ចិនបាញ់បង្ហោះម៉ូឌុលចុងក្រោយ ដើម្បីបញ្ចប់ការសាងសង់ស្ថានីយអវកាស Tiangong
ចិន៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានរាយការណ៍ថា ចិនបានបាញ់បង្ហោះដោយជោគជ័យនូវម៉ូឌុលចុងក្រោយបង្អស់សម្រាប់ស្ថានីយអវកាស Tiangong របស់ខ្លួន នៅថ្ងៃចន្ទ ទី ៣១ ខែតុលានេះ។
ម៉ូឌុលឈ្មោះ Mengtian ឬ «សុបិន្តឋានសួគ៌» ត្រូវបានបាញ់បង្ហោះតាមរ៉ុក្កែត Long March 5B នៅរសៀលថ្ងៃចន្ទទី៣០ខែតុលា ពីមជ្ឈមណ្ឌលបាញ់បង្ហោះយានអវកាស Wenchang ក្នុងកោះហៃណាន ភាគខាងត្បូងប្រទេស។
មេបញ្ជាការនៃមជ្ឈមណ្ឌល Wenchang លោក Deng Hongqin បានប្រកាសថា ការបាញ់បង្ហោះនេះប្រព្រឹត្តទៅដោយជោគជ័យ។ លោកអះអាងយ៉ាងដូច្នេះថា៖ «ដោយផ្អែកលើទិន្នន័យហោះហើររបស់រ៉ុក្កែតដឹកជញ្ជូន Long March 5B និងការគណនាដ៏រឹងមាំ នៃមជ្ឈមណ្ឌលគ្រប់គ្រងការហោះហើររបស់អាកាសយានដ្ឋានប៉េកាំង ម៉ូឌុលពិសោធន៍ Mengtian សម្រាប់ស្ថានីយ៍អវកាស (Tiangong) បានចូលទៅក្នុងគន្លងបង្ហោះ ដែលកំណត់ទុកជាមុនយ៉ាងត្រឹមត្រូវ ហើយលក្ខខណ្ឌការងារគឺធម្មតា»។
ទីភ្នាក់ងារព័ត៌មានរដ្ឋស៊ីនហួ បានរាយការណ៍ថា ម៉ូឌុល Mengtian គឺជាផ្នែកសំខាន់ទី៣ និងចុងក្រោយរបស់ស្ថានីយអវកាស Tiangong ដែលមានរាងអក្សរ T ហើយវាបានបញ្ជូនឧបករណ៍វិទ្យាសាស្ត្រទំនើបៗជាច្រើនចូលទៅក្នុងគន្លងតារាវិថី ដែលរួមទាំងប្រព័ន្ធនាឡិកាអវកាសអាតូមិកត្រជាក់ដំបូងគេបង្អស់របស់ពិភពលោកផងដែរ។
អ្នកស្រាវជ្រាវនៅបណ្ឌិតសភាវិទ្យាសាស្ត្រចិន លោក Zhang Wei បានប្រាប់ស៊ីនហួ ថា៖ «ប្រសិនបើជោគជ័យ នាឡិកាអាតូមិកត្រជាក់ នឹងបង្កើតជាប្រព័ន្ធពេលវេលា និងប្រេកង់ច្បាស់លាស់បំផុតនៅក្នុងទីអវកាស»។
គួរគូសបញ្ជាក់ថា ចិនបានវិនិយោគយ៉ាងច្រើនក្នុងកម្មវិធីអវកាសរបស់ខ្លួន ដើម្បីតាមឱ្យទាន់មហាអំណាចអវកាសធំៗដូចជាសហរដ្ឋអាមេរិក និងរុស្ស៊ី។ បេសកកម្មអវកាសមុនៗ ទីក្រុងប៉េកាំង បានចុះចតយានរុករកនៅលើភពអង្គារ និងយានស៊ើបអង្កេតទៅកាន់ឋានព្រះចន្ទទៀតផង។
ចិនត្រូវបានដកចេញពីស្ថានីយ៍អវកាសអន្តរជាតិ (ISS) ចាប់តាំងពីឆ្នាំ ២០១១ នៅពេលដែលសហរដ្ឋអាមេរិកបានហាមឃាត់អង្គការ NASA មិនឱ្យចូលរួមជាមួយទីក្រុងប៉េកាំង។ យ៉ាងណាក៏ដោយ ការបាញ់បង្ហោះម៉ូឌុល Mengtian គឺជាដំណាក់កាលបញ្ចប់ការសាងសង់ស្ថានីយ៍អវកាស Tiangong ហើយស្ថានីយ៍អវកាសផ្ទាល់ខ្លួនចិននេះ នឹងមានក្រុមអវកាសយានិក៣នាក់ នៅប្រចាំការធ្វើការពិសោធន៍វិទ្យាសាស្ត្រ និងជួយសាកល្បងបច្ចេកវិទ្យាថ្មីៗ។
បន្ថែមពីលើនេះ ស្ថានីយ Tiangong ដែលមានន័យថា «វិមានឋានសួគ៌» នឹងដំណើរការប្រហែលមួយទសវត្សរ៍។ វាស្រដៀងទៅនឹងស្ថានីយ៍អវកាស Mir ដែលសូវៀតសាងសង់ និងធ្វើគោចរជុំវិញផែនដីពីទសវត្សរ៍ឆ្នាំ ១៩៨០ ដល់ឆ្នាំ ២០០១៕
ដោយ៖ហួន ឌីណា
ប្រភព៖ China launches third and final module for Tiangong space station