ប្រទេស៥០ ប្រើប្រាស់វេទិកា អ.ស.ប ថ្កោលទោសការរំលោភសិទ្ធិក្នុងតំបន់ ស៊ីនជាំង របស់ចិន
អ.ស.ប៖ប្រទេសចំនួន៥០បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍មួយដែលបានអានក្នុងអំឡុងពេលការពិភាក្សារបស់អង្គការសហប្រជាជាតិ(អ.ស.ប)ដែលឯកសារនោះបានថ្កោលទោសការរំលោភសិទ្ធិមនុស្ស “ធ្ងន់ធ្ងរ និងជាប្រព័ន្ធ” នៅក្នុងតំបន់ ស៊ីនជាំង(Xinjiang) របស់ប្រទេសចិន។
សេចក្តីថ្លែងការណ៍បានអានដោយមន្រ្តីនៃប្រទេសកាណាដា ក្នុងអំឡុងពេលជជែកដេញដោលនៅមហាសន្និបាតអ.ស.ប ថា ៖«យើងមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងសាធារណរដ្ឋប្រជាមានិតចិន ជាពិសេសការរំលោភសិទ្ធិមនុស្សដែលកំពុងបន្តរបស់ជនជាតិ Uyghurs និងជនជាតិភាគតិចមូស្លីមដ៏លើសលុបផ្សេងទៀតនៅក្នុង Xinjiang»។
ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) កាលពីខែសីហា បានចេញផ្សាយរបាយការណ៍មួយស្តីពីស៊ីនជាំង ដោយលើកឡើងពីឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិប្រឆាំងនឹងជនជាតិអ៊ុយហ្គួរ និងជនជាតិភាគតិចមូស្លីមដទៃទៀតនៅក្នុងតំបន់ដាច់ស្រយាលភាគខាងលិច។
ទីក្រុងប៉េកាំងបានច្រានចោលការចោទប្រកាន់នេះដោយអះអាងថា ទង្វើរបស់ខ្លួនគឺកំពុងប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម និងធានាការអភិវឌ្ឍក្នុងតំបន់ប៉ុណ្ណោះ។
សេចក្តីថ្លែងការណ៍របស់ប្រទេសទាំង៥០បានបន្ថែមថា ៖«ការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងជាប្រព័ន្ធ មិនអាចរាប់ជា ការប្រឆាំងភេរវកម្មនោះទេ។
យើងមានការព្រួយបារម្ភព្រោះតែមើលឃើញពីការរំលោភសិទ្ធិតាមរបាយការណ៍ OHCHR ខណៈដែលចិននៅតែបដិសេធមិនពិភាក្សាអំពីការរកឃើញរបស់ស្ថាប័នសិទ្ធិមនុស្សអង្គសហប្រជាជាតិនេះ» ។ ប្រទេសហត្ថលេខីទាំង៥០ រួមមានសហរដ្ឋអាមេរិក អង់គ្លេស ជប៉ុន បារាំង អូស្ត្រាលី អ៊ីស្រាអែល តួកគី ហ្គាតេម៉ាឡា និងសូម្បីតែសូម៉ាលី។ល។
ពួកគេបានជំរុញទីក្រុងប៉េកាំងឱ្យ ៖«អនុវត្តអនុសាសន៍នៃការវាយតម្លៃរបស់ OHCHR»ដែលរួមមាន៖ «ចាត់វិធានការភ្លាមៗដើម្បីដោះលែងបុគ្គលទាំងអស់ដែលត្រូវបានដកហូតសេរីភាពរបស់ពួកគេតាមអំពើចិត្តនៅក្នុងស៊ីនជាំង ព្រមទាំងបង្ហាញព័ត៌មានពីការបាត់ខ្លួនមនុស្ស ដល់សមាជិកគ្រួសាររបស់ពួកគេ និងសម្របសម្រួលទំនាក់ទំនងប្រកបដោយសុវត្ថិភាពឱ្យគ្រួសារអ្នកស៊ីជាំងជួបជុំគ្នាឡើងវិញ»។ .
នៅដើមខែតុលាប្រទេសចិនបានចាត់វិធានការដើម្បីជៀសវាងការពិភាក្សាអំពីរបាយការណ៍របស់ OHCHR នៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវ និងរារាំងការចាប់ផ្តើមនៃការពិភាក្សាពីបញ្ហាសិទ្ធិមនុស្សនៅស៊ីនជាំង។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ហៅកាត់ថា យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) អំពាវនាវកាលពីថ្ងៃចន្ទឱ្យក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ «ព្យាយាមម្តងទៀត» ដើម្បីបើកការជជែកដេញដោល «ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។
លោក Louis Charbonneau នាយកអង្គការមិនមែនរដ្ឋាភិបាលនៃអង្គការសហប្រជាជាតិបាននិយាយថា ៖«ច្បាស់ណាស់ ការជំរុញផ្នែកកាទូតអាចនឹងធ្វើឱ្យទីក្រុងប៉េកាំងទទួលខុសត្រូវចំពោះការរំលោភសិទ្ធិមនុស្សរបស់ខ្លួនកំពុងកើនឡើង»។ លោកបានបន្ថែមថា៖«អង្គការឃ្លាំមើលសិទ្ធិមនុស្សកំពុងជំរុញឱ្យសមាជិកក្រុមប្រឹក្សាព្យាយាមម្តងទៀត ដើម្បីពិភាក្សា និងពិចារណាជម្រើសសម្រាប់ការបង្កើតយន្តការគាំទ្រដោយអង្គការសហប្រជាជាតិ ដើម្បីស៊ើបអង្កេតបន្ថែមទៀតអំពីការទទួលខុសត្រូវរបស់រដ្ឋាភិបាលចិនចំពោះការរំលោភសិទ្ធិមនុស្ស»៕
ដោយៈវណ្ណ ស័ក្ដិ