ដំណើរកម្សាន្ត “ផ្លូវដែកអណ្តែតទឹក” ទៅទំនប់ ប៉ាសាក់ ចូឡាស៊ីត ប្រទេសថៃ នឹងចាប់ផ្តើមនៅថ្ងៃទី ៥ ខែវិច្ឆិកាខាងមុខ
បាងកក៖ ផ្លូវដែករដ្ឋនៃប្រទេសថៃ (SRT) នឹងដំណើរការរថភ្លើងពិសេសសម្រាប់ថ្ងៃឈប់សម្រាកពីទីក្រុងបាងកក ទៅកាន់ទំនប់ ប៉ាសាក់ ចូឡាស៊ីត (Pa Sak Jolasid) ក្នុងទីក្រុង ឡូប៊ូរី (Lopburi) ចាប់ពីថ្ងៃសៅរ៍ ខណៈដែលមានបើកការកក់ថ្ងៃនេះ។
ការធ្វើដំណើរឆ្លងកាត់ទំនប់នេះ ត្រូវបានគេស្គាល់ថាជា “ផ្លូវដែកអណ្តែតទឹក” នាំអ្នកដំណើរទៅកាន់ទិដ្ឋភាពបឹងដ៏អស្ចារ្យ ចំពេលមានខ្យល់ត្រជាក់នៃរដូវត្រជាក់។ ដំណើរកំសាន្តទៅមកនឹងដំណើរការនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីថ្ងៃទី ៥ ខែវិច្ឆិកា រហូតដល់ខែមករា។ ការធ្វើដំណើរចាប់ផ្តើមនៅថ្ងៃទី ៥ និងទី ៦ ខែវិច្ឆិកា ហើយដំណើរការជារៀងរាល់ចុងសប្តាហ៍ លើកលែងតែថ្ងៃឈប់សម្រាកចូលឆ្នាំថ្មី រហូតដល់ថ្ងៃទី ២៨ និង២៩ ខែមករា សរុបចំនួន ២៤ ថ្ងៃ។
រថភ្លើងនឹងចាកចេញពីស្ថានីយ៍ Hua Lamphong នៅម៉ោង ៦ព្រឹក ហើយមកដល់ស្ថានីយ៍ទំនប់ Pa Sak Jolasid នៅម៉ោង ១០៖៣៥ ព្រឹក។ រថភ្លើងត្រឡប់មកវិញនឹងចាកចេញពីទំនប់នៅម៉ោង ៣.៣០ រសៀល ហើយមកដល់ស្ថានីយ៍ Hua Lamphong នៅម៉ោង ៦៖៥០ ល្ងាច។ ចំណតនៅតាមបណ្តោយផ្លូវគឺ Samsen, Bang Sue Grand Station, Bang Khen, Lak Si, Don Muang, Rangsit, Ayutthaya, Saraburi, Kaeng Khoi, Kaeng Sua Ten។
បន្ទាប់មក រថភ្លើងនឹងឈប់នៅទីតាំង “ផ្លូវរថភ្លើងអណ្តែតទឹក” របស់ស្ថានីយ៍ទំនប់វារីអគ្គិសនី រយៈពេល ២០នាទី ដែលអាចឱ្យអ្នកដំណើរបានគយគន់ទេសភាព និងថតរូបទុកមុននឹងនាំពួកគេទៅកាន់ស្ថានីយ៍ខុកស្លូង ដើម្បីទិញផលិតផលផ្សេងៗ។
សំបុត្រធ្វើដំណើរទៅមកមានតម្លៃ ៣៣០បាតសម្រាប់កៅអីមិនម៉ាស៊ីនត្រជាក់ និង៥៦០បាតសម្រាប់កៅអីម៉ាស៊ីនត្រជាក់៕ ប្រភពពី The Nation, ដោយ៖ សារ៉ាត


