កម្ពុជាចង់បានការហោះហើរត្រង់ពីប្រទេសចំនួនបីមកកាន់ខេត្តសៀមរាបដើម្បីជំរុញវិស័យទេសចរណ៍

ភ្នំពេញ៖ មន្រ្តីដ្ឋបាលខេត្តសៀមរាបនៃប្រទេសកម្ពុជាបានបង្ហាញពីបំណងចង់ឱ្យមានការហោះហើរត្រង់ពីប្រទេសចំនួនបីមកកាន់ខេត្តទេសចរណ៍វប្បធម៌ ប្រវត្តិសាស្រ្តមួយនេះ។

ប្រតិភូខេត្តសៀមរាបបានធ្វើការជំរុញនិងស្នើខេត្តនៃប្រទេសចំនួនបី បង្កើតឱ្យមានការហោះហើរត្រង់មកកាន់ខេត្តសៀមរាប ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ក្នុងតំបន់ឱ្យមានការប្រសើរឡើងវិញ។ ការស្នើនេះត្រូវបានធ្វើឡើង ក្នុងពេលចូលរួមមហាសន្និបាតវេទិកាទេសចរណ៍អន្តរតំបន់អាស៊ី-បូព៌ា (ហៅកាត់ថា EATOF) ឆ្នាំ ២០២២ នៅខេត្ត ក្វាងនីញ(Quang Ninh) ប្រទេសវៀតណាម កាលពីពេលថ្មីៗនេះ។

មហាសន្និបាតនេះក្រោមប្រធានបទ “ការងើបឡើងវិញនៃទេសចរណ៍ក្នុងតំបន់អាស៊ីបូព៌ាក្នុងយុគសម័យថ្មី” ដោយមានការចូលរួមពីអាជ្ញាថរខេត្តនៃប្រទេសជាសមាជិកនៃសហព័ន្ធអន្តរតំបន់អាស៊ីបូព៌ា (EATOF) រួមមាន ប្រទេសហ្វីលីពីន កូរ៉េខាងត្បូង វៀតណាម ម៉ាឡេស៊ី កម្ពុជា ជប៉ុន ម៉ុងហ្គោលី និង ប្រទេសឥណ្ឌូនេស៊ី។

លោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាប ដែលបានដឹកនាំប្រតិភូខេត្តចូលរួមមហាសន្និបាតនេះ បានឱ្យដឹងថា ក្នុងមហាសន្និបាតនេះ សមាជិកនៃសហព័ន្ធអន្តរតំបន់អាស៊ីបូព៌ា (EATOF) បានពិភាក្សាអំពីវិធានការពាក់ព័ន្ធនឹងតំបន់ទេសចរណ៍ ពិសេសជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ និងសេដ្ឋកិច្ចក្នុងតំបន់ ក្នុងតំបន់ឱ្យមានការប្រសើរឡើងវិញ។

លោកបានបញ្ជាក់ថា ៖«ប្រតិភូខេត្តសៀមរាប បានស្នើខេត្តនៃប្រទេសចំនួនបី រួមមាន៖ ខេត្តខេត្តកាងវ៉ុន នៃសាធារណរដ្ឋកូរ៉េ ,ខេត្តក្វាងនិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងខេត្តទូវ នៃប្រទេសម៉ុងហ្គោលី បង្កើតឱ្យមានការហោះហើរត្រង់មកកាន់ខេត្តសៀមរាបនាពេលខាងមុខដើម្បី បង្កើនកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ និងវប្បធម៌ទេសចរណ៍ក្នុងតំបន់ឱ្យកាន់តែរឹងមាំថែមទៀត»។

គួរបញ្ជាក់ថា បើតាមរបាយការណ៍ក្រសួងទេសចរណ៍បានឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ ២០២២ ខេត្តសៀមរាបបានទទួលទេសចរអន្តរជាតិប្រមាណប្រាំមួយម៉ឺននាក់ កើនឡើង ១ ០២៥ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១ និងភ្ញៀវទេសចរផ្ទៃក្នុងជាង មួយលាននាក់ កើន ៧៩៨ ភាគរយ។ ជើងហោះហើរមកកាន់ខេត្តសៀមរាប មានចំនួន ៣៨៧ ជើង។

ក្រសួងទេសចរណ៍ព្យាករណ៍ថា ខេត្តសៀមរាបនឹងទទួលបានភ្ញៀវទេសចរសរុបជាងពីរលាននាក់នៅក្នុងឆ្នាំ ២០២២ ខណៈដែលត្រឹមរយៈពេលប្រាំពីរខែកន្លងទៅនេះ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរជាង មួយលាននាក់រួចទៅហើយនោះ។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបញ្ជាក់ថា ក្រសួងទេសចរណ៍បានព្យាករណ៍ថា ខេត្តសៀមរាបនឹងទទួលបានភ្ញៀវទេសចរសរុបជាងពីរលាននាក់នៅក្នុងឆ្នាំ ២០២២ ខណៈដែលត្រឹមរយៈពេល៧ខែកន្លងទៅនេះ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរជាងមួយលាននាក់រួចទៅហើយនោះ។ លោកថា ដើម្បីចូលរួមជំរុញដល់កំណើននេះ ក្រសួងទេសចរណ៍បាន និងកំពុងពិភាក្សាជាក្រសួង ស្ថាប័នពាក់ព័ន្ធ និងផ្នែកឯកជនអំពីលទ្ធភាពក្នុងការបង្កើត «កញ្ចប់ទស្សនកិច្ចពិសេស» ព្រមទាំងការជំរុញឱ្យមានការហោះហើរត្រង់ពីបណ្តាប្រទេសនានា ដើម្បីទាក់ទាញឱ្យទេសចរមកទស្សនាខេត្តសៀមរាបកាន់តែច្រើនផងដែរ។

ដោយឡែកបើតាមខ្លឹមសារសង្ខេបសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៣ ដែលក្រសួងសេដ្ឋកិច្ច ចេញផ្សាយ កាលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ ក៏បានបង្ហាញថា ការរូតរះរៀបចំយុទ្ធសាស្ត្រថ្មីៗ និងការជំរុញឱ្យមានជើងហោះហើរផ្ទាល់ពីបណ្តាប្រទេសនានាមកកម្ពុជា គឺពិតជាមានសារៈសំខាន់ណាស់នៅក្នុងការសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវ ក៏ដូចជាកំណើនសេដ្ឋកិច្ចកម្ពុជា ដែលបានថមថយដោយសារការផ្ទុះឡើងនៃជំងឺកូវីដ ១៩ នាពេលកន្លងមកនេះ៕
ដោយ៖ បូរ ពេជ្រហ្សាលីន

ads banner