ក្រសួងបរិស្ថាននឹងរៀបចំទីលានចាក់សំរាមបន្ថែមទៀតនៅទូទាំងប្រទេសដើម្បីកាត់បន្ថយការចោលសំរាមពាសវាលពាសកាល

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ក្រសួងបរិស្ថាននឹងរៀបចំទីលានចាក់សំរាមបន្ថែមទៀតនៅទូទាំងប្រទេសដើម្បីកាត់បន្ថយការចោលសំរាមពាសវាលពាសកាល។ នេះបើតាមការបញ្ជាក់របស់រដ្ឋលេខាធិការក្រសួងបរិស្ថាន លោកនេត ភក្ត្រា ដែលថ្លែងប្រាប់អ្នកកាសែតកាលពីថ្ងៃទី៣១ខែតុលា។

ឯកឧត្តម នេត ភក្ដ្រា រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថានបាមានប្រសាសន៍ថានៅក្នុងចំណោមសំរាម១០០ភាគរយ មានតែ៦៤ភាគរយប៉ុណ្ណោះដែលត្រូវបានយកទៅចាក់នៅទីលានចាក់សំរាម និងនៅសល់សំរាម៣៦ភាគរយទៀត បានចោលរាយប៉ាយនៅតាមកន្លែងសាធារណៈផ្សេងៗ។ លោកបន្តថា ក្នុងឆ្នាំ២០២២នេះ តាមដែលក្រសួងបរិស្ថានបានសិក្សាកន្លងមកឃើញថា សំរាមនៅក្នុងប្រទេសកម្ពុជា បានកើនឡើងជាងបួនលានតោននៅក្នុងមួយឆ្នាំៗ ហើយបើគិតក្នុងមួយថ្ងៃប្រមាណជាង មួយម៉ឺនតោន។ ឯកម្រិតនៃការកើនសំរាម ឫសំណល់រឹងនៅក្នុងប្រទេសកម្ពុជា គឺមានចន្លោះពី១០ភាគរយទៅ១៥ភាគរយសម្រាប់រយៈពេលមួយឆ្នាំ។

ឯកឧត្តម នេត ភក្ដ្រា បញ្ជាក់ថា៖ «នៅក្នុងចំណោមសំរាម១០០ភាគរយ មានតែ៦៤ភាគរយប៉ុណ្ណោះដែលត្រូវបានយកទៅចាក់នៅទីលាន ហើយក្រៅពីនេះនៅសល់សំរាម៣៦ភាគរយទៀត បានបោះរាយប៉ាយនៅតាមទីតាំងផ្សេងៗ ឬនៅក្នុងប្រភពទឹក និងតាមដងផ្លូវសាធារណៈ។

លោកបន្តថា៖«ជាកិច្ចការងារបន្ត ដែលក្រសួងបរិស្ថានក្នុងនាមជាស្ថាប័ន ដែលរៀបចំនូវគោលនយោបាយ ជំរុញបន្ថែម និងសហការជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិ ដែលទទួលភារកិច្ចក្នុងការគ្រប់គ្រងទៅលើសំណល់រឹង ឬសំរាមនេះ។ ដើម្បីឱ្យមានការរៀបចំទីលានចាក់សំរាម ឱ្យបានត្រឹមត្រូវបន្ថែមទៀត និងអាចឱ្យការងារប្រមូលសំរាមបានទាន់ពេលវេលាជៀសវាងប៉ះពាល់លើសុខភាពពលរដ្ឋ។

សូមបញ្ជាក់ថា តាមរបាយការណ៍របស់ក្រសួងបរិស្ថាន នៅឆ្នាំ២០១៩ ការចោលសំរាមនៅទីលានចាក់សំរាម មានការកើនឡើង៥ដង ចាប់ពី ៣១៦,០០០តោននៅឆ្នាំ២០០៤ ដល់១.៧លានតោនក្នុងមួយឆ្នាំនៅឆ្នាំ២០១៨។មូលហេតុនៃការកើនឡើងសំណង់រឹង ឬសំរាមនេះ ដោយសារតែកំណើនប្រជាពលរដ្ឋ កំណើនជីវភាពនិងសេដ្ឋកិច្ច ដែលធ្វើឲ្យផ្លាស់ប្ដូរឥរិយាបថក្នុងការប្រើប្រាស់ ដូចជាការវេចខ្ចប់ម្ហូបអាហារ ឬសម្ភារៈផ្សេងៗ និងកង្វះខាតចំណេះដឹងក្នុងការគ្រប់គ្រង និងកែច្នៃសំរាម៕
ដោយ៖ជា សុខនី

ads banner