ចំនួនអ្នកស្លាប់កើនជិត ១៥០នាក់ដោយសារហេតុការណ៍រត់ជាន់គ្នាដ៏អាក្រក់នៅកូរ៉េខាងត្បូង

សេអ៊ូល៖ យ៉ាងហោចណាស់មនុស្ស ១៤៩នាក់បានបានស្លាប់ នៅក្នុងហេតុការណ៍រត់ជាន់ នៅពេលដែលហ្វូងមនុស្សដ៏ច្រើនសន្ធឹកសន្ធាប់ប្រារព្ធពិធីបុណ្យ Halloween នៅកណ្តាលទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង កាលពីយប់ថ្ងៃសៅរ៍ទី២៩ ខែតុលា ឆ្នាំ២០២២។ នេះបើតាមការបញ្ជាក់របស់មន្ត្រីសង្គ្រោះបន្ទាន់។

ប្រធានពន្លត់អគ្គីភ័យកូរ៉េខាងត្បូង លោក ឆយ សុង ប៊ុម បាននិយាយនៅក្នុងសន្និសីទខ្លីមួយនៅកន្លែងកើតហេតុថា ក្រៅពីអ្នកស្លាប់ ក៏មានមនុស្ស ១៥០នាក់ផ្សេងទៀតបានរងរបួសផងដែរ នៅក្នុងហេតុការណ៍រត់ជាន់គ្នាក្នុងសង្កាត់ អ៊ីតេវ៉ុន នៃទីក្រុងសេអ៊ូល។ មន្ត្រីថា អ្នករងរបួសជាច្រើននាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ និងកំពុងទទួលការព្យាបាលបន្ទាន់។

លោក ឆយ បាននិយាយថាអ្នកស្លាប់ជាច្រើននាក់ត្រូវបានគេឃើញនៅជិតក្លឹបរាត្រីមួយកន្លែង លោកថា ជនរងគ្រោះភាគច្រើនជាស្ត្រីក្នុងវ័យ២០ឆ្នាំ។ វាជាព្រឹត្តិការណ៍ពិធីបុណ្យ Halloween លើកដំបូងនៅក្នុងទីក្រុងសេអ៊ូល ក្នុងរយៈពេល ៣ឆ្នាំ បន្ទាប់ពីប្រទេសនេះបានដកការរឹតត្បិតទប់ស្កាត់ COVID-19 និងរក្សាគម្លាតសង្គម។ ប្រភពបានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០និង២០នាទីយប់ (ម៉ោងក្នុងតំបន់)។

ភ្លាមៗបន្ទាប់ពីការរត់ជាន់គ្នាបានកើតឡើង ប្រធានាធិបតីកូរ៉េខាងត្បូង លោកYoon Suk-yeol បានកោះប្រជុំបន្ទាន់ចំនួនពីរលើក ហើយបានបញ្ជាមន្រ្តីធានាគ្រែមន្ទីរពេទ្យឱ្យបានគ្រប់គ្រាន់សម្រាប់អ្នករងរបួស បង្កើតទីស្នាក់ការកណ្តាលគ្រប់គ្រងគ្រោះថ្នាក់ និងដោះស្រាយឱ្យបានត្រឹមត្រូវ នូវលទ្ធផលដែលកើតឡើង រួមទាំងការកំណត់អត្តសញ្ញាណអ្នកស្លាប់ និងស៊ើបអង្កេតរកមូលហេតុនៃគ្រោះថ្នាក់៕ ប្រភព៖ CNA និងស៊ីនហួរ ដោយ៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner