រុស្ស៊ីប្រមូលទាហានអាហ្វហ្គានីស្ថាន ដែលអាមេរិកបណ្ដុះបណ្ដាល យកទៅច្បាំងនៅអ៊ុយក្រែន
រុស្ស៊ី៖ ទីភ្នាក់ងារសារព័ត៌មាន អេភី(AP) រាយការណ៍កាលពីថ្ងៃចន្ទទី ៣១ ខែតុលា ដោយស្រង់សម្ដីអតីតឧត្តមសេនីយ៍អាហ្វហ្គានីស្ថានបីរូបថា រុស្ស៊ីកំពុងជ្រើសរើសទាហានកម្លាំងពិសេសអាហ្វហ្គានីស្ថាន ដែលឆ្លងកាត់ការបណ្ដុះបណ្ដាលរបស់អាមេរិក ដើម្បីយកទៅច្បាំងជាមួយអ៊ុយក្រែន។
ទាហានដែលរុស្ស៊ីជ្រើសរើសទាំងនោះ បានរត់ភៀសខ្លួនចេញពីប្រទេសទៅអ៊ីរ៉ង់ បន្ទាប់ពីអាមេរិកដកកងទ័ពពីអាហ្វហ្គានីស្ថាន ហើយក្រុមតាលីបង់ចូលកាន់កាប់ក្រុងកាប៊ុល។
អតីតឧត្តមសេនីយ៍អាហ្វហ្គានីស្ថានទាំង៣រូបបានអះអាងថា រុស្ស៊ីចង់ទាក់ទាញកងកុម្ម៉ង់ដូអាហ្វហ្គានីស្ថានរាប់ពាន់នាក់ឱ្យចូលទៅក្នុង «កងពលបរទេស» ដោយផ្តល់ប្រាក់ ១ ៥០០ ដុល្លារក្នុងមួយខែ ហើយសន្យាពីជម្រកសុវត្ថិភាពសម្រាប់ទាហានទាំងនោះ និងក្រុមគ្រួសាររបស់ពួកគេ កុំឱ្យជួបការនិរទេសទៅអាហ្វហ្គានីស្ថានវិញ។
អតីតឧត្តមសេនីយ៍ម្នាក់គឺលោក Abdul Raof Arghandiwal បានលើកឡើងយ៉ាងដូច្នេះថា៖ «ពួកគេមិនចង់ទៅប្រយុទ្ធទេ ប៉ុន្តែពួកគេគ្មានជម្រើស»។ លោកបន្ថែមថា កងកុម្ម៉ង់ដូរាប់សិបនាក់នៅអ៊ីរ៉ង់ ភ័យខ្លាចបំផុតអំពីការនិរទេស ហើយ៖ «ពួកគេសួរខ្ញុំថា គួរមានដំណោះស្រាយអ្វី។ តើយើងគួរធ្វើអ្វី? ប្រសិនបើយើងត្រឡប់ទៅអាហ្វហ្គានីស្ថានវិញ ពួកតាលីបង់នឹងសម្លាប់យើង»។
លោក Arghandiwal បានបញ្ជាក់ថា ការជ្រើសរើស ឬប្រមូលកងកុម្ម៉ង់ដូនេះ ដឹកនាំដោយកងកម្លាំងទាហានស៊ីឈ្នួលរុស្ស៊ី Wagner Group ។ អតីតឧត្តមសេនីយ៍អាហ្វានីស្ថានម្នាក់ទៀត លោក Hibatullah Alizai បានបន្ថែមថា កិច្ចខិតខំប្រឹងប្រែងនេះ ក៏ទទួលជំនួយពីអតីតមេបញ្ជាការកងកម្លាំងពិសេសអាហ្វហ្គានីស្ថាន ដែលរស់នៅ និងចេះភាសារុស្ស៊ីផងដែរ»។
