សិស្សប៊ែលធី និទ្ទេស A ចំនួន ៩៩រូប បានចែក រំលែកបទពិសោធន៍សិក្សាជោគជ័យជូនប្អូនៗជំនាន់ក្រោយ
ភ្នំពេញ៖ សិស្សប៊ែលធី និទ្ទេស A ចំនួន ៩៩រូប បានចែក រំលែកបទពិសោធន៍សិក្សាជូនដល់សិស្សថ្នាក់ទី១២ ចំនួន ១,១៧៥នាក់ ដែលត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាថ្ងៃទី០៥-០៦ ខែធ្នូ ឆ្នាំ២០២២ ខាងមុននេះ។
សិស្សនិទ្ទេស A ចំនួន ៥រូប ក្នុងចំណោមសិស្សនិទ្ទេស A ទាំង ៩៩រូប បានចែករំលែកបទ ពិសោធន៍ជោគជ័យដែលមានកត្តារួមផ្សំសំខាន់ៗចំនួន៤ គឺ ១-កត្តាខ្លួនឯង៖ ត្រូវខិតខំសិក្សារៀនសូត្រ និងមានគោលដៅ, ២-កត្តាគ្រួសារ៖ មាតាបិតាផ្តល់ឱកាសសិក្សា និងជំរុញលើកទឹកចិត្តបុត្រធីតា, ៣-កត្តាសាលា៖ មានកម្មវិធីសិក្សាល្អៗ កម្មវិធីសិក្សាបន្ថែមទាំង៩ គ្រូមានសមត្ថភាព បទពិសោធន៍ និងគរុកោសល្យ ព្រមទាំង មាន BELTEI App ជាជំនួយ ស្មារតីក្នុងការសិក្សា និង ៤-កត្តាសង្គម៖ ដោយសារប្រទេសជាតិមានសុខសន្តិភាពពេញលេញ ស្ថិរភាព និងការអភិវឌ្ឍ លើគ្រប់វិស័យ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងមានក្រសួងអប់រំ យុវជន និងកីឡា ជាសេនាធិការ។
ឯកឧត្តមបណ្ឌិត លី ឆេង មានប្រសាសន៍ថា ប្រមុខរាជរដ្ឋាភិបាលបានផ្ដោតការយកចិត្តទុកដាក់កែទម្រង់គុណភាពវិស័យអប់រំនៅកម្ពុជាជាបន្តបន្ទាប់ សំដៅពង្រឹងគុណភាពអប់រំ អ្នកចេះគឺជាប់ដោយពឹងលើសមត្ថភាពខ្លួនឯង ដើម្បីប្រកួតប្រជែងការងារនិងដើរឱ្យទាន់ការវិវត្តន៍រីកចំរើនសាកលភាវូនីយកម្មនៅក្នុងតំបន់និងពិភពលោក។ គោលនយោបាយរបស់រាជរដ្ឋាភិបាលអណត្តិទី៦បានផ្ដោតទៅលើការបណ្ដុះបណ្ដាលធនធានមនុស្សជាពិសេសលើយុវជន។ វិស័យអប់រំនៅកម្ពុជាបច្ចុប្បន្នមានការរីកចំរើនយ៉ាងលឿនជាងសម័យមុនៗមានសាលារៀនល្អៗគ្រប់កម្រិតសិក្សាទាំងគ្រឹះស្ថានអប់រំជាតិនិងឯកជន ស្របនឹងកំណើនសេដ្ឋកិច្ចប្រជាជនមានការងារធ្វើមានជីវភាពធូធារជាអំណោយផលនិងឱកាសល្អធ្វើឱ្យកូនចៅប្រជាពលរដ្ឋក្មួយៗមានភព្វ័សំណាងបានចូលរៀនគ្រប់ៗគ្នានឹងអាចបន្តការសិក្សានៅក្រៅប្រទេសថែមទៀតផងដោយសារប្រទេសជាតិមានសុខសន្តិភាព។
ឯកឧត្តមបណ្ឌិតក៍បានសំណេះសំណាលជាមួយក្មួយៗនិង បានជម្រុញដល់អ្នកគ្រូលោកគ្រូនិងអាណាព្យាបាលបន្តជួយបង្ហាត់បង្រៀននិងនែនាំដល់សិស្សនិងកូនៗបន្តខិតខំរៀនសូត្រកុំទុកពេលឱ្យនៅទំនេរចោលដើម្បីទទួលបានជោគជ័យក្នុងជីវិតសម្រាប់គ្រួសារនិងសង្គមជាតិ។ ឯកឧត្ដមបានលើកឡើងថា មនុស្សយើងរស់នៅក្នុងសង្គមត្រូវមានលក្ខខណ្ឌ៤យ៉ាងសញ្ញាបត្រ សញ្ញាឃើញ ឱកាសនិងវាសនាដើម្បី ក្លាយជាយុវជនទំពាំងស្នងឬស្សីនៃប្រទេសជាតិប្រកបដោយគុណភាពសីលធម៌និងគុណធម៌ជៀសឱ្យឆ្ងាយពីគ្រឿងញៀនបន្តការខិតខំសិក្សាទាំងចំណេះដឹងទូទៅនិងភាសាដើម្បី ចូលរួមអភិវឌ្ឍន៍ប្រទេសជាតិជាមួយរាជរដ្ឋាភិបាលកម្ពុជា។ជាទីបញ្ចប់ ឯកឧត្តមបណ្ឌិត បានប្រគល់លិខិតសរសើរ និងប្រាក់រង្វាន់ជូនដល់សិស្សនិទ្ទេស A ទាំង ៩៩រូប ព្រមទាំងនាយកសាខា និងលោកគ្រូ-អ្នកគ្រូ ថ្នាក់ទី១២ ដែលមានស្នាដៃបង្រៀនសិស្សទទួលបាននិទ្ទេស A ចំនួន ១៦៩រូប នាពេលនោះផងដែរ។
ពិធីនេះ ធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត លី ឆេង ស្ថាបនិក និងជា អគ្គនាយក ប៊ែលធី គ្រុបព្រឹកថ្ងៃទី២ វិច្ឆិកា នៅ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិទី២សាខាស្ពានអាកាសចោមចៅ៕



























