អតិផរណានៅបារាំងហក់ឡើងខ្ពស់បំផុតមិនធ្លាប់មានតាំងពីឆ្នាំ១៩៨៥​ មក

បារាំង៖តម្លៃទំនិញប្រើប្រាស់ក្នុងប្រទេសបារាំងក្នុងរវាងខែតុលា បានកើនឡើងក្នុងល្បឿនលឿនបំផុតមិនធ្លាប់មានតាំងតែពីឆ្នាំ ១៩៨៥ មក ដែលនិន្នាការនៃការហក់ឡើងនេះ កើតឡើងព្រោះតម្លៃកើនឡើងនៃថាមពល អាហារ និងថ្លៃផលិតផលនានា ។នេះបើផ្អែកតាមទិន្នន័យផ្លូវការដែលចេញផ្សាយកាលពីថ្ងៃសុក្រ ទី២៨ ខែតុលា ឆ្នាំ២០២២។

ពីមួយឆ្នាំទៅមួយឆ្នាំ និន្នាការតម្លៃចេះតែកើនឡើងក្នុងអាត្រា ៦,២ភាគរយ ក្នុងខែតុលានេះ ជាការលើកឡើងដោយអាជ្ញាធរស្ថិតិនៃវិទ្យាស្ថានជាតិដើម្បីសិក្សាស្ថិតិនិងសេដ្ឋកិច្ចបារាំង(​​INSEE) ដែលផ្អែកតាមទិន្នន័យបថម ហើយការហក់ឡើងនៃអតិផរណាថ្មីនេះ បានកើតឡើងក្រោយពីវាបានធ្លាក់ចុះក្នុងខែសីហា និងខែកញ្ញា ទៅហើយ។

តម្លៃអាហារ ថាមពល បានរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ

តម្លៃម្ហូបអាហារជាពិសេសបានកើនឡើងជិតរង្វង់ ១២ភាគរយ​ បានបង្កប៉ះពាល់ដល់បណ្តាពលរដ្ឋដែលមានកម្រិតជីវភាពធូរធារតិចតួចបំផុត ដែលពួកគេបានចំណែកមួយភាគធំនៃចំណូលប្រចាំខែនៅផ្សារទំនើប​។

ទន្ទឹមគ្នានេះ តម្លៃថាមពលបានកើនឡើងប្រមាណជិត ២០ភាគរយ បើទោះបីជាមានកិច្ចអន្តរាគមន៍របស់រដ្ឋាភិបាលបារាំងដើម្បីកំណត់ការទូទាត់សម្រាប់អ្នកប្រើប្រាស់កក្នុងន័យរក្សាកម្រិតអតិផរណាទាំងមូលឲ្យនៅក្រោមកម្រិតអតិផរណាក្នុងប្រទេសអឺរ៉ុបក្បែរខាង។

សង្គ្រាមឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែននិងការកាត់ផ្តាច់សង្វាក់ផ្គត់ផ្គង់ឧស្ម័នពីរុស្ស៊ីទៅកាន់អឺរ៉ុបបានបង្កឲ្យកើតមានវិបត្តិថាមពលក្នុងតំបន់អឺរ៉ុបទាំងមូល ស្របពេលដែលរោងចក្រផលិតថាមពលនុយក្លេអ៊ែរសំខាន់ៗជាច្រើនរបស់បារាំងកំពុងស្ថិតក្រៅរង្វង់នៃការថែទាំ។

សហភាពអឺរ៉ុប(EU) គ្រោងប្រើជីវិតដោយគ្មានវត្តមានឧស្ម័នរបស់រុស្ស៊ី ចំពេលអតិផរណាហក់ឡើង

វិបត្តិអតិផរណារបស់បារាំងបានកើនឡើងដល់អាត្រា ៧,១ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ខណៈបានព្យាករណ៍ដោយប្រើសន្ទស្សន៍ HICP ដែលជាវិធីសាស្ត្រវាស់វែងកម្រិតអតិផរណាសម្រាប់តំបន់ចាយប្រាក់អឺរ៉ូ ដែលជាលទ្ធផលព្យាករណ៍គាំទ្រដោយធនាគារកណ្តាលអឺរ៉ុប (ECB)។

ធនាគារកណ្តាលអឺរ៉ុប (ECB) ដែលមានមូលដ្ឋាននាទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ខែតុលា បានប្រកាសពីការដំឡើងកម្រិតអាត្រាការប្រាក់ថ្មីក្នុងអាត្រា ០,៧៥ភាគរយ ខណៈ និន្នាការនេះបានធ្វើឱ្យកើនឡើងនូវតម្លៃទំនិញនៅទូទាំងតំបន់ចាយប្រាក់អឺរ៉ូទាំង ១៩ប្រទេស ស្ថិតក្រោមការគ្រប់គ្រងមួយ។

ជាមួយគ្នានេះ ប្រធានធនាគារកណ្តាលអឺរ៉ុបលោកស្រី Christine Lagarde បានលើកឡើងថា៖ «យើងនឹងការដំឡើងអាត្រាការប្រាក់បន្ថែមទៀតក្នុងពេលអនាគត»។

វិទ្យាស្ថានជាតិដើម្បីសិក្សាស្ថិតិនិងសេដ្ឋកិច្ចបារាំង (INSEE) នឹងធ្វើការបោះពុម្ភផ្សាយលទ្ធផលស្រាវជ្រាវពីវិបត្តិអតិផរណាអំឡុងចុងខែតុលា របស់ខ្លួននៅពាក់កណ្តាលខែវិច្ចិកាខាងមុខនេះ៕ ដោយ៖សំបាន ច័ន្ទដារ៉ា

ads banner