រថយន្តពិសេសរបស់ប្រធានាធិបតីអាមេរិកមកដល់កម្ពុជា ១០ថ្ងៃមុនកិច្ចប្រជុំកំពូលអាស៊ាន

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ នៅមុនកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅកម្ពុជា រថយន្តពិសេសរបស់កងរក្សាសន្តិសុខនៃទីភ្នាក់ងារ US Secret Service សម្រាប់ការពារប្រធានាធិបតីអាមេរិកលោកចូ បៃដិន បានមកដល់រាជធានីភ្នំពេញមុន កាលពីថ្ងៃទី៣១ ខែតុលាឆ្នាំ២០២២ នារវាង ១០ថ្ងៃមុនកិច្ចប្រជុំ បន្ទាប់ពីសេតវិមានប្រកាសពីវត្តមានរបស់លោកចូ បៃដិន ក្នុងជំនួបកំពូលអាស៊ាននេះ។

រថយន្តពិសេសសម្រាប់ការពារសុវត្ថិភាពរបស់ប្រធានាធិបតីអាមេរិកចូ បៃដិន ដែលដឹកតាមរយៈយន្តហោះចម្បាំងធន Lockheed C-130 Hercules របស់កងទ័ពអាកាសអាមេរិក(U.S Air Force) បានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ។នេះបើតាមការគូសបញ្ជាក់សម្តេចតេជោនាយករដ្ឋមន្រ្តីហ៊ុន សែន ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២។

តាមរយៈការបញ្ជូនមកដល់នូវរថយន្តពិសេសការពារលោកប្រធានាធិបតីចូបៃដិន នៅរវាង១០ថ្ងៃមុនកិច្ចប្រជុំកំពួលអាស៊ាននៅកម្ពុជានេះ សម្តេចតេជោនាយករដ្ឋមន្ត្រីហ៊ុន សែន លើកឡើងពីទំនុកចិត្តផ្នែកគាំពារសុវត្ថិភាពថ្នាក់ដឹកនាំពីសំណាក់កម្ពុជា ដូច្នេះថា៖« អាមេរិកគាត់ទៅណា មិនមែនគ្រាន់តែកម្ពុជាទេ។ មិនមែនគាត់មិនទុកចិត្តកម្ពុជាទេ គាត់ទៅណាក៏ដោយ ឡានរបស់គាត់ទៅ ហើយអាចបើថា ប្រធានាធិបតី ពូទីន របស់រុស្ស៊ីមក ក៏គាត់ដឹកឡានរបស់ពួកគាត់មកដែរ ជាទម្លាប់របស់ពួកគាត់។ ប៉ុន្តែថ្នាក់ដឹកនាំនៃប្រទេសដទៃទៀត។ ប្រើប្រាស់រថយន្តក្នុងប្រទេសរបស់យើង »។

គួរជម្រាបជូនថា រថយន្តពិសេសនិងសម្ភារសម្រាប់កងអង្គរក្សការពារប្រធានាធិបតីអមេរិកបានដឹកដោយយន្តហោះចម្បាំងធុន Lockheed C-130 Hercules ដែលផលិតក្នុងទសវត្សរ៍ឆ្នាំ១៩៥០ នេះបើយោងតាមគេហទំព័រផ្លូវការរបស់កងទ័ពអាកាសអាមេរិក។ យន្តហោះប្រភេទនេះ ត្រូវបានសម្រេចជ្រើសរើសឲ្យមានភារកិច្ចដឹករថយន្តពិសេសសម្រាប់ប្រធានាធិបតី សម្ភារៈរបស់កងអង្គរក្សនៃទីភ្នាក់ងារសន្តិសុខ U.S. Secret Service នៅរង្វង់ឆ្នាំ១៩៦០ ។

ទីភ្នាក់ងាររក្សាសន្តិសុខ US Secret Service ជាទីភ្នាក់ងារពិសេសស្ថិតក្រោមនាយកដ្ឋានសន្តិសុខជាតិអាមេរិក Department of Homeland Security ដែលតួនាទីក្នុងការស៊ើបអង្កេតបទឧក្រិដ្ឋនិងការពារសុវត្ថិភាពមេដឹកនាំអាមេរិក និងក្រុមគ្រួសារ ព្រមទាំងប្រមុខថ្នាក់ដឹកនាំប្រទេស និងថ្នាក់ដឹកនាំប្រទេសផ្សេងៗចូលទស្សនកិច្ចសហរដ្ឋអាមេរិក ដែលបង្កើតឡើងក្នុងឆ្នាំ១៩០១។

សេតវិមាន(The White House) បានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ ពីវត្តមានរបស់ប្រធានាធិបតីអាមេរិកចូ បៃដិន នៅប្រទេសកម្ពុជាក្នុងថ្ងៃទី១២ និង១៣ ខែវិច្ឆិកាខាងមុខ ដើម្បីចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំអាមេរិក-អាស៊ាន និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា។

តាមរយៈសេចក្តីប្រកាសព័ត៌មានដដែល បានឱ្យដឹងថា លោកចួ បៃដិន នឹងគូសបញ្ជាក់នូវការប្តេជ្ញាចិត្តរយៈកាលយូរអង្វែងរបស់សហរដ្ឋអាមេរិកចំពោះតំបន់អាស៊ីអាគ្នេយ៍តាមរយៈការកសាងភាពជោគជ័យនៃកិច្ចប្រជុំកំពូលពិសេស អាមេរិក-អាស៊ាន។ លោកបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងអាស៊ាន ថា ដើម្បីការធានាសន្តិសុខ និងវិបុលភាពនៅក្នុងតំបន់ និងសុខុមាលភាពនៃប្រជាជនរួមមួយពាន់លាននាក់។

កម្ពុជាបានក្លាយជាសមាជិកអាស៊ានកាលពីខែមេសា ឆ្នាំ១៩៩៩ ហើយបានធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ានចំនួនពីរលើករួចមកហើយ កាលពីឆ្នាំ២០០២ និង ២០១២ ហើយសម្រាប់ឆ្នាំ២០២២នេះ កម្ពុជានឹងរៀបចំកិច្ចប្រជុំដ៏ធំនេះដែរ ជាលើកទី៣ ក្រោមប្រធានបទ «ASEAN A.C.T: ដោះស្រាយបញ្ហាប្រឈមរួមគ្នា»នឹងប្រគល់តួនាទីនេះបន្តទៅឱ្យឥណ្ឌូនេស៊ីដែលនឹងត្រូវធ្វើជាប្រធានអាស៊ានឆ្នាំ២០២៣ ៕
ដោយ៖ សំបាន ច័ន្ទដារ៉ា

ads banner