យុវជនបង្ហាញមោទនភាព និងគាំទ្រក្នុងនាមកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ខាងមុខ
ភ្នំពេញ៖ស្របពេលដែលកម្ពុជាក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ និងធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ផ្ដើមពីថ្ងៃទី ៨ ដល់ថ្ងៃទី១៣ ខែវិច្ឆិកាឆ្នាំ២០២២ខាងមុខ នៅរាជធានីភ្នំពេញនោះ យុវជន និងពលរដ្ឋកម្ពុជាមួយចំនួន ចាត់ទុកការទទួលបានសិទ្ធិនេះ ជាមោទនភាពរបស់ព្រះរាជាណាចក្រកម្ពុជា និងពលរដ្ឋកម្ពុជាគ្រប់រូបគួរតែចូលរួមអបអរសាទរផងដែរ។
គួរបញ្ជាក់ថា កម្ពុជាបានក្លាយជាសមាជិកអាស៊ាន កាលពីខែមេសា ឆ្នាំ១៩៩៩ ហើយបានធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ាន កាលពីឆ្នាំ២០០២ និង ២០១២ ហើយសម្រាប់ឆ្នាំ២០២២នេះ កម្ពុជានឹងរៀបចំកិច្ចប្រជុំដ៏ធំនេះដែរ ក្រោមប្រធានបទ «ASEAN A.C.T ដោះស្រាយបញ្ហាប្រឈមរួមគ្នា»។
ទាក់ទិនទៅនឹងកម្ពុជាធ្វើជាប្រធានអាស៊ាន ឆ្នាំ២០២២ និងធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ានដែរយុវនារី ហេងកញ្ញា ជានិស្សិត សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចបានឱ្យដឹងថា នេះជាមោទនភាពមួយរបស់កម្ពុជា ហើយក្នុងនាមជាយុវជនមួយរូបកញ្ញាបង្ហាញការគាំទ្រយ៉ាងពេញទំហឹង។
យុវជននិស្សិតរូបនេះបានលើកឡើងផងដែរថា ការដែលកម្ពុជាបានក្លាយជាម្ចាស់ផ្ទះ និង រៀបចំកិច្ចប្រជុំកំពូលអាស៊ាននេះក៏បានបង្ហាញពីភាពរីកចម្រើន និងក៏ជាប្រទេសស្មើមុខមាត់នឹងប្រទេសដទៃទៀតក្នុងប្រជាជាតិអាស៊ីអាគ្នេយ៍នេះផងដែរ។
បង្ហាញពីទស្សនៈជុំវិញការបានទទួលសិទ្ធធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ាននេះ យុវនិស្សិត ម៉ៅ សុគន្ធ កំពុងសិក្សាប្រចាំសាកលវិទ្យាល័យជាតិគ្រប់គ្រងបានឱ្យដឹងថា៖លោកពិតជារីករាយ ហើយសង្ឃឹមជឿជាក់ថា កម្ពុជានឹងទទួលបានផលប្រយោជន៍ច្រើនតាមរយៈកិច្ចប្រជុំនេះ ពិសេសទៅលើបញ្ហាវិស័យ នយោបាយ សេដ្ឋកិច្ច ទេសចរណ៍ វិស័យអប់រំ និងវិស័យជាច្រើនទៀតដែលទាំងនេះសុទ្ធសឹងនាំមកវិញនូវផលប្រយោជន៍ដល់ប្រទេសជាតិទាំងរយៈពេលខ្លី និងវែង ។
ជាមួយគ្នានេះ យុវជន ឡុង បុរី ក៏ជានិស្សិតមួយរូបទៀតបានបង្ហាញក្តីមោទនភាពខណៈពេលដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ាននៅថ្ងៃខាងមុខនេះថា វាជាការល្អមួយដែលធ្វើឱ្យប្រទេសជិតខាង ក៏ដូចជាបណ្តាប្រទេសដទៃទៀតបានកាន់ស្គាល់ពីភាពរីកចម្រើនរបស់កម្ពុជាពិសេសជាងនេះគឺអាចនឹងស្គាល់លើវិស័យទេសចរណ៍កម្ពុជា ហើយនឹងនាំមកនូវប្រាក់ចំណូលជូនដល់ពលរដ្ឋកម្ពុជាទាំងនៅទីក្រុង ជនបទនិងសហគមន៍។
ខណៈពេលកំពុងចេញពីសាកលវិទ្យាល័យជាតិគ្រប់គ្រង យុវនារី ដែលជានិស្សិតឆ្នាំទី៣ជំនាញផ្នែកទេសចរណ៍ប្រចាំសាកលវិទ្យាល័យមួយកន្លែងនេះបានរៀបរាប់ប្រាប់ថា”ខ្ញុំពិតជាសប្បាយចិត្តមែនទែនដែលថ្នាក់ដឹកនាំប្រទេសធំៗបានមកកាន់ប្រទេសកម្ពុជា ហើយគេបានស្គាល់អ្វីដែលជាភាពរីកចម្រើន និងស្គាល់វប្បធម៌កម្ពុជា ។ ក្រៅពីនេះក៏ជាផ្នែកមួយលើកតម្កើងវិស័យទេសចរណ៍តាមរយៈការបានស្គាល់កម្ពុជានេះតែម្តង”។
កញ្ញាចិន្តា ក៏ជានិស្សិតប្រចាំសាកលវិទ្យាល័យជាតិគ្រប់គ្រងនេះដែរបានលើកឡើងជុំវិញបញ្ហានេះថា វាពិតជាផ្តល់ឱកាសយ៉ាងពិសេសឱ្យបណ្តាប្រទេសធំៗបានមកកាន់កម្ពុជា ហើយគេបានស្គាល់កម្ពុជាយើងកាន់តែច្បាស់ពិសេសជាងនេះគឺ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ក៏នឹងធ្វើដំណើរមកកាន់កម្ពុជាតែម្តង។ទាំងនេះបង្ហាញថាវាពិតជាពិសេសណាស់លើកទឹកដីដ៏ផូរផង់របស់កម្ពុជាដែលទទួលឥស្សរៈជនកំពូលៗ ដែលប្រទេសទាំងនេះហើយគេនឹងនាំមកនូវផលប្រយោជន៍ដល់កម្ពុជាយើង នៅថ្ងៃខាងមុខទៀតនេះ។
គួរបញ្ជាក់ថាបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានបញ្ជាក់ឱ្យដឹងថា ព្រឹត្តិការណ៍ថ្នាក់កំពូលដែលនឹងប្រព្រឹត្តទៅក្នុងរយៈពេល ៤ថ្ងៃខាងមុខនេះ រួមមាន៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៥ កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៥ កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២៣ កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២៥ កិច្ចប្រជុំកំពូលរំលឹកខួប៣០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ឥណ្ឌា កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី១០ កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី លើកទី២ កិច្ចប្រជុំកំពូលរំព្ញកខួបនៃទំនាក់ទំនងអាស៊ាន-កាណាដា កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ និងកិច្ចប្រជុំកំពូលអាស៉ីបូព៌ា លើកទី១៧ ៕ ដោយ ៖ ម៉ាដេប៉ូ