គួរឱ្យកត់សម្គាល់ថា ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ទាហានអាមេរិក ដែលប្រយុទ្ធរួមគ្នាជាមួយកងកម្លាំងពិសេសអាហ្វហ្គានីស្ថាន បានព្រមានថា ពួកតាលីបង់មានបំណងសម្លាប់ទាហានអាហ្វហ្គានីស្ថានទាំងនោះ ហើយថាពួកគេអាចចូលរួមជាមួយសត្រូវរបស់សហរដ្ឋអាមេរិក ដើម្បីនៅរស់។ របាយការណ៍សភានៃគណបក្សសាធារណរដ្ឋអាមេរិក កាលពីខែសីហា បានព្រមានជាពិសេសអំពីគ្រោះថ្នាក់ ដែលថា កងកុម្ម៉ង់ដូអាហ្វហ្គានីស្ថានដែលទទួលបានការបណ្តុះបណ្តាលពីយោធាអាមេរិក អាចផ្តល់ព័ត៌មានអំពីយុទ្ធសាស្ត្រប្រយុទ្ធរបស់អាមេរិក ទៅឱ្យក្រុមរដ្ឋអ៊ីស្លាម អ៊ីរ៉ង់ ឬរុស្ស៊ី ឬចូលរួមប្រយុទ្ធដើម្បីជាមួយក្រុម ឬប្រទេសទាំងនេះ។
ព័ត៌មានជុំវិញការប្រមូលទ័ពបរទេសឱ្យជួយប្រយុទ្ធខ្លួននេះ លេចឡើងនៅពេលដែលកងកម្លាំងរុស្ស៊ីចាញ់ប្រៀបនឹងកងកម្លាំងអ៊ុយក្រែននៅលើទូទាំងសមរភូមិជួរមុខ និងបន្ទាប់ពីលោកប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ប្រកាសពីការកេណ្ឌទ័ពយកទៅច្បាំងបី សែននាក់ ដែលបង្កឱ្យប្រជាជនរុស្ស៊ីរាប់សែននាក់ភៀសខ្លួនចេញពីប្រទេស ដើម្បីគេចវេសពីកំណែន។
ទោះយ៉ាងណាក៏ដោយ ក្រសួងការពារជាតិរុស្ស៊ី មិនទាន់ចេញប្រតិកម្មយ៉ាងណានោះទេ ជុំវិញសេចក្ដីការណ៍ចុងក្រោយរបស់ អេភី ប៉ុន្តែអ្នកនាំពាក្យ របស់លោក Yevgeny Prigozhin ដែលជាស្ថាបនិកនៃក្រុមទាហានស៊ីឈ្នួល Wagner Group បានច្រានចោលនូវការរាយការណ៍នេះ ដោយអះអាងថាវាអត់ន័យខ្លាំង។
ចំណែកឯក្រសួងការពារជាតិអាមេរិក ក៏មិនបានឆ្លើយតបយ៉ាងណាដែរ ប៉ុន្តែមន្ត្រីជាន់ខ្ពស់មួយរូប បានថ្លែងប្រាប់អេភី ថា ការប្រមូលទាហានអាហ្វហ្គានីស្ថានរបស់រុស្ស៊ី ជារឿងមិនគួរឱ្យភ្ញាក់ផ្អើលនោះទេ ដោយសារតែក្រុម Wagner នាពេលកន្លងមក ក៏បានព្យាយាមប្រមូលទ័ពបរទេសពីប្រទេសផ្សេងទៀតផងដែរ។
ទោះជាយ៉ាងណាក៏ដោយ គេមិនច្បាស់ទេ ថាតើមានសមាជិកកងកម្លាំងពិសេសអាហ្វហ្គានីស្ថានប៉ុន្មាននាក់ ដែលភៀសខ្លួនទៅអ៊ីរ៉ង់ ត្រូវបានរុស្ស៊ីប្រមូលជ្រើសរើសនោះទេ។ ប៉ុន្តែទាហានម្នាក់ បានអះអាងប្រាប់ អេភី ថា លោកកំពុងទំនាក់ទំនងតាមរយៈតាម WhatsApp ជាមួយកងកុម្មង់ដូប្រហែល ៤០០ នាក់ ដែលកំពុងពិចារណាលើការផ្ដល់ជូនរបស់រុស្ស៊ី។ លោកនិយាយជាអនាមិកថា ទាហានអាហ្វហ្គានីស្ថានជាច្រើនដូចជារូបលោក មានការភ័យខ្លាំងនឹងការនិរទេសខ្លួនឱ្យវិលចូលស្រុក ហើយក៏ខឹងសម្បារនឹងអាមេរិក ដែលបោះបង់ពួកគេចោល។
ជុំវិញបញ្ហានេះផងដែរ លោក Alizai បានថ្លែងថា កិច្ចខិតខំប្រឹងប្រែងជ្រើសរើសទាហានរបស់រុស្ស៊ី ភាគច្រើន គឺផ្តោតលើទីក្រុងតេអេរ៉ង់ និងក្រុង Mashhad ដែលនៅជិតព្រំដែនអាហ្វហ្គានីស្ថាន ហើយមានប្រជាជនអាហ្វហ្គានីស្ថានច្រើននាក់ភៀសខ្លួនទៅ។ អតីតឧត្តមសេនីយ៍មួយរូបទៀត គឺលោក Abdul Jabar Wafa បានលើកឡើងថា គ្មាននរណានាក់ដឹងច្បាស់ពីចំនួនទាហាន ដែលបានព្រមព្រៀងលើការផ្ដល់ជូនរបស់រុស្ស៊ី ដូចជាទិដ្ឋាការរុស្ស៊ី ឬការពន្យាពេលទិដ្ឋាការនៅអ៊ីរ៉ង់ នោះទេ។
គួររំឭកថា កងកម្លាំងពិសេសអាហ្វហ្កានីស្ថានប្រមាណពី ២០ ០០០ ទៅ ៣០ ០០០ នាក់បានចូលរួមប្រយុទ្ធជាមួយអាមេរិក ក្នុងអំឡុងសង្គ្រាម២ទសវត្សរ៍ ប៉ុន្តែមានតែមន្ត្រីជាន់ខ្ពស់ប្រហែល ២-៣ រយនាក់ប៉ុណ្ណោះ ដែលត្រូវបានអាមេរិកដឹកចេញពីអាហ្វហ្គានីស្ថាន។
ដោយសារកងកុម្មង់ដូអាហ្វហ្គានីស្ថានជាច្រើននាក់ មិនធ្វើការដោយផ្ទាល់សម្រាប់យោធាអាមេរិក ពួកគេមិនមានសិទ្ធិទទួលបានទិដ្ឋាការពិសេសរបស់សហរដ្ឋអាមេរិកនោះទេ ហើយនេះហើយ ជាហេតុផលដែលធ្វើឱ្យពួកគេត្រូវរត់ចេញពីប្រទេស ឬត្រូវប្រឈមមុខនឹងការសងសឹកពីពួកតាលីបង់។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស បានអះអាងថា អតីតទាហាន មន្ត្រីចារកម្ម និងប៉ូលីសអាហ្វហ្គានីស្ថាន ជាង ១០០ នាក់ ត្រូវបានសម្លាប់ ឬបាត់ខ្លួនទាំងបង្ខំ ត្រឹមតែរយៈពេល ៣ ខែប៉ុណ្ណោះ ក្រោយក្រុមតាលីបង់ឡើងកាន់អំណាច ទោះបីជាមានការសន្យាលើកលែងទោស ដោយសារសម្ពាធពីអន្តរជាតិក៏ដោយ។ ហើយក្នុងរបាយការណ៍មួយចេញផ្សាយពីពាក់កណ្ដាលខែតុលា អង្គការសហប្រជាជាតិបានកត់ត្រាការសម្លាប់ក្រៅប្រព័ន្ធតុលាការលើអតីតមន្ត្រីរដ្ឋាភិបាល និងយោធាចំនួន ១៦០ នាក់ ខណៈ ១៧៨ នាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួន៕
ដោយ៖ហួន ឌីណា
ប្រភព៖ Russia recruiting U.S.-trained Afghan commandos, vets say