ការងារសហគមន៍ជាយន្តការសំខាន់បន្ថែម ក្នុងការពង្រឹងការងារអភិរក្សធនធានធម្មជាតិ

ភ្នំពេញ៖ ឯកឧត្តម ខៀវ បូរិន្ទ អគ្គនាយក នៃ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថានបានថ្លែងថា«ការងារសហគមន៍ជាយន្តការសំខាន់បន្ថែមក្នុងការពង្រឹងការងារអភិរក្សធនធានធម្មជាតិ។ ក្រសួងបរិស្ថានដែលមានអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋានជាសេនាធិការ បានជំរុញទៅលើការបង្កើតនូវសេដ្ឋកិច្ចមូលដ្ឋាន ដែលសំដៅទៅលើការផ្តល់នូវជម្រើសថ្មីដល់សហគមន៍ដែលរស់នៅក្នុងតំបន់ការពារធម្មជាតិ និងជុំវិញតំបន់ការពារធម្មជាតិ» ។

ការថ្លែងបែបនេះរបស់ ឯកឧត្តម ខៀវ បូរិន្ទ អំឡុងពេលនៃការធ្វើបទបង្ហាញពីសមិទ្ធិផលការងារ បញ្ហាប្រឈម និងដំណោះ ស្រាយនាថ្ងៃទី២ នៃសន្និបាតបូកសរុបការងារបរិស្ថាន ឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ ២០២៣។

ឯកឧត្តម ខៀវ បូរិន អគ្គនាយកសហគមន៍មូលដ្ឋាន បានធ្វើបទបង្ហាញពីរបាយការណ៍លទ្ធផលការងារសិក្ខាសាលាស្តីពីវឌ្ឍនភាពការងាររបស់អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ដោយលើកយកនូវចំណុចសំខាន់ៗមួយចំនួនមកបង្ហាញរួមមាន៖ ១)លទ្ធផលការងាររួមឆ្នាំ២០២២៖ ការរៀបចំបង្កើតនិងគ្រប់គ្រងសហគមន៍មូលដ្ឋាន និងបណ្តុះបណ្តាល,ការលើកកម្ពស់ជីវភាពសហគមន៍,ការអភិវឌ្ឍទេសចរណ៍ផ្សារភ្ជាប់ធម្មជាតិ,ការសិក្សានិងអភិរក្សតំបន់បេតិកភណ្ឌ និងវេទិកាស្តពីការ«ការការពារនិងអភិរក្សធនធានធម្មជាតិ»និងកិច្ចប្រជុំបណ្តាញសហគមន៍ ២)បញ្ហាប្រឈម ៣)ទិសដៅការងារឆ្នាំ២០២៣ និង៤)សំណូមពរ។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ សហគមន៍តំបន់ការពារធម្មជាតិចំនួន ១៩០ ត្រូវបានរៀបចំក្នុងតំបន់ការពារធម្មជាតិចំនួន ៣៤ ដោយមានអ្នកចូលរួមចំនួន ៧១ ៧២៣ គ្រួសារ និងមានផ្ទៃដីសរុបជាង ៣០ ម៉ឺនហិកតា គ្រប់ដណ្តប់ចំនួន ៣៥៦ ភូមិ ១១៤ ឃុំ ក្នុងខេត្តចំនួន ១៦។

ជាមួយគ្នានេះ ក្រសួងបរិស្ថានក៏បានផ្តល់នូវការគាំទ្រទៅលើមធ្យោបាយ ក៏ដូចជាហិរញ្ញវត្ថុ ដើម្បីឱ្យសហគមន៍តំបន់ការពារធម្មជាតិទាំងអស់មានលទ្ធភាពនៅក្នុងការអភិវឌ្ឍដោយខ្លួនឯង ដូចជា ផ្តល់នូវពូជសត្វ ពូជដំណាំ ដែលទាំងអស់នេះ ហៅថាជាការបង្កើតនូវសន្តិសុខស្បៀងសម្រាប់គ្រួសារគាត់ផង និងសហគមន៍ផង។

ក្នុងការលើកកម្ពស់ជីវភាពសហគមន៍ ក្រសួងបរិស្ថានបានផ្តល់សត្វគោចំនួន ២០៦៦ក្បាល ក្របីចំនួន ៤៩៨ ក្បាល សត្វចៀមចំនួន ៩៣៣ ក្បាល ពពែចំនួន ៥៦៣ ក្បាល ជ្រូកចំនួន ៨៣០ ក្បាល និងមាន់ចំនួន ៥៦២០ក្បាល៕ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner