លោក ពូទីន បញ្ជាឱ្យរដ្ឋមន្រ្តីការពារជាតិបង្កើនសមត្ថភាពកម្លាំងយោធា ក្នុងបរិបទសង្គ្រាមអ៊ុយក្រែន

ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចេញបញ្ជារដ្ឋមន្ត្រីការពារជាតិរបស់គាត់ គឺលោក សឺហ្គេ ស៊ុយហ្គូ ឱ្យបង្កើនភាពខ្លាំងនៃកងកម្លាំងយោធារុស្ស៊ី ដើម្បីជួយបន្តការប្រយុទ្ធនៅអ៊ុយក្រែន។

លោក ពូទីន បានថ្លែងបែបនេះ នៅពេលជួបពិភាក្សាជាមួយលោក ស៊ុយហ្គូ ដែលបានផ្តល់របាយការណ៍ ស្តីពីការចល័តកងទ័ពបម្រុងមួយផ្នែកក្នុងប្រទេស សម្រាប់ប្រតិបត្តិយោធានៅអ៊ុយក្រែនក្នុងថ្ងៃសុក្រសប្តាហ៍នេះ។ នាឱកាសនោះដែរ លោក ពូទីន បានកត់សម្គាល់ថា យើងត្រូវពិនិត្យឡើងវិញ និងធ្វើការកែតម្រូវ ក្នុងការអភិវឌ្ឍសមាសធាតុទាំងអស់ នៃកងកម្លាំងប្រដាប់អាវុធ រួមទាំងកងកម្លាំងជើងគោកផងដែរ។

ប្រធានាធិបតីរុស្ស៊ីរូបនេះក៏បានណែនាំដល់លោក ស៊ុយហ្គូ ឱ្យធ្វើការសម្រេចចិត្តជាចាំបាច់យ៉ាងឆាប់រហ័សផងដែរ ដោយលោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃសម្ភារៈ និងការបណ្តុះបណ្តាលដល់កងទ័ព ដើម្បីផ្តល់ទំនុកចិត្តដល់បុគ្គលិក ដែលចូលរួមក្នុងប្រតិបត្តិការប្រយុទ្ធ។ចំណែករដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក សឺហ្គេ ស៊ុយហ្គូ បាននិយាយថា រុស្ស៊ីបានបញ្ចប់ការកែនទ័ពបម្រុងមួយផ្នែកក្នុងប្រទេសសម្រាប់ប្រតិបត្តិយោធានៅអ៊ុយក្រែនចំនួន ៣០០,០០០នាក់ហើយ ។

លោក ស៊ុយហ្គូ បានបញ្ជាក់យ៉ាងដូច្នេះថា ភារកិច្ចនៃការកែនទ័ពចំនួន ៣០០,០០០នាក់នាក់ត្រូវបានបញ្ចប់ហើយ ហើយមិនមានកិច្ចការបន្ថែមត្រូវបានគ្រោងទុកនោះទេ។ ទាហាន ៨២,០០០នាក់ត្រូវបានបញ្ជូនទៅកាន់តំបន់ជម្លោះក្នុងប្រទេសអ៊ុយក្រែន ប៉ុន្តែពួកគេពាក់កណ្តាលកំពុងបន្តការហ្វឹកហ្វឺន ខណៈ ៤១,០០០នាក់ផ្សេងទៀត គឺផ្ដល់ឲ្យអង្គភាពប្រយុទ្ធ៕ ប្រភព៖ NHK និង Anadolu ដោយ៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner