ដែល​កន្លង​មក តែង​តែ​ទទូច​ឱ្យ​តុលាការ​ប្រគល់​លិខិត​ឆ្លង​ដែន​ដល់​លោក​វិញ ដើម្បី​អាច​ធ្វើ​ដំណើរ​ទៅ​ជួប​គ្រួសារ​នៅ​ឯ​កម្ពុជា​ក្រោម​។

ថ្លែង​ប្រាប់​សារព័ត៌មាន CPA នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៩ ខែ​តុលា​នេះ លោក យាង សុធារិន្ទ ប្រាប់​ឱ្យ​ដឹង​ថា លោក​កំពុង​តែ​ស្ថិត​នៅ​លើ​ឡាន​ក្រុង ធ្វើ​ដំណើរ​ទៅ​កាន់​ស្រុក​កំណើត​នៅ​កម្ពុជា​ក្រោម ដោយ​រំពឹង​ថា​នឹង​ទៅដល់​ផ្ទះ​នៅ​វេលា​ប្រមាណ​៤​រសៀល​។ រឿង​អាទិភាព​ដំបូង​បង្អស់​របស់​លោក គឺ​ចំណាយ​ពេល​ជាមួយ​ក្រុម​គ្រួសារ ដែល​ខក​ខាន​មិន​បាន​ជួប​មុខ​គ្នា​ដោយ​ផ្ទាល់​អស់​រយៈ​ពេល​៥​ឆ្នាំ​មក​ហើយ និង​ជា​ពិសេស​គឺ​មើល​ថែរ​បង​ស្រី​ដែល​កំពុង​តែ​មាន​ជំងឺ​ធ្ងន់​។

បើ​តាម​លោក យាង សុធារិន្ទ លោក​គ្រោង​ស្នាក់​នៅ​ស្រុក​កំណើត​ឯ​កម្ពុជា​ក្រោម​រយៈ​ពេល​មួយ​ខែ ដើម្បី​ដើរ​សួរ​សុខទុក្ខញាតិមិត្ត​បង​ប្អូន ដែល​ទន្ទឹង​រង់​ចាំ​ជួប​លោក ក៏​ដូច​ជា​ដើរ​ធ្វើ​បុណ្យ​ទាន​នៅ​តាម​វត្ត​អារាម​នានា​នៅ​កម្ពុជា​ក្រោម នា​ឱកាស​ពិធី​បុណ្យ​កឋិន​នេះ។ បន្ថែម​ពី​លើនេះ លោក​ក៏មាន​គម្រោង​ទៅ​កាន់​ទីតាំង​ដើម​ឈើទាល របស់​ឧកញ៉ា សឺន គុយ។ លោក ឧកញ៉ា សឺន គុយ ជាអតីតអភិបាលខេត្តព្រះត្រពាំង មុនពេលខេត្តនេះធ្លាក់ទៅក្រោម​ការ​គ្រប់​គ្រង​របស់​វៀតណាម​​។

ទាក់ទង​ទៅ​នឹង​ការសម្រេចរបស់តុលាការកំពូល ប្រគល់លិខិតឆ្លងដែនជូនទៅអតីតអ្នកសារព័ត៌មានអាស៊ីសេរី គឺលោក យាង សុធារិន្ទ វិញនេះ លោកស្រី ចក់ សុភាព ​ នាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បាន​សម្ដែង​ការ​អបអរ​សាទរ ព្រោះ​វា​នឹងអាចបើកផ្លូវឱ្យលោក យាង សុធារិន្ទ អាចធ្វើដំណើរទៅសួរសុខទុក្ខបងស្រីដែលមានជំងឺធ្ងន់ធ្ងរ និងម្តាយឪពុកចាស់ជរារបស់លោក។ លោកស្រី ចក់ សុភាពសង្ឃឹមថា តុលាការ នាពេលខាងមុខ នឹងទម្លាក់បទចោទប្រកាន់ដែលបានអូសបន្លាយជាយូរជាង៥ឆ្នាំលើរូបលោក យាង សុធារិន្ទ និងសហការី គឺលោក អ៊ួន ឈិន ផងដែរ។

សូមជម្រាបថា លោក យាង សុធារិន្ទ ហៅ យាង សុជាមេត្តា និងលោក អ៊ួន ឈិន អតីតអ្នករាយការណ៍ព័ត៌មានវិទ្យុអាស៊ីសេរី ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅផ្ទះសំណាក់ ម៉ារឌី ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ និងបានដកហូតលិខិតឆ្លងដែនរបស់អ្នកទាំង២។ អ្នកទាំងពីរ រងការចោទប្រកាន់ពីបទ «ប្រគល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ ដែលអាចឱ្យអន្តរាយការការពារជាតិ»។ គិតពីថ្ងៃដែលសមត្ថកិច្ចចាប់ខ្លួនមកដល់ពេលនេះ សំណុំរឿងព្រហ្មទណ្ឌរបស់អតីតអ្នកកាសែតនៃវិទ្យុអាស៊ីសេរីទាំងពីរបានអូសបន្លាយអស់រយៈពេលជិត៥ឆ្នាំមកហើយហើយ៕

ដោយ៖កែវ កិរិយា

ads banner