បញ្ជូនខ្លួនបុរសម្នាក់ ជាជនជាតិចិនតៃវ៉ាន់ ទៅតុលាការ ពាក់ព័ន្ធនឹងការកាន់កាប់អាវុធ ដោយគ្មានការអនុញ្ញាត (បាញ់បោះសេរី)
ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចជំនាញ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ម្សិលម្សិញ បានធ្វើការបញ្ជូនខ្លួនបុរសម្នាក់ ជាជនជាតិចិនតៃវ៉ាន់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ជាប់ពាក់ព័ន្ធករណីកាន់កាប់អាវុធ ដោយគ្មានការអនុញ្ញាត (បាញ់សេរី) ដោយផ្ទុះអាវុធទៅលើមេឃ ចំនួន៦គ្រាប់ ព្រោះតែរឿងខឹងមិត្តភក្តិជំពាក់ប្រាក់ មិនព្រមសង ប្រព្រឹត្តកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅត្រង់ចំណុចមុខយានដ្ឋានជួសជុលរថយន្ត “វីឌីវៃដា” ផ្ទះលេខ៤៥២ ផ្លូវ៤៥៦ ក្នុងសង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានី ភ្នំពេញ។
តាមរបាយការណ៍របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា ជនសង្ស័យខាងលើមាន ឈ្មោះ HSIEH HO TING ភេទប្រុស អាយុ ៣៧ឆ្នាំ ជាជនជាតិ ចិនតៃវ៉ាន់ មុខរបរ ពាណិជ្ជករ ស្នាក់នៅខុនដូមួយកន្លែង តាមបណ្តោយផ្លូវភ្លោះ ក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញ។ ក្រោយពីឃាត់ខ្លួនបាន សមត្ថកិច្ចកងរាជអាវុធហត្ថ ដកហូតយកបាន វត្ថុតាងរួមមាន៖ កាំភ្លើងខ្លី១ដើម ម៉ាក GLOCK 30 ពណ៌ខ្មៅ បង់១ សំបកគ្រាប់ ៦គ្រាប់ និងគ្រាប់ មិនទាន់ផ្ទុះនៅក្នុងកាណុង ១គ្រាប់។
សូមជម្រាប់ថា ជនសង្ស័យ ជាជនជាតិតៃវ៉ាន់ រូបនេះ ត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថ ធ្វើការចាប់ឃាត់ខ្លួនបាន កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ស្ថិតត្រង់ចំណុចមុខយានដ្ឋានជួសជុលរថយន្ត “វីឌីវៃដា” ផ្ទះលេខ៤៥២ ផ្លូវ៤៥៦ ស្ថិតក្នុងសង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
បច្ចុប្បន្ន ជនសង្ស័យម្នាក់ ខាងលើរូបនេះ កំពុងតែត្រូវបានសាកសួរនាំចម្លើយ នៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅឡើយ៕ ដោយ៖ ឆៃហួត និងប៊ុនធី
